សាលាក្តីកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប. បានតែងតាំងចៅក្រមអន្តរជាតិម្នាក់នៅសាលាដំបូង ជំនួសចៅក្រមដែលបានលាឈប់ពីមុខតំណែង។ នេះបើតាមការបញ្ជាក់ ឲ្យដឹងនៃសេចក្តីប្រកាសព័ត៌មានមួយរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃច័ន្ទនេះ។
លោកស្រីក្លោឌៀ ហ្វិន (Claudia Fenz) ជនជាតិអូទ្រីស ដែលជាចៅក្រមបម្រុងនៃសាលាក្តី ខ្មែរក្រហមតាំងពីឆ្នាំ២០០៦មកនោះ ត្រូវបានតែងតាំងជាចៅក្រមអន្តរជាតិថ្មីនៃអង្គជំនុំជម្រះ សាលាដំបូងជំនួសលោកស្រីស៊ីលវៀ ខាត់រ៉ាយត៍ (Silvia Cartwright) ជនជាតិនូវែលសេឡង់ ដែលលាឈប់ពីមុខតំណែង។ ការលាឈប់ និងការតែងតាំងចៅក្រមថ្មីនេះត្រូវចូលជាធរមាន នៅថ្ងៃទី១ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការតែងតាំងនេះកើតឡើងក្រោយពីទទួលបាន ការជ្រើសតាំងរបស់លោកអគ្គលេខាធិការអ.ស.ប.បាន់ គីម៊ូន និងការទទួលបានការយល់ព្រម ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៃប្រទេសកម្ពុជា។
ចៅក្រមក្លោឌៀ ហ្វិនបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់ពីសាកលវិទ្យាល័យក្រុងវីយែន។
ការតែងតាំងនេះគឺកើតឡើងក្នុងពេលដែលសាលាក្តីខ្មែរក្រហមកំពុងមមាញឹកនឹងដំណើរការ នីតិវិធីកាត់ទោសសំណុំរឿង០០២ វគ្គទី២។ អតីតមេដឹកនាំខ្មែរក្រហមពីរនាក់គឺនួន ជា បងធំទី២ និងខៀវ សំផន ប្រមុខរដ្ឋ ត្រូវក្លាយជាជនជាប់ចោទពាក់ព័ន្ធនឹងបទឧក្រិដ្ឋអន្តរជាតិធំៗ ដែលធ្វើឲ្យពលរដ្ឋខ្មែរជាង១លាន៧សែននាក់ស្លាប់បាត់បង់ជីវិតក្នុងទសវត្សរ៍១៩៧០៕