មជ្ឈមណ្ឌលឯកសារកម្ពុជាចាប់ផ្តើមប្រើប្រាស់ទំព័រហ្វេសប៊ុក

រូបឯកសារ៖ លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ឈរ​នៅក្នុង​បន្ទប់​ការិយាល័យ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ​បាន​សម្រេច​​បង្កើត​ទំព័រ​ហ្វេសប៊ុក​ចំនួន​ពីរ​ ក្នុង​នោះ​មួយ​សម្រាប់​​វិទ្យាស្ថាន​ស្លឹករឹត​ និង​មួយ​ទៀត​សម្រាប់​វេបសាយ​ស្តីពី​ប្រវត្តិ​ខ្មែរក្រហម​ ដើម្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​​និង​ទទួល​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

ការ​បង្កើត​វិទ្យាស្ថាន​ស្លឹករឹត​កម្ពុជា​ជាគម្រោង​មួយ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា។ ​វិទ្យាស្ថាន​នេះ​ មាន​គោល​បំណង​បង្កើន​ការ​យល់​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​និង​ជា​គោល​ដៅ​សម្រាប់​ផ្តល់​ការ​អប់រំ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត។ ​កាលពីដើម​ឆ្នាំ​២០១៧​នេះ ​មជ្ឈ​មណ្ឌល​ឯកសារ​មួយ​នេះ​បាន​ចាប់ផ្តើម​បង្កើ​ត​ទំព័រ​ហ្វេសប៊ុក​ ដើម្បី​ទទួល​យោបល់​ពី​ការ​រចនា​វិទ្យាស្ថាន​ស្លឹករឹត។​

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam)​ គឺ​លោក​ឆាំង យុ ​អាយុ​៥៧​ឆ្នាំ ​មិន​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​នោះ​ទេ ​ដោយ​សារ​កិច្ចការ​រវល់​ប្រចាំ​ថ្ងៃ​របស់លោក។ ​ទោះ​ជាយ៉ាង​ណា ​កាលពី​ខែ​មករា ​ឆ្នាំ​២០១៧​នេះ ​ក្នុង​នាម​ជា​ប្រធាន​មជ្ឈមណ្ឌលដែល​តែង​តែ​ប្រមូល​ឯកសារ​ទាក់​ទង​នឹង​ខ្មែរ​ក្រហម​ ​លោក​បាន​សម្រេចបង្កើត​ទំព័រ​ហ្វេសប៊ុក​ចំនួន​ពីរ​ ក្នុង​នោះ​មួយ​សម្រាប់វិទ្យាស្ថាន​ស្លឹករឹត​ និង​មួយ​ទៀត​សម្រាប់​វេបសាយ​ស្តីពី​ប្រវត្តិ​ខ្មែរក្រហម​ ដើម្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយនិង​ទទួល​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

រូបភាព ថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​វិទ្យាស្ថាន​ស្លឹករឹត​កម្ពុជា ដែល​វិទ្យាស្ថាន​នេះ ជា​គម្រោង​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam)។

លោក​ឆាំង យុ​ ​ដែល​បាន​ចំណាយ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ស្រាវ​ជ្រាវ​ឯកសារ​ទាក់ទង​នឹង​ខ្មែរ​ក្រហម​ មាន​ប្រសាសន៍​ថា ​បី​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ ​លោកបានកត់​សម្គាល់​ថា ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ការ​ពិចារណា​ច្រើន​ជាង​មុន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ដែល​កំពុង​ពេញ​និយម​មួយ​នេះ។ ​លោក​បញ្ជាក់​ថា៖​

«ជា​ទូទៅ ​គំហុក​នៃបច្ចេក​វិទ្យា​នេះ​ ពី​ដំបូង​ឡើយ​ផ្តល់អវិជ្ជមានជាង​វិជ្ជមាន​ ហើយ​ស្រុក​យើង​ទទួល​នូវ​គំហុក​នៃ​បច្ចេក​វិទ្យា​នេះ​ធ្ងន់​ធ្ងរ​មែន»។

លោក​បន្ថែម​ថា៖​

«ខ្ញុំ​ឃើញ​មាន​ការ​ប្រើ​ប្រាស់​បែប​វិជ្ជមាន​ច្រើន​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក​ ខុស​ពី​មុន»។​

លោក​ឆាំង យុ​មាន​ប្រសាសន៍​ថា៖​

«កិច្ចការ​របស់​យើង​នេះ​ផ្តោត​សំខាន់​ទៅ​លើ​កិច្ចការ​ស្រាវជ្រាវ​ ការ​អាន​ ការ​ពិចារណា ​ការ​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើឯកសារ​ដើម​ ឬ​ឯកសារ​ប្រវត្តិ​សាស្រ្ត ​ហើយ​ជា​ទូទៅ​ត្រូវ​ការ​ពេល​សញ្ចឹង​គិត ​ត្រូវការ​ពេល​ត្រិះរិះ ​ដើម្បី​យក​មក​សរសេរ​ យក​មកវិភាគ ​យក​មក​បង្រៀន​កូន​ក្មេង ​អីចឹង​ហើយ​ហ្វេសប៊ុក​វា​អត់​មាន​តួនាទី​នៅ​ក្នុង​កិច្ចការ​របស់​យើង»។​

