តុលាការ​ខ្មែរក្រហម​នឹង​ប្រកាស​ទោស​នួន ជា​និង​ខៀវ សំផន​​​នៅ​ខែ​វិច្ឆិកា​​អំពី​រឿង​ប្រល័យ​ពូជសាសន៍

រូប​ឯកសារ៖ ជន​ជាប់​ចោទ ​ខៀវ​ សំផន​ និង​ នួន​ ជា​ ក្នុង​សាល​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)

សវនាការ​សំណុំរឿង ​០០២ ​វគ្គ២​ លើ​សំណុំ​រឿង បន្ថែម​ ០០២ វគ្គ​១ ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​បាន​ជាប់ទោស​មួយ​ជីវិត​ រួច​ជា​ស្រេច​ហើយ​នោះ ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១១ ​ខែ​មករា​ ឆ្នាំ​២០១៧។

សាលាក្តី​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប​ គ្រោង​នឹង​ប្រកាស​សាលក្រម​សម្រេច​ទោស ​ជន​ជាប់​ចោទ​ជា​មេដឹកនាំ​កំពូលៗ​នៃ​របប​ខ្មែរក្រហម​ គឺ​នួន ជា ​និង ​ខៀវ សំផន ទាក់ទង​នឹង​បទ​ចោទ​រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម។ ​សាលាក្តី​បាន​កំណត់​យក​ថ្ងៃ​សុក្រ​ទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ វេលា​ម៉ោង ​៩និង ​៣០នាទី​ព្រឹក​ ដើម្បី​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ ០០២ ​វគ្គ​២​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ពី​ទី​តាំង​ឧក្រិដ្ឋកម្ម​និង​អង្គហេតុ​នៃ​ការ​ចោទ​ប្រកាន់​ នៅ​ការដ្ឋាន​ការងារ ​និង​សហករណ៍​មន្ទីរ​សន្តិសុខ ​និង​ទីតាំង​សម្លាប់​មនុស្ស​នៅ​តាម​ខេត្ត​មួយ​ចំនួន​ អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជនជាតិ​ចាម​ និង​វៀតណាម ​ពុទ្ធសាសនិកជន​ អតីតមន្ត្រី​រដ្ឋការ​របប​សាធារណរដ្ឋ​ខ្មែរ ​និង​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ទូទាំង​ប្រទេស។ ​សវនាការ​សំណុំរឿង ​០០២ ​វគ្គ២​ លើ​សំណុំ​រឿង បន្ថែម​ ០០២ វគ្គ​១ ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​បាន​ជាប់ទោស​មួយ​ជីវិត​ រួច​ជា​ស្រេច​ហើយ​នោះ ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១១ ​ខែ​មករា​ ឆ្នាំ​២០១៧។

អង្គ​ជំនុំ​ជម្រះ​ក៏បាន​បើក​សវនាការ​ដេញដោល​ ពិនិត្យ​ភស្តុតាង ​លើ​ការ​ចោទ​ប្រកាន់​អំពី​លក្ខណៈ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ ​និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ តួនាទី​របស់​ជន​ជាប់​ចោទ​នៅ​ក្នុង​រដ្ឋាភិបាល​ រួម​ទាំង​ភស្តុតាង​ស្តី​ពី​រចនាសម្ព័ន្ធ​រដ្ឋបាល​ និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង​ដែរ៕