មនុស្ស​១៧​នាក់​ត្រូវ​​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​តំបន់​​ទិញ​​ឥវ៉ាន់​នៅ​​អ៊ុយក្រែន​ភាគ​ខាង​កើត

រថយន្តត្រូវបានបំផ្លិចបំផ្លាញនៅទីតាំងផ្សារដែលរងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅក្រុង Kostyantynivka ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣។

ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​តិច​ ១៧ នាក់​ត្រូវ​បាន​សម្លាប់​និងរាប់​សិប​នាក់​ទៀត​បាន​របួស​នៅ​ក្នុង​ការ​វាយប្រហារមួយ​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃពុធលើ​ផ្សារមួយ​នៅ​កណ្តាល​ក្រុង Kostiantynivka នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បានថ្កោលទោសការ​វាយ​ប្រហារ​នេះ ដោយនិយាយ​ថា ផ្សារ​មួយ​ ហាង​លក់​ទំនិញ​ និង​ឱសថស្ថាន​មួយ​បាន​រងគ្រោះ​នៅ​ក្នុង​ក្រុង​ឧស្សាហកម្ម​នេះ​ ស្ថិត​នៅ​ជិត​ខ្សែ​បន្ទាត់​ជួរ​មុខ​នៃ​សមរភូមិ​ ប្រមាណ​ ៣០គ.ម. ពី​ក្រុង Bakhmut ដែល​នៅ​ទីនោះមាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងច្រើន​ខែ​មក​ហើយ។

លោក Zelenskyy បានមានប្រសាសន៍ក្នុង​សន្និសីទ​កាសែតមួយ​នៅ​ក្រុង​កៀវ​ថា៖ «ក្រុមជន​ដែល​ស្គាល់​កន្លែង​នោះដឹង​ច្បាស់លាស់​ថា ​វាជា​កន្លែងស៊ីវិល​មួយ។ គ្មាន​កង​ឯកភាពយោធានៅ​ជិត​ទី​នោះ​ទេ‍»។

វីដេអូបង្ហាញ​តាម​បណ្តាញ​សង្គម Telegram​ បង្ហាញឱ្យ​ឃើញ​ពី​ការ​ផ្ទុះ​ខ្លាំងមួយតាម​ផ្លូវ​ច្រក​ចន្លោះ​ហាង​លក់​ទំនិញ ហើយមាន​មនុស្សដួល​នៅ​នឹង​ដី​ ហើយ​មនុស្ស​ខ្លះ​ទៀត​រត់រក​ទីជម្រក។ បណ្តាញ​ព័ត៌មានក្នុង​ស្រុក​ ពណ៌នាការ​ផ្ទុះ​នោះ​ថា ​ជា​ការ​វាយប្រហារ​ដោយ​មីស៊ីល។

នៅ​កន្លែង​ឯទៀត​វិញ ក្រុមមន្ត្រីអ៊ុយក្រែនបាន​និយាយ​ថា ការ​វាយប្រហារមួយ​ដោយ​ដ្រូន​រុស្ស៊ី​លើ​តំបន់​កំពង់ផែ​មួយ​ក្នុង​តំបន់ Odesa បាន​សម្លាប់​មនុស្ស​ម្នាក់។​

រុស្ស៊ី​ក៏​បានវាយប្រហារដោយ​មីស៊ីលលើ​រដ្ឋធានី​កៀវដែរ​ កាល​ពី​ព្រឹក​ថ្ងៃពុធ។ តែលោក Serhiy Popko ប្រធាន​រដ្ឋបាល​យោធារបស់​ក្រុង​នេះ​ បាន​និយាយតាម Telegram ថា កង​ការពារ​ដែន​អាកាស​បាន​បាញ់​ទម្លាក់​មីស៊ីល​ទាំង​នោះ ហើយ​ថា​ គ្មានរបាយការណ៍អំពី​ការ​ខូចខាត​ឬ​មនុស្ស​ស្លាប់​ទេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ថ្លែង​ថា ​កង​ការពារ​ដែនអាកាស​ខ្លួន​បាន​បំផ្លាញ​ដ្រូន​អ៊ុយក្រែនមួយ​កាលពី​យប់​ថ្ងៃ​អង្គារ​ លើ​តំបន់ Bryansk​ នៅ​ជាប់​ព្រំដែនអ៊ុយក្រែន។ អភិបាល​តំបន់ Bryansk បាន​និយាយថា​ គ្មានរបាយការណ៍​អំពី​មនុស្ស​ស្លាប់​ទេ៕