ជនសង្ស័យ​ម្នាក់​នៃ​សំណុំ​រឿង​កាត់ទោស​ខ្មែរក្រហម​​បានស្លាប់​មុន​ពេលកាត់​ទោស

អ្នកភូមិ​មើលផែនទី​ប្រទេស​កម្ពុជា​​​ដោយ​យក​លលាដ៍​ខ្មែរជនរងគ្រោះ​មក​តំរាបគ្នា នៅ​គុក​ទួលស្លែង​។

ជនសង្ស័យ​ម្នាក់នៃ​សំណុំរឿង​ខ្មែរក្រហម​ដ៏ចម្រ៉ង​ចម្រាស​បាន​ស្លាប់​ មុន​ពេល ត្រូវកាត់​ទោស។​ លោក​សុខ ខេមរា​ នៃវីអូអេ​ បាន​រាយ​ការណ៍​ថា​ ជន​សង្ស័យ​នៃ សំណុំ​រឿង​០០៣​គឺ​លោក​ស៊ូ ម៉េត​បានស្លាប់​ដោយសារ​ជម្ងឺ។

លោក​ស៊ូ ម៉េត ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរនាក់​នៃ​សំណុំ​រឿង​០០៣​ ដែល​ ត្រូវ​គេ​រំពឹង​ថា ​អាចនឹង​ចាប់ខ្លួន​មក​កាត់​ទោស​ដោយ​តុលាការ​ខ្មែរក្រហម​នោះ​ បាន​ស្លាប់​ហើយ​ក្នុង​អាយុ​ជាង​៧០​ឆ្នាំ។​ នេះបើ​តាម​ការ​អះអាង​របស់​អ្នក​ភូមិម្នាក់​និង​ប្រភព​ព័ត៌មាន​ស្និទ្ធនឹង​តុលាការ។​

អ្នក​ស្គាល់​លោក​ស៊ូ ម៉េត​ម្នាក់​បាន​ថ្លែង​ប្រាប់​វីអូអេ​ពី​ខេត្ត​បាត់​ដំបង​តាម​ទូរស័ព្ទ​ មក​ថា​ លោក​ស៊ូ ម៉េត​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៤ ​ខែ​មិថុនា​ឆ្នាំ​២០១៣ ​ដោយសារ​ជម្ងឺ។​

គាត់​និយាយ​ថា៖ «គាត់​ស្លាប់​ពីថ្ងៃ​១៤»។

អ្នកស្គាល់​ដដែល​ ដែល​ពុំ​ផ្តល់​អត្ត​សញ្ញាណ​ បាន​បន្ត​ថា៖​«គាត់​ត្រូវបូជា​រួច​ហើយ»។​

លោក​ស៊ូ ម៉េត​ត្រូវគេ​ដឹង​ថា​ មាន​ជំងឺ​ទឹកនោម​ផ្អែម​ និង​លើស​ឈាម​រ៉ាំរ៉ៃ​ជាច្រើន​ ឆ្នាំ​ហើយ ​ហើយ​គាត់​រស់នៅ​ក្នុង​ភូមិ​មួយ​នៅ​ទីរួម​ខេត្ត​បាត់ដំបង​ក្បែរ​ព្រលាន​យន្ត ហោះ​ខេត្ត។​ ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​តុលាការ​ខ្មែរក្រហម​បាន​បញ្ជាក់​ថា​ តុលាការ​បាន​ដឹង​ពី​ ព័ត៌មាន​នេះ​ហើយ​ តែទុក​ជា​កិច្ចការ​សម្ងាត់។​

លោក​ឡា អូលសិន​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ​លោក​ពុំមាន​ព័ត៌មាន​ពីការ​ស្លាប់​នេះ​ទេ។​

លោក​ស៊ូ ម៉េត ​ដែលជា​អតីត​មេ​បញ្ជាការ​កងទ័ព​អាកាស​ខ្មែរក្រហម​ ដែល​មាន​ មូលដ្នាន​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​នោះ​ ត្រូវ​សហ​ព្រះ​រាជ​អាជ្ញា​តុលាការ​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប.​បាន​ចោទ​ប្រកាន់​ថា ​មាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​យ៉ាង​ច្រើន​ក្នុង​សម័យ​ខ្មែរក្រហម​ ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

