សកម្មជន​ខ្មែរ​ថាវរៈ​ដែល​តវ៉ា​ឲ្យ​ដោះលែង​លោក ​រ៉ុង ឈុន សុំ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​ឯករាជ្យ

រូបឯកសារ៖ លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

តុលាការ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​អង្គារ​ ​បាន​បញ្ចប់​សវនាការ​សួរ​ដេញដោល​ជនជាប់​ចោទ​ចំនួន​១០​រូប​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន​ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​យកមក​ផ្តន្ទាទោស​បន្ទាប់​ពី​លោក​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ពីភាព​មិន​ប្រក្រតី​នៃ​ការ​កំណត់​ខណ្ឌ​សីមា​កម្ពុជា​វៀតណាម នៅ​ខេត្តត្បូងឃ្មុំ។

នៅ​ក្នុងសំណុំ​រឿង​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​នេះ មាន​សកម្មជន​ជា​ជនជាប់​ចោទទាំង​អស់១៥​នាក់​ដែលរួម​មាន ឈួ ផេង​ ជុំ ពុទ្ធី​ គង់ សំអាន​ មាន ព្រហ្មមុនី​ មួង សុភ័ក្ត្រ​កើត សារ៉ាយ​ ថា ឡាវី​ អេង ម៉ាឡៃ​ ឈឿន ដារ៉ាវី ​ហ៊ុន វណ្ណៈ​ និង​អ្នក​នៅ​ក្រៅ​ប្រទេស​រួម​មាន​សេង ម៉េង​ប៊ុនរ៉ុង​ អ៊ូ ច័ន្ទឫទ្ធិ​គង់ សភា​ ហូរ វ៉ាន់ ​និង​លោក​ហុង លីម។

ក្នុង​បន្ទប់​សវនាការ​ដែល​បាន​ធ្វើ​ឡើង​ជាង​៣ម៉ោងនៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជនជាប់​ចោទ​ដែល​ជាសកម្ម​ជន​សំខាន់ៗ​២រូប​នៃ​ក្រុម​យុវជន​ខ្មែរថាវរៈ​គឺ​លោក ​ហ៊ុន វណ្ណៈ​ អាយុ​៣៩ឆ្នាំ និង​កញ្ញា​ឈឿន ដារ៉ាវី​អាយុ​៣១ឆ្នំា​ត្រូវ​អង្គ​សវនាការ​សួរ​ដេញ​ដោល​ពី​សកម្មភាព​របស់​ពួកគេ​ក្នុងការ​បង្កើត​និង​ប្រភព​ថវិកា​ក្រុម​ខ្មែរ​ថាវរៈ​និង​ការ​ចូលរួម​តវ៉ា​ជាមួយប្រជាពលរដ្ឋ​និង​សកម្មជន​ផ្សេង​ទៀត​ដើម្បី​ទាមទារ​ឲ្យដោះ​លែង​លោក​រ៉ុង ឈុន។

រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (AP)

សកម្មជន​ទាំងពីរ​នាក់​ក៏ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សួរ​អំពី​អង្គហេតុ​ផ្សេង​ទៀត​ទាក់ទិន​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​អតីត​តំណាង​រាស្ត្រ​គណ​បក្ស​ជំទាស់​មួយ​ចំនួន​ក្នុងនោះ​មាន​លោក​ហូរ វ៉ាន់ ​លោក​ អ៊ូ ច័ន្ទឫទ្ធិ​និង គង់ សភា​និង​ជនជាប់​ចោទ​ដែល​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​និង​ការ​មក​ដល់នៃ​ព្រះសង្ឃ​ចំនួន​៨អង្គ​ដែល​និមន្ត​ពី​ខេត្ត​បាត់ដំបង​មក​ទីក្រុងភ្នំពេញ​ក្នុង​បំណង​ចូលរួម​ស្វែង​រក​យុត្តិធម៌​ឲ្យ​លោក​រ៉ុង ឈុន​ តែ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ខេត្ត​បាត់ដំបង​វិញ​និង​ការ​បង្កើត​ក្រុម​ឆ្លើយ​ឆ្លង​ចំនួន​ពីរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

