តុលាការ​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​សំណុំ​រឿង​លោក​មាស មុត ​នៅ​សប្តាហ៍​ក្រោយ

រូបឯកសារ៖ លោក ​មាស មុត​ ​ជា​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​របប​ខ្មែរ​ក្រហម។

​ការ​សម្រេច​ថា​ ​តើ​លោក​នឹង​ត្រូវ​ទម្លាក់​ការ​ចោទ​ប្រកាន់ ​ឬ​សំណុំ​រឿង​នឹង​ត្រូវ​បញ្ជូន​មក​កាត់​ទោស ​អាច​នឹង​ត្រូវ​សម្រេច​នៅ​ក្នុង​ខែមីនា​ឆ្នាំ​ក្រោយ។ ​លោក​​មាស មុត​កំពុង​រស់​នៅ​​ក្នុង​ស្រុក​សំឡូត ​ខេត្ត​បាត់​ដំបង ​ទាំង​សុខភាព​មាន​ការ​ប្រែ​ប្រួល​ជា​ប្រចាំ។

ពលរដ្ឋ​នៅ​ទីនេះ​និយាយ​ថា​ លោក​មាស មុត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជា​ច្រើន​សារ​រួច​មក​ហើយ ​ដោយសារសុខភាព​របស់​លោក​ធ្លាក់​ចុះ​ទ្រុឌ​ទ្រោម។ ​សព្វថ្ងៃ​សុខភាព​របស់​អតីត​មេ​បញ្ជា​ការ​កង​ពល​១៦៤​ ដែល​ទទួល​បន្ទុក​ទាហាន​ជើង​ទឹក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​និង​កំពត​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ​ ​ស្ថិត​ក្នុង​ភាព​មិន​ល្អ​នោះ​ទេ។​

លោក មាស មុត ​អាយុ​៨១​ឆ្នាំ​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​ដែល​សហ​ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៥​ពី​បទ​ជា​ច្រើន​ដែល​ក្នុង​នោះ​រួម​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ការ​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា​ក្នុង​សម័យ​ខ្មែរក្រហម​ ​តែ​លោក ​មាស មុត ​បានបដិសេធ​ថា​ ​គ្មាន​ការ​ពាក់ព័ន្ធ​នោះ​ទេ។​

ប៉ុន្តែ​សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ព្រះ​រាជអាជ្ញា​ជាតិ​និង​អន្តរ​ជាតិ។ ​សហ​ព្រះរាជ​អាជ្ញា​ជាតិយល់​ថា​ ​លោក​មាស មុតមិន​មែន​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់​ដែល​ត្រូវ​កាត់​ទោស​នោះ​ទេ។​

នៅ​សប្តាហ៍​ក្រោយ​នេះ ​ចាប់​ពី​ថ្ងៃ​ទី​២៧​ដល់​២៩​ខែ​វិច្ឆិកា​ ​តុលាការ​នឹង​បើក​សវនាការ​ដើម្បី​ពិនិត្យ​មើល​ថា​ ​តើ​សំណុំ​រឿង​របស់​លោក​មាស មុត​នឹង​ត្រូវ​បញ្ជូន​ទៅកាត់​ទោស ​ឬក៏​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់។​

ប្រាំ​ថ្ងៃ​មុន​ពេល​តុលាការបើក​សវនាការ​ដើម្បី​ពិនិត្យ​សំណុំ​រឿង​របស់​លោក​មាស មុត​ ​អតីត​ខ្មែរក្រហម​ដែល​នៅ​ក្រោម​បង្គាប់​លោក​មាស ​មុតអះអាង​ថា​ ​លោក​មាស មុត​មិន​យក​ចិត្ត​ទុក​ដាក់លើ​អ្នក​ដែល​ធ្លាប់​នៅ​ក្រោម​បង្គាប់​នៅ​ក្នុង​និង​ក្រោយ​សម័យ​ខ្មែរ​ក្រហមទេ​ ទោះ​បី​ជា​លោក​មាន​ជីវភាព​ធូរ​ធារ។​ ​លោក​ក៏​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា​ ​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ប្រជា​ពលរដ្ឋ ​និង​មិន​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ភូមិ​ក្នុង​ស្រុកទេ​ ​បើទោះបី​ជា​នៅ​ក្នុង​ភូមិ​តាសាញ់ ​ឃុំ​តាសាញ់​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ និង​ទោះជា​លោក​មាស មុតចូល​ចិត្ត​ចំណាយ​ពេល​វេលា​របស់​លោក​នៅវត្ត​អារាម​ក៏​ដោយ។​