ឯកសារ​សម្ងាត់​របស់​សហ​ព្រះ​រាជ​អាជ្ញា​ ឬជា​ដីការ​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៃ​សំណុំ​រឿង​០០៣/​០០៤​បាន​ចោទ​ប្រកាន់​បន្ថែម​លើ​ជន​សង្ស័យ​៥​នាក់​ ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ពី​បទ​សង្ស័យ​ថា​ ទាក់ទង​នឹងឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​នៅ​សម័យ​ខ្មែរ​ក្រហម​ក្នុង​ទស​វត្សរ៍​១៩៧០។​

ជន​សង្ស័យ​ម្នាក់​គឺ​លោក​ស៊ូ ម៉េត ​ជា​មេ​បញ្ជាការ​កង​ពល​៥០២​ និង​មេ​បញ្ជាការ​ទ័ព​អាកាស​របស់​ខ្មែរ​ក្រហម ​ត្រូវ​បាន​សហ​ព្រះ​រាជ​អាជ្ញា​ចោទ​ប្រកាន់​ជា​បឋម​ថា ​មាន​ជាប់​ទាក់ទឹន​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ឬ​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង​ អំពើ​អមនុស្សធម៌ ​ចាប់​ឃុំ​ខ្លួន​ខុស​ច្បាប់ ​ធ្វើ​ទារុណ​កម្ម​សម្លាប់​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ​និង​បញ្ជូន​មនុស្ស​ទៅ​កាន់​មន្ទីរ​សន្តិសុខ​ស-២១​ជា​ដើម។​ លោក​ស៊ូ ម៉េត​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​លេខ​០០៣​ក្នុង​បទ​ឧក្រិដ្ឋរួម​ជាមួយ​លោក​មាស មុត។​ លោក​មាស មុត​បាន​បក​ស្រាយ​បំភ្លឺ​អំពី​ករណី​របស់​លោក​ជាមួយ​វីអូអេ​ថា​ លោក​ពុំ​មាន​ជាប់​ទាក់ទឹន​នឹង​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា​ទេ។​

លោក​ស៊ូ ម៉េត​ធ្លាប់​ជា​ទី​ប្រឹក្សា​ក្រសួង​ការពារ​ជាតិ​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តម​សេនីយ៍​ទោ ​ក្រោយ​ពេល​ចូល​សមាហរណ​កម្ម​ដែល​គេ​ដឹង​ថា ​ចាប់ផ្តើម​តាំង​ពីខែ​សីហា​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​១៩៩៩។​

នៅ​ក្នុង​ដីការ​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ដែល​ជា​ឯកសារ​សម្ងាត់​របស់​តុលាការ ​ សហ​ព្រះ​រាជ​អាជ្ញា​បាន​រៀប​រាប់​ពី​ប្រវត្តិ​គ្រប់គ្រង​ការងារ​ និង​ការ​ជាប់​ទាក់ទឹន​របស់​លោក​ស៊ូ ម៉េត​ជាមួយ​នឹងឧក្រិដ្ឋ​កម្ម​នានា​នៅ​សម័យ​ខ្មែរ​ក្រហម។​

ឯកសារ​ដដែល​បាន​បញ្ជាក់​ថា៖​ «ក្នុង​ឋានៈ​ជា​មេ​បញ្ជាការ​កង​ពល​ធំ​លេខ​៥០២​ ស៊ូ ម៉េត​ទទួល​ខុស​ត្រូវ​លើ​ការ​សម្អាត​កង​ពល​ឲ្យ​អស់​នូវ​សមាស​ភាព​ដែល​មិន​ល្អ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​បោស​សម្អាត​ដ៏​ធំ​របស់​កង​ទ័ព​បដិវត្តន៍​កម្ពុជា​ទាំង​មូល។​ គាត់​បាន​រួម​ចំណែក​នៅ​ក្នុង​ផែនការ​ឧក្រិដ្ឋ​កម្មរួម​ តាម​រយៈ​ការ​កំណត់​អត្ត​សញ្ញាណ​ ការចាប់​ និង​ការ​ផ្ទេរ​«ជន​ក្បត់» ​ដែល​ជាប់​សង្ស័យ​ ពី​កង​ពល​ធំ​លេខ​៥០២​ ទៅ​មន្ទី​ស-២១។​ បុគ្គលិក​ជាង​៨០០​នាក់​មក​ពី​កង​ពល​ធំ​លេខ​៥០២​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស-២១»។​