ដោយ​ឡែក​កញ្ញា ​ដារ៉ាវី ត្រូវ​ចៅក្រម​ជំនុំជម្រះ​សួរនាំ​អំពី​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ដែល​ត្រូវ​អាជ្ញាធរ​រឹបអូស​ពី​បន្ទប់​ជួល​មួយ​ក្នុង​បូរី​ឈូកវ៉ា២​រួមមាន​ម៉ាស៊ីន​ថតរូប​ឧបករណ៍​ថតសំឡេង​ អំពូល​ LED ​និង​ឧបរកណ៍​បញ្ចាំង​រូបភាព​ដែល​កញ្ញា​ ដារ៉ាវីថា​ប្រើប្រាស់​ក្នុង​ស្ទូឌីយោ និង​ដើម្បី​ដំណើរការ​កម្មវិធីផ្សេង​ទៀត​ដូចជា​ការ​ផ្សាយ​ផ្ទាល់តាម​ហ្វេស​ប៊ុក​ជាដើម។

ទាំង​លោក​ហ៊ុន វណ្ណៈ​ និង​កញ្ញា ឈឿន ដារ៉ាវី​ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះលោក ទិត សុធី​បូរ៉ាឆាត​ចោទ​សួរ​ថា​តើ​ព្រម​ទទួល​យក​ការ​ចោទប្រកាន់ចំពោះ​សកម្មភាព​ដែល​ខ្លួនបាន​ចេញ​តវ៉ា​កន្លង​មកទេ។

ក៏ប៉ុន្តែ​សកម្មជន​ទាំងពីរ​ឆ្លើយ​ថា​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ហើយ​ថា​សកម្មភាព​របស់​ពួកគេធ្វើឡើង​ក្នុងបុព្វហេតុ​សិទ្ធិមនុស្ស​ពោល​គឺការ​រក​យុត្តិធម៌​ជូន​លោក​រ៉ុង ឈុន ដែល​បាន​ធ្វើ​ការ​ជួយ​សង្គ ម​តែ​បែរ​រង​ភាព​អយុត្តិធម៌​ដោយ​ការ​ចាប់ខ្លួន​ពី​សំណាក់អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៅ​វិញ។

រូប​ឯកសារ៖ កញ្ញា ឈឿន​ ដារ៉ាវី​ សមាជិក​យុវជន​ខ្មែរថាវរៈ​ ដែល​ត្រូវបាន​ឃាត់​ខ្លួន​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្រោយ​ការសួរ​ដេញដោល​លោក​ ហ៊ុន វណ្ណៈ ​និង​កញ្ញា​ ឈឿន ​ដារ៉ាវី ​តំណាង​អយ្យការ​លោក​សំម ឬទ្ធីវាសនា​បាន​ស្នើ​ឲ្យ​តុលាការ​រក្សាការ​ចោទ​ប្រកាន់​លើ​ជនជាប់ចោទ​ទាំង​អស់​ដែល​ក្នុងនោះ​មាន​អតីត​ព្រះសង្ឃ​មួយ​អង្គ​គឺ​លោក​ កើត សារ៉ាយ។

ក្នុង​ការ​ស្នើសុំ​ឲ្យ​តុលាការ​រក្សា​បទចោទ​ប្រកាន់​នោះ​តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​លោក​ឈួ ផេង​ និង​ជុំ ពុទ្ធី​ថា បានទទួល​ថវិកា​ពីអតីត​តំណាង​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក ​ហូរ វ៉ាន់​ លោក​អ៊ូ ច័ន្ទ​ឫទ្ធិ​ និង​លោកគង់ សភា​ ដើម្បីប្រមូល​ផ្តុំ​ប្រជា​ពលរដ្ឋឲ្យ​មកតវ៉ា​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន។

លោក​អយ្យការ​បាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​មួយចំនួនទៀត​ថា​បាន​ធ្វើ​សកម្មភាពផ្សាយ​ផ្ទាល់ (live) តាមហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ឲ្យមាន​ចលាចល​និង​ការ​ភាន់​ច្រឡំ​ពាក់​ព័ន្ធនឹងការ​ចាប់ខ្លួន​លោក រ៉ុង ឈុន។

យ៉ាង​ណាក៏ដោយ​ភាគច្រើន​នៃជនជាប់ចោទ​ទាំង​អស់ចំនួន​១០នាក់​ដែលមាន​វត្តមាន​ក្នុង​តុលាការបាន​ប្រកែក​មិន​ទទួលយក​ការ​ចោទ​ប្រកាន់​រៀងៗខ្លួន​និង​មួយ​ចំនួន​ទៀត​ស្នើ​ឲ្យ​តុលាការ​កាត់​ក្តីដោយ​ឯករាជ្យ​និង​ទៅតាម​នីតិវិធី​ត្រឹម​ត្រូវ​មួយ។

