មនុស្ស​៣៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី​លើ​កោះ Lombok ឥណ្ឌូណេស៊ី

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយដី​សម្រាក​នៅ​ក្នុង​ជម្រក​បណ្តោះ​អាសន្ន​មួយ​នៅ​លើ​កោះ Lombok ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៣៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ ដែល​បាន​កើតឡើង​នៅ​លើ​កោះ Lombok ក្បែរ​កោះ​ បាលី នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ព្រមាន​ថា​អាច​នឹង​មាន​គ្រោះ​ tsunami តូច​មួយ និង​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ​និង​ភ្ញៀវ​ទេសចរ​រត់​ចេញ​ទៅតាម​ដង​ផ្លូវ។

គ្រោះ​រញ្ជួយ​ដី​នោះ​កើតឡើង​ក្នុង​កម្រិត​៧,០ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​វាស់​ស្ទង់​ភូមិសាស្ត្រ​អាមេរិក និង​បាន​កើតឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ជម្រៅ​១០,៥​គីឡូម៉ែត្រ​នៅ​ប៉ែក​ខាង​ជើង​កោះ Lombok។

ក្រុម​មន្ត្រី​មិន​ទាន់​បាន​ប៉ាន់ស្មាន​ពី​តួលេខ​អ្នក​រង​របួស​នៅ​ឡើយ​ទេ ហើយ​គេ​រំពឹង​ថា តួលេខ​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើង​ត​ទៅ​ទៀត។

តំបន់​មួយ​ចំនួន​នៃ​ទីក្រុង​នោះ​បាន​ដាច់​អគ្គិសនី ហើយ​អ្នក​ជំងឺ​ត្រូវ​បាន​ជម្លៀស​ពី​មន្ទីរ​ពេទ្យ​ធំ។ នេះ​បើ​យោង​តាម​សម្តី​របស់​ក្រុម​មន្ត្រី។

អ្នកស្រី Mutya Aryani អ្នក​រស់នៅ​តំបន់ Sumbawa ដែល​ស្ថិត​នៅ​ក្បែរ​នោះ បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា «មនុស្ស​ភាគច្រើន​កំពុង​ស្ថិត​នៅ​ក្នុង​វិហារ​ នៅ​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​នោះ​បាន​កើតឡើង។ មនុស្ស​មួយ​ចំនួន​រត់ចេញ​ទៅ​តាម​ដង​ផ្លូវ និង​ទៅ​តាម​វាលស្រែ​នៅ​ខា​ង​ក្រៅ​វិហារ​នោះ។ យើង​នៅ​តក់ស្លុត​នឹង​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ឡើយ ដែល​ជា​គ្រោះ​រញ្ជួយ​ដី​មួយ​ធំ​គួរ​សម​ដែរ»។ ​

កាល​ពី​សប្តាហ៍​មនុស្ស មនុស្ស​១៦​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,៤ បាន​កើតឡើង​នៅ​លើ​កោះ Lombok នេះ។

ដូច​កោះ​បាលី​ដែរ កោះ Lombok នេះ​ល្បីល្បាញ​ថា​មាន​ឆ្នេរ​និង​ភ្នំស្រស់​ស្អាត៕