លោក​ស៊ូ ម៉េត​ទាក់ទង​ជា​ប្រចាំ​ជាមួយ​ឌុច ​ប្រធាន​គុក​ទួលស្លែង​ស-២១​របស់​ខ្មែរ​ក្រហម​ក្នុង​រឿង​បញ្ជូន​បុគ្គល​ណា​ដែល​លោក​ចាត់​ទុក​ថា​ ក្បត់​អង្គការ។​

នៅ​ក្នុង​វគ្គ​មួយ​នៃ​ឯកសារ​ដដែល​ សហ​ព្រះ​រាជ​អាជ្ញា​បាន​សរសេរ​ថា៖​ «ស៊ូ ម៉េត​បាន​សរសេរ​ទៅ​ឌុច​នៅ​ថ្ងៃ​ទី១​ ខែ​មេសា ​ឆ្នាំ​១៩៧៧ ​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បញ្ជូន​មនុស្ស​ចំនួន​៤​នាក់​ពី​កង​ពល​ធំ​លេខ​៥០២​ទៅ​មន្ទីរ​ស-២១ ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​មុន​នោះ។ ​មនុស្ស​ទាំង​៤​នាក់ត្រូវ​បាន​ឆ្លើយ​ដាក់​នៅ​ក្នុង​ចម្លើយ​សារភាព​របស់​ មិត្តសោម​នៃ​មន្ទីរ​៦២​ដែល​ជា​ការិយា​ល័យ​រដ្ឋបាល​របស់​អគ្គ​សេនាធិការ។​ ស៊ូ ម៉េត​បញ្ចប់​សំបុត្រ​ដោយ​ចារ​ថា ​គាត់​កំពុង​រង់ចាំ​យោបល់​ពី​អង្គការ​ មុន​ពេល​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​ចម្លើយ​សារភាព​របស់​មិត្ត​សោម»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​មាន​ការ​មិនចុះ​សម្រុង​គ្នា​រវាងភាគី​កម្ពុជា​និង​ភាគី​អន្តរជាតិ​ទាក់ទង​នឹង​សំណុំ​រឿង​០០៣​ និង​០០៤ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ជំទាស់​ដាច់ខាត​នេះ។​ ការស្លាប់​របស់​លោក​ស៊ូ ម៉េត​កើតឡើង​ក្រោយ​រយៈពេល​៣ខែ​ដែល​អៀង សារី​ មេដឹកនាំ​ខ្មែរក្រហម​សំខាន់​ម្នាក់​ បាន​ស្លាប់​មុន​ការកាត់​ទោស​ ដែល​គេ​ដឹង​ថា​ មាន​ការ​ខឹងសម្បារ​ខ្លះៗ​ពី​ជនរង​គ្រោះ​ដែល​ចង់​បាន​យុត្តិ​ធម៌​និង​ការណ៍​ពិត។​

ទោះជា​រដ្ឋាភិបាល​បាន​ប្រកែក​ជាច្រើន​លើក ​តែ​សាលាក្តី​នេះ​ត្រូវគេ​ចោទ​ប្រកាន់​ ថា​ មាន​ការជ្រៀត​ជ្រែក​នយោបាយ​ពី​រដ្ឋាភិបាល ​ជាពិសេស​ការ​រារាំង​មិនឲ្យ​មាន​ ការ​បន្ត​សំណុំ​រឿង​០០៣ ​និង​០០៤​ ដែល​មាន​ជន​សង្ស័យ​ជាអតីត​កម្មាភិបាល ខ្មែរក្រហម​ថ្នាក់​កណ្តាល​៥​នាក់​បន្ថែម​នោះ៕