លោក​ជុំ ហន ​មេ​ឃុំ​តាសាញ់​ ដែល​រស់​នៅ​ក្នុង​ឃុំ​នោះ​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ លោក​មិន​សូវ​ជា​មាន​ទំនាក់​ទំនង​ជាមួយ​លោក​មាស មុត​នោះ​ទេ​ ហើយ​លោក​ថា​ ​លោកមាស មុត​ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ដី​ធ្លី​ផង​ដែរ ​ប៉ុន្តែ​លោក​បាន​ដោះ​ស្រាយ​រួច​អស់​ហើយ។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖​

«គាត់​ទាមទារ​យក​ដី​របស់​គេ​ ​តែ​ខ្ញុំ​ដោះស្រាយ​ហើយ។ ​គាត់​ចង់​យក​ដី​គេ​ឆ្នាំ​២០១៩​ហ្នឹង»។​

មេឃុំ​ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​រូប​នោះបានលើក​ឡើង​ថា​ ​លោក​មាស មុត​មាន​តំណែង​ធំ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ​ហើយ​លោក​ជា​អតីត​កូន​ប្រសារ​របស់​តាម៉ុក ​ជា​អតីត​លេខាភូមិ​ភាគ​និរតី។​

លោក​និយាយ​ថា៖​

«អ្ហេ​តំណែង​ធំ។ ​ខ្សែ​ឪ​ធំ​ហើយ ​កូន​ក៏​ធំ​ដែរ។ ​តា​ម៉ុក​ទៅ​ហើយ!​ ​ចុះ​ពី​តាម៉ុក​មក​ មាស មុត​ហ្នឹង​ឯង»។​

នៅ​ពេល​សួរ​ទាក់​ទង​នឹង​វិធាន​ការ​របស់តុលាការ​ខ្មែរ​ក្រហម​លើ​លោក​មាស មុតលោក​មេឃុំ​បាន​ថ្លែង​ថា​ ​លោក​មិន​មាន​មតិ​យោបល់​អី​ទៅ​លើ​ដំណើរ​ការ​ក្តី​នេះ​ទេ។​

«អា​ហ្នឹង​រឿង​របស់​តុលាការ ​ខ្ញុំ​អត់​ដឹង។​ តុលាការ​ដោះ​ស្រាយ​យ៉ាង​ម៉េច ​ខ្ញុំ​អត់​ដឹង​រឿង​ទេ»។​

អ្នកស្រី​ឯក វឿន ​ដែល​ធ្លាប់​នៅ​ក្រោម​បង្គាប់​របស់​លោក​មាស មុត​ ហើយ​ដែលឪពុក​អ្នកស្រី​ធ្លាប់​ផ្តល់​សក្ខីកម្ម​ដល់​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២​នោះ​ ទំនង​ជា​មិន​ពេញ​ចិត្ត​នឹង​លោកមាស មុត​នោះ​ទេ។​

អ្នកស្រី​ឯក វឿន​មាន​វ័យ​៥០ ដែល​សព្វ​ថ្ងៃ​រស់​ជាមួយ​គ្រួសារ​ ដែល​មាន​កូន​ប្រាំ​នាក់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​លោក​មាស មុត ​មាន​ប្រសាសន៍​ថា​ ​ក្រោយ​សង្រ្គាម​ លោក​មាស មុត​មិន​បាន​គិត​ដល់​សុខ​ទុក្ខ​របស់​អ្នក​ស្រី​នោះ​ទេ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ឥឡូវ​នេះ​ដូច​ថា​ ​យើង​ធ្វើ​ស្រែ​ ​ធ្វើ​ចម្ការ​ ស៊ី​ខ្លួន​ឯង។ ​តែ​គាត់​ធ្វើ​អី​គាត់!​ លុយ​គាត់​ចាយ​មួយ​ជីវិត​គាត់​ក៏​ចាយ​អត់​អស់»។​

