សកម្មជន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋ​មន្ត្រី​ខ្មែរ​បួន​រូប​នៅ​អាល្លឺម៉ង់

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អាល្លឺម៉ង់ ធ្វើ​បាតុកម្ម​​ប្រឆាំង​​នឹង​ដំណើរ​ទស្ស​នកិច្ច​របស់​រដ្ឋ​មន្ត្រី​កម្ពុជា​ចំនួន​បួន​រូប​នៅ​ទីក្រុង​ប៊ែឡាំង នៃ​ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩។ (Facebook/Netzwerk für Demokratie in Kambodscha)

រដ្ឋ​មន្ត្រី​ទាំង​បួន​រូប​ដែល​រួម​មាន​លោក ​ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល លោក​សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិដ្ឋាន​និង​លោក​ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់​រំ យុវជន និង​កីឡា។

សកម្មជន​មួយ​ក្រុម​នៃ​បណ្តាញ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាបានធ្វើ​បាតុកម្ម​នៅ​ថ្ងៃពុធ​នេះ​នៅ​ទីក្រុង​ប៊ែឡាំង ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ប្រឆាំងនឹង​ដំណើរ​ទស្ស​នកិច្ច​របស់​រដ្ឋ​មន្ត្រី​កម្ពុជា​ចំនួន​បួន​រូប។

រដ្ឋ​មន្ត្រី​ទាំង​បួន​រូប​ដែល​រួម​មាន​លោក ​ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល លោក​សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិដ្ឋាន​និង​លោក​ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់​រំ យុវជន និង​កីឡា។

មន្ត្រី​រដ្ឋា​ភិបាល​ទាំង​បួន​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​មួយ​សប្តាហ៍​នៅ​ប្រទេស​អាល្លឺម៉ង់​ចាប់​ពីថ្ងៃទី ២៥​ខែកញ្ញានេះ ដើម្បី​សិក្សា​អំពី​ការ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ​និង​ដើម្បី​ពង្រឹង​កិច្ច​សហការ​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ។

ក្រុម​សកម្មជន​នឹង​ត្រូវ​ធ្វើ​ការ​តវ៉ា​រយៈ​ពេល​ពីរថ្ងៃ ​គឺ​នៅថ្ងៃនេះ​និង​នៅថ្ងៃព្រហស្បតិ៍​ស្អែក​ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​អំពីបញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់បណ្តាញ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​នៅ​ក្នុង​ទីក្រុង​ប៊ែឡាំង ​ដែល​ VOA ​ទទួល​បាន​នៅថ្ងៃនេះ ​សរសេរ​ថាលទ្ធិ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​នៅ​កម្ពុជា ​«កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង» ​ហើយសេចក្តី​ប្រកាស​ព័ត៌មាន​ដដែលទទូចឲ្យ​រដ្ឋា​ភិបាលអាល្លឺម៉ង់យក​ពី​បញ្ហាទាំង​នេះ​មក​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​អំឡុង​ពេល​ជួបប្រជុំ​ជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​កម្ពុជា។

ប្រទេស​កម្ពុជា​ត្រូវ​បាន​ស្តី​បន្ទោស​ដោយ​សហគម​ន៍អន្តរជាតិ​ចំពោះ​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ផ្នែកគោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏មាន​សក្តា​នុពល​គឺ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧​និង​ការ​រឹតត្បិត​លើ​សកម្ម​ជន​នយោបាយ​និង​សកម្មជន​សិទ្ធិ​មនុស្ស​។​

អ្នក​ស្រី ​ទឹង គិមឡាន ​សមាជិកម្នាក់​ក្នុង​បណ្តាញ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា នៅ​ទីក្រុង​ប៊ែឡាំង ​បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ពុធ​នេះថា ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​អាល្លឺម៉ង់​មិនពេញ​ចិត្ត​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយបាតុកម្ម​នេះ​គឺ​ដើម្បី​បង្កើនការ​ចាប់​អារម្មណ៍​របស់​អាល្លឺម៉ង់​មក​លើ​កម្ពុជា​ និង​បញ្ហា​ដែល​កំពុង​កើត​មាន ដោយសារ​តែ​ការ​យក​ចិត្ត​ទុកដាក់ពី​ប្រទេស​នេះ​នៅមាន​តិច​តួច។

«និយាយ​ឲ្យ​ខ្លី​ទៅ​គឺយើង​ចង់​ឲ្យ​ពួកគាត់​ចាប់​អារម្មណ៍​មក​លើ​ប្រទេស​ខ្មែរ​យើង​វិញ ហើយ​ជាពិសេស​ឲ្យ​យល់​ថា​បញ្ហា​នៅស្រុក​ខ្មែរ ជាពិសេស​ការ​គោរព​សិទ្ធ​មនុស្ស​អី​ហ្នឹង​គឺ​វា​ធ្លាក់​ចុះ​មែន​ទែន ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​គាត់​ត្រូវ​តែ​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ខ្មែរ​ងាក​មក​រក​វិញ​ធ្វើ​ឲ្យ​វា​ប្រសើរ​ឡើង​វិញ»។

អ្នក​ស្រី​អះអាងថា​ពល​រដ្ឋ​ខ្មែរ​រាប់​សិប​នាក់នឹង​ធ្វើ​ការ​តវ៉ា​នៅ​ពីមុខ​ក្រសួង​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សហព័ន្ធ(BMZ) និង​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ក្នុង​ទីក្រុង​ប៊ែឡាំង ជា​ទី​ដែល​រដ្ឋ​មន្ត្រី​ខ្មែរ​មក​ពី​ក្រសួង​ទាំង​បួននឹង​ចូល​ពិភាក្សា​ជាមួយ​ភាគី​អាល្លឺម៉ង់ ក្នុង​រយៈ​ពេល​ពីរថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ។​

ទោះយ៉ាងណា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន នៅ​ល្ងាច​ថ្ងៃពុធ​នេះ​យល់​ថា​បាតុកម្ម​នេះ​នឹង​មិនប៉ះពាល់​អ្វី​ដល់​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​លោក ស ខេង ​នោះទេ។

«នោះគឺ​សិទ្ធិ​នៃ​ការ​បញ្ចេញ​យោបល់​មិនមាន​ជា​ឧបសគ្គ​អ្វី​ក្នុង​ការ​ធ្វើទស្សនកិច្ចរបស់​សម្តេច​ក្រឡាហោម ស ខេង​នោះទេ​»។

ជាមួយ​គ្នា​នេះ អ្នក​ស្រី​ទឹង គិមឡាន ​សមាជិក​ម្នាក់​ក្នុង​បណ្តាញ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​ធ្វើ​បាតុកម្ម​ទទួល​ស្គាល់​ថា​ប្រជាពល​រដ្ឋ​កម្ពុជា​រស់​នៅ​ប្រទេស​អាល្លឺម៉ង់​មាន​ប្រមាណ​ជាង​៩០០ ​នាក់​ប៉ុណ្ណោះ ​ដែល​ជា​ចំនួន​តិ​ចតួច​នៅ​ឡើយ​។ ​ប៉ុន្តែ​សកម្មជន​រូប​នេះ​ជឿថា​ការតវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​នឹង​ផ្តល់​ជា​គំនិតសម្រាប់​ឲ្យ​រដ្ឋា​ភិបាល​ទីក្រុង​ប៊ែ​ឡាំង​ពិចារណា​បន្ថែម​ទៀត៕