មនុស្ស​១២នាក់​ស្លាប់​៦នាក់​របួស​ក្នុងការ​បាញ់​ប្រហារ​នៅ​អគារ​រដ្ឋ​ Virginia ​

រថយន្ត​សង្រ្គោះ​បន្ទាន់​ជាច្រើន​នៅ​កន្លែង​ចតឡាន​របស់សាលា Princess Anne នៅ​ទីក្រុង Virginia Beach រដ្ឋ Virginia កាលពី​ថ្ងៃសុក្រ​ ទី​៣១ ឧសភា ឆ្នាំ២០១៩។

ប៉ូលិស​នៅ​ក្នុង​រដ្ឋ Virginia ​សហ​រដ្ឋអាមេរិក​ បាន​និយាយ​ថា​ បុគ្គលិក​ផ្នែកសេវា​សាធារណៈ​ដែល​មាន​កំហឹង​ម្នាក់បាន​សម្លាប់​មនុស្ស ​១២ ​នាក់នៅ​ក្នុង​អគារ​សាលា​ក្រុង​មួយ​នៅ​ទីក្រុង Virginia Beach មុន​ពេល​ជន​នោះ​ត្រូវ​ប៉ូលិសបាញ់សម្លាប់។

លោក​ James Cervera ស្នងការ​ប៉ូលិស​ទីក្រុង​នេះ​ បាននិយាយ​ថា ​ជន​ល្មើស​បាន«បាញ់​ប្រហារ​មិន​រើសមុខភ្លាមៗ​សំដៅ​លើជន​រង​គ្រោះ​ទាំងអស់»​ បន្ទាប់ពី​បុរសម្នាក់នោះ​បាន​ចូល​ក្នុង​អគារ​សាលាក្រុង ​នៅ​ម៉ោង៤​រសៀល​ ថ្ងៃសុក្រ។​ លោក​ James ​បាន​និយាយ​ថា ​មនុស្ស​៦​នាក់ទៀត​បាន​រងរបួស​នៅក្នុង​ការ​បាញ់​ប្រហារ​នេះ។ ​

លោក​ James ​បាន​និយាយ​ថា ខ្មាន់​កាំភ្លើង​គឺជាបុគ្គលិក​ផ្នែក​សេវាកម្ម​សាធារណៈ​របស់​ទីក្រុង​នេះ​ជា​យូរមកហើយ ហើយ​មាន​កំហឹង ប៉ុន្តែលោក​ស្នងការ​មិន​បាន​និយាយលម្អិត​អំពី​មូលហេតុ​ដែល​នាំឱ្យមាន​ការ​វាយ​ប្រហារ​នោះ​ទេ។​

លោក​ស្នងការ​បាន​និយាយ​ថា ​លោក​ស្គាល់​ឈ្មោះ​ជន​សង្ស័យ​ ប៉ុន្តែ​មិនទាន់និយាយ​បាន​ទេ។ ​លោក​បាន​និយាយ​ថា​៖ «យើង​នឹង​និយាយ​ឈ្មោះ​របស់បុរសម្នាក់នោះម្តង​ ហើយ​យើង​នឹង​ហៅ​បុរសនោះថា ​ជា​ជនសង្ស័យ ​ពីព្រោះ​អាទិភាព​របស់​យើង​ឥឡូវ​នេះ​គឺសេចក្តី​ថ្លៃថ្នូរ​និង​ការ​គោរព​ចំពោះ​ជនរង​គ្រោះ​និង​គ្រួសារ​របស់​ពួក​គេ»។​

សាក្សីបាន​និយាយថា ​ការបាញ់​ប្រហារ​នេះបាន​កើត​ឡើង​នៅ​អគារ​ជាន់ទី២ ​នៃ​សាលា​ក្រុង​នៅទីក្រុង​ Virginia Beach ​ដែល​ជា​ទីស្នាក់​ការ​ និង​ការិយាល័យរដ្ឋ។ ​លោក ​James ​បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​រង​របួស៕