បើ​តាម​អ្នកស្រី​ឯក វឿន​ ​សុខភាព​របស់​លោក​មាស មុត​ស្ថិត​ក្នុង​ស្ថានភាព​ប្រែ​ប្រួល​ជា​ប្រចាំ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«គាត់​ចាស់​ខ្លាំង​ហើយ។​ គាត់​ធ្វើ​អី​លែង​កើត​ហើយ។ គាត់​ទ្រុឌ​ទ្រោម។ ​គាត់​ឈឺ​រហូត​ហ្នឹង។ ​តិចៗ​ទៅ​ពេទ្យ​ថៃ ​តិចៗ​ទៅ​ពេទ្យ​ថៃ។ ​គាត់​នៅ​តែ​ថ្ងៃ​ដែរ​ហ្នឹង!»​

VOA ​បាន​ព្យាយាម​សុំ​សម្ភាស​លោក​មាស មុត ​និង​ក្រុម​គ្រួសារ​ ​តែ​ពួកគេ​បាន​បដិសេធ​ការ​ស្នើ​សុំ​សម្ភាស។​

ភរិយា​របស់​លោកមាស មុត​គឺ​អ្នកស្រី​មាស ឃីម ​វ័យ​ជិត​៦០​ឆ្នាំ​ ដែល​អ្នក​ភូមិ​ស្គាល់​តាម​រយៈ​ឈ្មោះ​ហៅ​ក្រៅ​ថា​«ខា»​ បាន​បដិសេធ​មិន​ផ្តល់​បទ​សម្ភាស​ និង​មិនអនុញ្ញាត​ឲ្យ​ VOA ​ជួប​លោក​មាស មុត​ឡើយ។ ​អ្នកស្រី​ដែល​កំពុង​តែ​ចម្អិន​អាហារ ​បាន​និយាយ​ថា​«មិន​បាច់​ជួប»​លោក​មាស មុត​ទេ ​ខណៈ​លោក​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ។​

ខ្លោងទ្វារខាងមុខផ្ទះរបស់លោក មាស មុត ក្នុងឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង។ (ស៊ុន ណារិន/VOA Khmer)

នៅ​ខាង​មុខ​ខ្លោង​ទ្វារ​ផ្ទះ​ លោក​មាស មុត​បាន​ដាក់​សញ្ញា​មួយ​ថា​ «Do not disturb» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា៖​«កុំ​រំខាន»។​

ស្រុក​សំឡូត​ ​ដែល​ធ្លាប់​ជា​អតីត​តំបន់​ខ្មែរ​ក្រហម​ បាន​ប្រែក្លាយ​ជា​កន្លែង​រស់​នៅ​មួយ​ដែល​មាន​អ្នក​ចំណូល​ថ្មីមក​រស់​នៅ​ឡាយ​ឡំ​គ្នា​ជាមួយ​អតីត​ទាហាន​ខ្មែរ​ក្រហម។​

លោកហាយ ឌុក ​អាយុ​៥៧​ឆ្នាំ ​និង​ភរិយា​របស់​លោក​អ្នកស្រី​អ៊ឹម សុខេង​អាយុ​៥៥​ឆ្នាំ ​ដែល​ទើប​តែ​រស់​នៅ​ក្នុង​ឃុំ​តាសាញ់ជាមួយ​លោក​មាស មុតបាន​ប្រមាណ​២​ឆ្នាំ​ បាន​ចាប់​ផ្តើម​ស្គាល់​ឈ្មោះ​របស់​លោក​មាស មុត ​និង​ឮ​ពី​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​រឿង​ខ្មែរ​ក្រហម​ខ្លះៗ។ ​ពួក​គេ​មិន​ដែល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក​មាស មុត​ នោះ​ទេ​ ​បើ​ទោះបី​ជា​ពួកគេ​ធ្លាប់​ជួប​លោក​មាស មុត ​នៅ​វត្ត​អារាម​ ​ពេល​មាន​បុណ្យ​ទាន​ក៏​ដោយ។​