រថយន្ត​ដឹក​ជន​ជាប់ចោទ​ក្នុងសំណុំរឿង​លោក រ៉ុង ឈុន និង​អ្នកជាប់ឃុំ​ដទៃ​ទៀត​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៣១ ខែសីហា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)​

លោក​ ហ៊ុន វណ្ណៈ​ ប្រាប់​តុលាការ​ថា៖ «ខ្ញុំសុំ​បដិសេធ។ ខ្ញុំបាទ​មិនដឹងថា​តុលាការ​មានតម្រុយ​អីចោទ​ខ្ញុំបាទ​មាន​បទល្មើស​ញុះញង់»។

លោក​ចៅក្រម ​ទិត សុធី​បូរ៉ាឆាត​ ក៏តប​ថា៖ «នេះ​ហើយ​ទើប​តុលាការ​ធ្វើការ​ជំនុំជម្រះ»។

កញ្ញា​ ឈឿន ដារ៉ាវី​ បាន​លើកឡើង​ក្នុង​ពេល​បញ្ចប់សវនាការ​ថា៖ «បើសិន​ជា​ចង់​យក​ទោស​ដាក់​តែ​ខ្ញុំ​ម្នាក់​ឯង​...ព្រោះ​ខ្ញុំមិន​ដែល​រំពឹង​យុត្តិធម៌​ពីសង្គម​អយុត្តិធម៌​ទេ។ សុំ​ឲ្យ​តុលាការ​ពង្រឹង​ច្បាប់​មាន​ឯករាជ្យ​ព្រោះ​ពេលនេះ​មិន​អាច​ទទួល​បាន​យុត្តិធម៌​ទេ។ ខ្ញុំដឹង​លទ្ធផល»។

កញ្ញា​ អេង ម៉ាឡៃ​ បាន​ត្អូញត្អែរ​អំពី​ស្ថានភាព​លំបាក​នៃ​ការ​រស់នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​លក្ខណៈ​ចង្អៀត​ណែន និង​មាន​ការ​ប្រើប្រាស់​សម្តីគំរាម​កំហែង​ពីមន្ត្រី​ពន្ធនាគារ​។ កញ្ញា​និយាយ​ថា៖ «សុំកុំ​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន»។ កញ្ញា​បន្ថែម​ថា៖ «ខ្ញុំ​សូម​អង្វរ​ឈប់​ធ្វើ​បាប​ខ្ញុំទៅ។ ពួកខ្ញុំ​ជាប់​គុក​ដោយសារ​តុលាការ​ខ្វះឯករាជ្យភាព»។

ចំណែក​លោក ឈួ ផេង និង​លោក ​ជុំ ពុទ្ធី​ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សំណូម​ពរលោក​ចៅក្រម​ទិត សុធី​បូរ៉ាឆាត​ឲ្យ «តុលាការ​អនុវត្តកាត់​រឿង​ក្តីដោយ​យុត្តិធម៌» ​និង​«សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់»។

អតីត​ព្រះសង្ឃ​ កើត សារ៉ាយ បាន​ស្នើសុំ​ឲ្យ​តុលាការ​បន្ត​ឃុំខ្លួន​លោក​តែឯង ជំនួស​ឲ្យ​លោក​កញ្ញា ​ឈឿន ដារ៉ាវី និង​កញ្ញា​ អេង ម៉ាឡៃ​ប្រសិន​បើតុលាការ​សម្រេច​ផ្តន្ទាទោស​និង​តម្រូវ​ឲ្យ​ស្ថិត​ក្នុង​ពន្ធនាគារ។ លោក​ថា​សុំ​ទទួល​យក​ទោស​ពី​សកម្មជនយុវតីពីរ​រូប​នេះ​ដោយ​លើក​ហេតុផល​ថា​យុវតីទាំងពីរ​រូបនោះ​មានបញ្ហា​សុខភាព​និង​ត្រូវ​ការថែទាំ​ឪពុក​ម្តាយ​ដែល​មាន​វ័យ​ជរា។

