ក្មេង​ស្រីសិស្ស​សាលា​២៧៩​នាក់​ដែល​ត្រូវ​​ចាប់​ជំរិត​នៅ​នីហ្សេរីយ៉ា​ ត្រូវ​បាន​ដោះ​លែង​និង​បានជួប​ជុំ​ក្រុម​គ្រួសារ

មន្ត្រីនីហ្សេរីយ៉ាម្នាក់កៀកស្មាក្មេងស្រីសិស្សសាលាដែលត្រូវបានចាប់ជំរិត និងដែលត្រូវបានដោះលែង នៅរដ្ឋ Zamfara ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

មន្ត្រីក្នុង​រដ្ឋ Zamfara នៃ​ប្រទេស​នីហ្សេរីយ៉ា​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​សិស្ស​សាលា​ចំនួន​ ២៧៩​ នាក់​ដែល​ត្រូវបាន​ដោះលែង​ដោយ​ក្រុម​ចាប់​ជំរិត​នោះ​ បាន​មក​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ​ហើយ​ បន្ទាប់​ពី​ទទួល​ការ​ពិនិត្យ​សុខភាពរួចមក។

លោក Yakubu Sani ​ដែល​ជា​ឪពុក​របស់​កុមារី​ម្នាក់ ​ថ្លែង​បញ្ជាក់​ថា ​លោក​រំភើប​ដូច​ទើប​បាន​កើត​ម្តង​ទៀតអីចឹង នៅ​ពេល​ដែល​បាន​ឮ​សម្តី​កូន​តាម​ទូរស័ព្ទ​ ដែល​ទើបត្រូវ​បាន​គេ​ដោះ​លែង​នោះ។

អធិការ​ប៉ូលិសរដ្ឋលោក Abutu Yaro បាន​បញ្ជាក់​ពី​ស្ថានភាព​របស់​ក្មេង​ស្រី​ទាំង​នោះ នៅ​ថ្ងៃអង្គារ​មិ្សលមិញ​ថា​ ពួក​គេ​មាន​សេច​ក្តី​សប្បាយ​រីករាយ​និង​មាន​សុខភាព​ល្អ​ជា​ធម្មតា​ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ទទួលការ​ពិនិត្យ​សុខភាព​ និង​ដឹកពី​ការិយាល័យ​រដ្ឋភិបាលក្នុង​រដ្ឋ Gusau ដើម្បី​ទៅ​ជួប​ជុំ​គ្រួ​សារ​ពួក​គេ​វិញ​នោះ។

លោក​ថា ​ដំណើរ​ការចរ​ចារ​សន្តិភាពដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​នោះ​បាន​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​ក្មេង​ស្រី​សិស្ស​សាលា​ទាំង​នេះ។​

លោក​ថា​ រឿង​រ៉ាវ​លម្អិត​ថែម​ទៀត​ជុំវិញ​រឿង​នេះ នឹង​ត្រូវ​ផ្តល់​ឲ្យ​នៅ​ពេល​ក្រោយ។ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​ការ​ដោះ​លែង​ក្មេង​ស្រីសិស្ស​សាលាទាំង​នោះ​ មាន​ការ​ដោះ​ដូរ​ជា​មួយ​នឹង​ប្រាក់​លោះ​ដែល​ក្រុម​ចាប់​ជំរិត​ទាម​ទារ​ដែរ​ ឬ​យ៉ាងណា​នោះ។​

ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក Muhammadu Buhari បាន​បង្ហោះ​សារ​លើ​បណ្តាញ Twitter ថា​លោកសប្បាយ​រីក​រាយ ដែល​បញ្ហា​នេះបានដោះ​ស្រាយដោយ​សន្តិវិធី​នោះ​។​

លោកក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​មន្ត្រី​យោធា​និង​ប៉ូលិស​ នឹង​បន្តរុក​រក​ក្រុម​អ្នក​ចាប់​ជំរិត​ ហើយ​លោក​បាន​អំពាវ​នាវ​ដល់​សាធារណ​ជន​ឲ្យ​ផ្តល់​ព័ត៌មាន តាមដែលអាចធ្វើ​បាន ដើម្បី​ជួយដល់​អាជ្ញា​ធរ​ក្នុង​ការ​បញ្ចប់​នូវសកម្មភាពឧក្រិដ្ឋនេះ។

ប្រទេស​នីហ្សេរីយ៉ាត្រូវ​បាន​គេឃើញ​មាន​ការ​ចាប់​ពង្រត់ដោយ​ក្រុម​ប្រដាប់​អាវុធ​ក្នុង​ទ្រង់​ទ្រាយ​ធំ ​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ចុង​ក្រោយ​នេះ​ ដោយ​ក្រុម​អ្នក​ចាប់​ជំរិត​ជា​រឿយ​ៗ​បាន​ទាម​ទារ​រក​ប្រាក់​លោះ៕