អ្នកស្រី ​អ៊ឹម សុខេង​មាន​ប្រសាសន៍​ថា៖​

«ណា​មួយ​គាត់​ចាស់​ជាង។​ គាត់​ធ្លាប់​មាន​ប្រវត្តិ​ខ្មែរ​ក្រហម។​ យើង​ធ្វើ​ម៉េច​ហ៊ាន​មាត់​រក​គាត់? ​អត់​ទេ!​ ទោះ​បី​ទៅ​វត្ត ​ក៏​មិន​ដែល​ហ៊ាន​ដែរ! ​មិន​ដែល​ហ៊ាន​ទៅ​អង្គុយ​ជិត​គាត់​ ​និយាយ​ជាមួយ​គាត់​ទេ»។​

ប្តី​របស់​អ្នកស្រីគឺ​លោក​ហាយ ឌុក ​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​លោក​មាស មុត​ជា​អ្នក​ដឹកនាំ​ដែល​មាន​តំណែង​ធំ​ក្នុង​សម័យ​នោះ ​លោក​ថា​ គួរ​តែ​មាន​ការ​កាត់​ទោស​លោក។

លោក​ហាយ ឌុកមាន​ប្រសាសន៍​ថា៖​

«បើ​ថា ​គាត់​ហ្នឹង​ធ្វើ​ការ​គ្រប់​គ្រង ​ធ្វើ​ធំ​ដែរ ​គួរ​តែ​កាត់​ដែរ។ ​បើ​ថា​ ​តូច​ ​អាហ្នឹង​តាម​លក្ខណៈ​គេ​បញ្ជា​គាត់​ដែរ»។​

លោក​មាស មុត​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​កំបាំង​មុខ ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៥។ ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើ​ប្រល័យ​ពូជ​សាសន៍​ រួម​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ក្នុង​នោះ​រួម​មាន​ការ​ធ្វើ​មនុស្សឃាត ​ការ​សម្លាប់​រង្គាល ​ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ​ការ​ធ្វើ​ទារុណ​កម្ម ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​អំពើ​អមនុស្ស​ធម៌​ដទៃ​ទៀត​(ការ​ប្រព្រឹត្ត​អ​មនុស្ស​ធម៌ ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ​ពលកម្ម​ដោយ​បង្ខំ​ អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ​ការ​រំលោភ​លើ​ផ្លូវ​ភេទ ​និង​ការ​វាយ​ប្រហារ​លើ​សេចក្តី​ថ្លៃថ្នូរ​ជា​មនុស្ស​ដោយ​សារ​ស្ថានភាព​នៃ​ការ​ឃុំខ្លួន)។​

នៅ​ដើម​ខែ​មីនាឆ្នាំ​២០២០​នឹង​មាន​ការ​សម្រេច​ថា ​តើ​លោក​មាស មុត​នឹង​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់ ​ឬ​ត្រូវ​នាំ​មក​កាត់​ទោស។ ​នេះ​បើ​យោង​តាម​លោក​នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​របស់​តុលាការ​ខ្មែរ​ក្រហម។​

រូបឯកសារ៖ នួន​ ​ជា​ ​អំឡុង​ពេល​ដំណើរការ​សវនាការ​មួយ​ ​នៅ​សាលាក្ដី​ខ្មែរក្រហម​ ​កាលពី​ឆ្នាំ២០១១​។​ ​(សាលាក្ដី​ខ្មែរក្រហម)

​រូបឯកសារ៖ អៀង ធីរិទ្ធ និង អៀង សារី ​ ​ឋិតនៅក្នុងរឿងក្តី​ករណី ០០២​។

បន្ទាប់​ពី​លោកនួន ជា បង​ធំទី២ ​និង​លោក​អៀង សារី ​អតីត​ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ក្រហម ​បាន​ស្លាប់​ ​នៅ​សល់​តែ​លោក​ខៀវ សំផន​ ប្រមុខរដ្ឋ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ប្រល័យ​ពូជ​សាសន៍​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