ក្នុងសម្លៀក​បំពាក់​អ្នកជាប់ឃុំ​លោក​ កើត​ សារ៉ាយ​ និយាយថា៖ «ខ្ញុំ​សំណូមពរ​ស្នើ​លោក​ចៅក្រម​តើខ្ញុំ​អាច​ជាប់​ជំនួស​បានទេ?»។

​ដោយឡែក​លោក​ មាន ព្រហ្មមុនី​ អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​ថ្លែង​អរគុណ​អ្នក​ចូល​រួម​ឃ្លាំ​មើល​សវនាការ​ដែលមាន​មន្ត្រី​ស្ថាន​ទូតមួយ​ចំនួន​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អ្នកសារព័ត៌មាន។ លោក​លើក​ឡើង​ថា៖ «ខ្ញុំថ្លែង​អរគុណ​ច្រើន​ដែល​ចូល​រួម​ស្តាប់​សវនាការ​រឿង​ដែល​អយុត្តិធម៌​នេះ»។

បន្ទាប់ពី​ស្តាប់​សំណូមពរ​របស់​ជនជាប់​ចោទ​ទាំងអស់​នោះ​លោក ទិត សុធី​បូរ៉ាឆាត​ បាន​ប្រកាស​ថាសាលក្រម​សម្រាប់​ជនជាប់​ទាំងអស់​នឹង​ត្រូវប្រកាស​នៅថ្ងៃទី​២៨ ខែកញ្ញា​ខាងមុខ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី​ ចក់​ សុភាព​ ដែល​ចូលរួម​តាមដាន​សវនាការ​នៅថ្ងៃ​អង្គារ​នេះ​បាន​ពិនិត្យ​ឃើញថា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ដែលអាច​យកមក​គាំទ្រ​ការ​ចោទ​ប្រកាន់​លើជន​ជាប់​ទាំងអស់​នោះ​ដែល​អ្នកស្រី​យល់​ថា​បាន​ប្រើប្រាស់​សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​មតិ​និង​ជួបជុំ​ដោយ​សន្តិវិធី។ អ្នកស្រី​បន្ថែម​ថា​ក្នុង​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​សកម្មជន​សិទ្ធិមនុស្ស​និង​នយោបាយ​នេះ​ការសម្រេចក្តី​ដោយ​យុត្តិធម៌របស់​តុលាការ​គឺ​ជា​អ្វីដែល​ពិបាក​ក្នុងការ​ធ្វើ​សេចក្តី​អធិប្បាយ​។

អ្នកស្រី​ ចក់​ សុភាព បញ្ជាក់​ថា៖ «យើង​ឃើញ​ហើយ​ជា​ញឹកញយ​ចំពោះ​ករណី​ឬក៏សំណុំរឿង​ដែល​ពាក់​ព័ន្ធ​នឹង​សកម្មជន​សិទ្ធិមនុស្ស​ឬក៏​សកម្មជន​នយោបាយ​ហ្នឹង​គឺ​ភាគតិច​មែន​ទែន​ឬក៏ស្ទើរ​តែមិនមាន​ដែលពួកគាត់​នឹង​ត្រូវ​ទទួលបាន​នូវ​យុត្តិធម៌​ទទួលបាន​នូវការ​លើក​លែង​ទោស​ហ្នឹង​គឺ​កម្រមែន​ទែន​។ ចឹង​ខ្ញុំ​មិន​...យើង​យើង​មិន​អាច​រំពឹង​ថា​យ៉ាងម៉េច​ទេ​សំខាន់​ថា​តើ​តុលាការ​នឹង​សម្រេច​សាលក្រម​ហ្នឹង​ដោយ​ផ្អែក​ទៅ​លើ​អង្គហេតុ​ និងអង្គច្បាប់​ហ្នឹង​យ៉ាងណា?»។

អ្នកស្រី​ ឆេង សុវណ្ណា អាយុ ៤១ ភរិយា​របស់​លោក ជុំ ពុទ្ធី​ និយាយជាមួយ​អ្នកកាសែត​ក្នុងទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​៣១ ខែសីហា​ ឆ្នាំ​២០២១។​ (ហ៊ុល រស្មី/វីអូអេ)​

