មនុស្ស​១២​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​ទូទាំង​អ៊ុយក្រែន

ក្រុម​​ពន្លត់​អគ្គិភ័យ​សែង​សព​មួយ​ចេញ​ពី​គំនរ​អគារ​​លំនៅដ្ឋាន​ដែល​រង​ការ​វាយប្រហារ​ពី​រុស្ស៊ី នៅ​ក្នុង​ទី​ក្រុង Uman ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៣។

រុស្សី​បាន​បាញ់​មីស៊ីល​ជាង​ ២០ ​គ្រាប់ ​និង​ដ្រូន​ចំនួន​ ២ ​គ្រឿង​ដាក់​ប្រទេស​អ៊ុយក្រែន​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ១២​ នាក់​ ដែល​ភាគច្រើន​នៃ​ជនរងគ្រោះ​គឺ​ដោយសារ​មីស៊ីល​ពីរ​បាន​វាយប្រហារ​ទៅលើ​អគារ​ផ្ទះល្វែង​មួយ​នៅ​កណ្តាល​ប្រទេស។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP ​ដោយ​បាន​ដកស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ុយក្រែន។​

ការ​វាយ​ប្រហារ​នេះ​រាប់​ទាំង​ការ​វាយ​ប្រហារ​ជា​លើក​ទី​មួយ​ប្រឆាំង​នឹង​ទីក្រុង​ Kyiv​ ដែល​ជា​រដ្ឋធានី​របស់​អ៊ុយក្រែន ​បន្ទាប់​ពី​អាក់ខាន​ជិត​ពីរ​ខែ​ បើ​ទោះបី​ជា​មិន​មាន​របាយការណ៍​ណាមួយ​ថា​បាន​វាយ​ប្រហារ​ចំ​គោលដៅ​ណាមួយ​ក៏ដោយ។ អាជ្ញាធរ​ទីក្រុង​បាន​និយាយ​ថា​ កងកម្លាំង​អាកាស​របស់​អ៊ុយក្រែន​បាន​ស្ទាក់​បំផ្លាញ​មីស៊ីល​សំកាំង​ចំនួន​ ១១ ​គ្រាប់​ និង​ដ្រូន​ ២ ​គ្រឿង​នៅ​លើ​ទីក្រុង​ Kyiv ។

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ សភា​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​អនុម័តសេចក្តី​សម្រេចចិត្ត​មួយ​ ដោយ​ទទួល​ស្គាល់​ថា ការ​បញ្ជូន​ចេញ​កុមារ​អ៊ុយក្រែន​ដោយ​កងកម្លាំង​រុស្ស៊ី​ គឺ​ជា​ភស្តុតាង​នៃ​អំពើ​ប្រល័យ​ពូជសាសន៍។​ ​

ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​ថា៖​ «ការសម្រេច​ចិត្ត​នេះ​ នឹង​ជួយឱ្យ​មាន​កិច្ច​ប្រឹង​ប្រែង​ជាសាកល​ដ៏​សំខាន់ ​ដើម្បី​នាំ​រុស្ស៊ី​និង​មន្ត្រី​រុស្ស៊ី​នានា​ ដែល​រួម​មាន​មេដឹកនាំ​របស់​រដ្ឋ​ភេរវកម្ម​នេះ​ផង​ ទៅ​កាត់ទោសពី​បទ​ប្រល័យ​ពូជសាសន៍​និង​នយោបាយ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​អ៊ុយក្រែន»។ ​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​ ​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក​ Denys Shmyhal និយាយ​ថា​ លោក​បាន​ស្នើ​សុំ​ដល់​សម្តេច​ប៉ាប ​Francis នៅ​ក្នុង​ឱកាស​ចូល​គាល់​ព្រះអង្គ​ជា​លក្ខណៈ​ឯកជន​មួយ​ ដើម្បី​ឱ្យ​ព្រះអង្គ​ជួយឱ្យ​មាន​ការ​បញ្ជូន​ក្រុមកុមារ​អ៊ុយក្រែន ត្រឡប់​មក​កាន់​ប្រទេស​អ៊ុយក្រែន​វិញ​ ​ដែល​ត្រូវ​បាន​គេ​បង្ខាំង​ ចាប់​ខ្លួន​ និង​បញ្ជូន​ចេញ​ពី​អ៊ុយក្រែន​ដោយ​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​រុស្ស៊ី។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC បានចេញ​ដីកា​ចាប់ខ្លួនប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ស្នងការសិទិ្ធ​កុមារ​របស់​រុស្ស៊ី​លោក​ស្រី Maria Lvova-Belova ​ចំពោះ​ការ​ពាក់​ព័ន្ធ​របស់​ពួកគេ​ ​ក្នុង​ការ​បញ្ជូន​កុមារ​អ៊ុយក្រែន​ចេញ​ពី​តំបន់​ដែល​រុស្ស៊ី​គ្រប់គ្រង​កាន់កាប់ក្នុង​អ៊ុយក្រែន​ ទៅ​កាន់រុស្ស៊ី៕