បន្ទាប់​ពី​លោក​មាស មុត​ ​នៅ​សល់​ជនសង្ស័យ​២នាក់​ទៀត​ដែល​ជា​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល ​គឺ​លោកយឹម ទិត្យ ​ហៅតាទិត​ និង​លោក​អោ អាន ​ហៅ​តា អាន។ ​តុលាការ​នឹង​សម្រេច​លើ​ពួកគេ​នៅ​ពេល​បន្ត​បន្ទាប់​ទៀត។​ ប៉ុន្តែ​ករណី​ទាំង​នេះ​ រួម​មាន​ទាំង​ករណី​លោក​មាស មុត​ផង​ត្រូវ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ដោយ​រដ្ឋាភិបាល​កម្ពុជា។​

កន្លង​ទៅ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​រិះគន់​សាលាក្តី​ខ្មែរ​ក្រហម​ចំពោះ​ការ​ពង្រីក​វិសាលភាព​ក្នុង​ការ​កាត់​ទោស ​និង​ថា​ ​អាច​ធ្វើ​ឲ្យ​អតីត​ខ្មែរក្រហម​មាន​ការ​ភ័យ​ខ្លាច​ហើយ​ងើប​ឡើង​តស៊ូ​បង្ក​ឲ្យ​មាន​ការ​កើត​សង្គ្រាម​ស៊ីវិល​ម្ដង​ទៀត។​

នៅ​ក្នុង​សំណុំ​រឿង​ផ្សេង​ទៀត​ កាល​ពីឆ្នាំ​២០១៧​ ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ចេញ​ដីកា​ដំណោះស្រាយរួម​គ្នា​ដោយ​បាន​លើក​លែង​ការ​ចោទប្រកាន់​លើ​អ្នក​ស្រី​អ៊ឹម ចែម​ ក្រោម​ហេតុ​ផល​ថា​ ​អ្នកស្រី​មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​ទេ។ ​នេះ​មាន​ន័យ​ថា ​អ្នកស្រី​អ៊ឹម ចែម​មិន​មែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ឬ​ក៏​មិនមែន​ជា​ជន​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ទេ។ ​ការណ៍​នេះនាំ​ឲ្យ​មាន​ការ​រិះគន់​ផង​ដែរ។​

លោក​ឆាំង យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ថ្លែង​ថា​ ​លោក​សង្ឃឹម​ថា​ តុលាការ​នឹង​សម្រេច​ស្រប​តាម​វិធាន ​និង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន ​ដើម្បី​ផ្តល់​យុត្តិ​ធម៌​ដល់​ជន​រងគ្រោះ​ ក្នុង​ករណី​លោកមាស​ មុត។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចង់​តែ​បាន​តុលាការ​ឲ្យ​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ ​អ៊ីចឹងខ្ញុំ​គិត​ថា​ ​ភាព​ស្មោះ​ត្រង់ ​ការ​វិនិច្ឆ័យ ​ការ​គោរព​តាម​នីតិវិធី ​ការ​ដែល​ធ្វើ​ទៅ​តាម​ភ័ស្តុតាង​ដែល​មាន​គឺ​ជា​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ជន​រង​គ្រោះ​ទាំង​អស់»។​

ប៉ុន្តែ​លោក​បាន​រំឭក​ថា ​ជន​រងគ្រោះ​ពិបាក​នឹង​ទទួល​យក​សេចក្តី​សម្រេច​កាល​ពី​ឆ្នាំ​២០១៧ ក្នុង​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​ស្រីអ៊ឹម ​ចែម ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល​មួយ​រូប។​

លោក​ឆាំង យុ​មាន​ប្រសាសន៍​ថា៖​

«ដូច​ដុំ​គ្រួស​ វា​ពិបាក​លេប។ ​ប៉ុន្តែ​យើង​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​ ដោយសារ​នេះ​ជា​លទ្ធផល​ចេញ​ពី​តុលាការ។ ​ជន​រង​គ្រោះ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត»។​

សវនាការ​ដែល​មាន​រយៈពេល​បី​ថ្ងៃ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​និង​មាន​ការ​ចូលរួម​ពី​សាធារណ​ជន ​និង​អ្នក​ពាក់​ព័ន្ធ​ផង​ដែរ៕