នៅ​ក្រៅ​អគារតុលាការ​រាជធានី​ភ្នំពេញ​អ្នកស្រី​ ឆេង សុវណ្ណា​ អាយុ៤១ឆ្នាំ ​ជាភរិយា​លោក​ជុំ ពុទ្ធី​ប្រាប់​អ្នកយក​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក​ថា​តុលាការ​ហាក់​រងសម្ពាធ​ក្នុង​ការ​កាត់​ក្តី​ដូច្នេះ​ អ្នកស្រី​មិនមាន​សង្ឃឹម​ច្រើន​ទេ​ថា​ស្វាមី​នឹង​ទទួលបាន​ការកាត់​សេចក្តី​ដោយ​ឥតលម្អៀង​។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំយល់​ឃើញ​ថា តុលាការ​នៅស្រុក​ខ្មែរនេះ​មើល​ទៅ​គាត់​ដូច​ជា​គ្មាន​ការ​មោះ​មុត​ក្នុងការ​កាត់​ទោស​ខ្លួន​ឯង​ទេ។ ខ្ញុំមើល​ទៅ​ដូច​គាត់​មាន​សម្ពាធ​អ្វីម្យ៉ាង​ដោយ​ថា​ ខ្លាច​ថា​នយោ​បាយ​កាលណា​តែ​ដោះលែង​មក​ខ្លាច​គាត់​បង្កើត​បក្ស​មក​វាមាន​បក្ស​ប្រឆាំង​ចឹង​ខាង​បក្ស​ប្រជាជន​គាត់​តែងតែ​បារម្ភ​គាត់​មិន​ចង់​ឲ្យ​មាន​បក្ស​ប្រឆាំង​កើត​ឡើង។ នេះ​មានន័យ​ថា​គាត់​មិន​ចង់​ឲ្យ​មាន​ពហុបក្ស»។

ក្នុង​សវនាការ​នៅថ្ងៃ​អង្គារនេះ​ក្រុម​មេធាវី​បួនរូប​ដែល​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ទាំងអស់​ដែល​បង្ហាញ​ខ្លួន​ក្នុង​បន្ទប់​តុលាការ​បាន​ពន្យល់​ប្រាប់​អង្គ​សវនាការ​ថា​កូនក្តី​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ពាក់​ព័ន្ធនឹងការ​ញុះញង់​ទេ​ដោយ​ថា​សកម្មភាព​នោះ​កើត​ចេញពី​ឆន្ទៈ​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​ប្រមូលផ្តុំ​សម្តែង​មតិ​ដោយ​សន្តិវិធី​ដែល​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ។

លោក​មេធាវី​ សំ ចំរើន​ ដែល​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំងនោះ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ថា៖ «គាត់​ធ្វើ​ដោយសារ​មិន​សប្បាយ​ចិត្ត​ព្រោះ​ឃើញការ​បំពាន​សិទ្ធិអ្នក​ដទៃ»។ លោក​បន្ថែម​ថា៖ «អា​ឆន្ទៈនេះ​ជាបទ​ល្មើស​ទេ? អត់ទេ»។​

យ៉ាង​ណាក៏ដោយតំណាង​អយ្យការ​លោក ​សំម ឬទ្ធីវាសនា​ បាន​ការពារ​យ៉ាង​ដាច់អហិង្កា​នូវ​វិធានការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​និងមន្ត្រី​តុលាការ​ក្នុងការ​នាំជន​ជាប់​ចោទ​ខាងលើ​យក​មក​កាត់​ទោស​ដោយ​អះអាង​ថាពួកគេ​ពិត​ជាបានធ្វើ​សកម្មភាព​មានធាតុ​ផ្សំបង្ក​ជាបទ​ល្មើស​ញុះញង់​ព្រោះការ​តវ៉ាកន្លង​មក​ធ្វើឡើងដោយ​មានការ​គាំទ្រ​ថវិកា​ពីជនជាប់​ចោទ​មួយចំនួន​ដែលរត់​គេច​ចេញពី​ប្រទេស​កម្ពុជា​ហើយ​សកម្មភាព​តវ៉ា​នោះ​ក៏​ធ្វើ​ឡើងដោយមិនសុំ​ការ​អនុញ្ញាត​ពី​រដ្ឋ​អំណាច​និង​ខុសពី​ទីតាំង​ដែល​ចាត់​ចែង​ដោយ​អាជ្ញាធរ ដូច​ជា​ទីលាន​ប្រជាធិបតេយ្យ​ជាដើម៕​