ការ​បង្កើត​វិទ្យាស្ថាន​ស្លឹករឹត​កម្ពុជា​ជាគម្រោង​មួយ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា។​ វិទ្យាស្ថាន​នេះគម្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​សាងសង់ និង​មាន​គោល​បំណង​បង្កើន​ការ​យល់​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​និង​ជា​គោល​ដៅ​សម្រាប់​ផ្តល់​ការ​អប់រំ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត។​

លោក ​ឆាំង យុ ​មាន​ប្រសាសន៍​ថា​ មជ្ឈ​មណ្ឌល​របស់​លោក​នឹង​ប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ ​ដើម្បី​ទទួល​ការផ្តល់​យោបល់​ពី​សាធារណជន​អំពី​ការ​រចនា​វិទ្យាស្ថាន​នេះ។​ លោក​បន្ថែម​ថា​ ចំណែក​ទំព័រហ្វេសប៊ុក​របស់វេប​សាយ​ស្តីអំពី​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​ (www.khmerrougehistory.org )​នឹងក្លាយ​ជា​កន្លែង​ផ្សព្វ​ផ្សាយ​ពីវេបសាយ។​

ក្រោយពី​ត្រូវ​បាន​បង្កើតឡើង​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០០៤​ ហ្វេសប៊ុក​បាន​ទទួល​ការ​ប្រើ​ប្រាស់​ជាច្រើន​ ជាពិសេស​ក្នុង​ចំណោម​យុវជន​ ដោយ​មាន​ការ​កើន​ឡើង​រហូត​ដល់​ជាង​១៨០០លាន​នាក់​នៅឆ្នាំ​២០១៦។​ ចំណែក​នៅ​កម្ពុជា ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​មាន​ដល់ទៅប្រមាណ​៤​លាន​នាក់​ ហើយ​ភាគ​ច្រើន​ជា​យុវជន។​

គុណវិបត្តិ​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គមមួយ​នេះ​ត្រូវ​បាន​គេ​លើក​ឡើង ​ដោយ​បង្ហាញ​ក្តីបារម្ភ​ថា​ វា​អាច​មាន​ការ​ប្រើប្រាស់​មិន​ផ្តល់​ប្រយោជន៍​ និង​ប៉ះពាល់​ដល់​ការ​សិក្សា​និង​ការងារ។ ​មាន​ការ​អប់រំ​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​មួយ​នេះ ​ដោយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ប្រកប​ដោយ​ក្រម​សីលធម៌​ និង​ការទទួលខុសត្រូវ​ ក្នុងនោះ​មាន​ការ​បង្ហោះ​រូប​ភាព​សាហាវៗ ​ឈាម​ច្រើន​ ​ការ​ចែក​រំលែក​ព័ត៌មាន​មិនពិត ​រូបភាព​ និង​វីដេអូ​អាសអាភាស ​ការ​វាយ​ប្រហារ ​ជេរ ​ប្រមាថគ្នា​និង​ប្រើ​ពាក្យស​ម្តី​អសុរោះ​ជាដើម។​

នាង ​កែវ គូនីឡា អ្នក​ប្រឹក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​ជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ Digital Marketing និយាយ​ថា​ នាង​បាន​ឃើញ​ការ​ប្រើ​ប្រាស់​កាន់តែ​ប្រសើរ​ឡើង​នៅលើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ​ក្នុង​នោះ​មាន​ការ​ប្រើប្រាស់​ប្រកប​ដោយក្រម​សីលធម៌ ​ការ​គោរព​សិទ្ធិ​ឯកជន​ និង​ការ​ប្រើ​ប្រាស់​ដោយ​ការទទួល​ខុសត្រូវ។​ នាង​ស្នើ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទំព័រ​ហ្វេសប៊ុក ​ដើម្បី​ទទួល​បាន​ការ​ផ្តល់​យោបល់ពី​អ្នក​ប្រើ​ប្រាស់។​

នាង​និយាយថា៖​

«ទាំង​ខាងក្រុមហ៊ុន​ឯក​ជន ​ទាំងខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក៏ដូច​ជាស្ថាប័ន​របស់​រដ្ឋហ្នឹង ​គួរ​តែ​បន្ត​ការ​ប្រើ​ប្រាស់ហ្វេសប៊ុក​ ហើយនិង​ប្រព័ន្ធ​សង្គម​ផ្សេងៗ​ទៀត ដើម្បី​ទទួល​បាន​មតិយោបល់​ពី​ប្រជា​ពលរដ្ឋ ​អ្នក​ប្រើ​ប្រាស់​ផ្សេងៗ​ និង​ការ​រិះគន់​បែប​ស្ថាបនាផ្សេងៗ​ពី​ប្រជា​ពលរដ្ឋ​ ពី​អ្នក​ប្រើ​ប្រាស់ ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ជាង​មុន»។​

សារ​ព័ត៌មាន​ជា​ច្រើន​បានប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​និង​ប្រព័ន្ធ​សង្គម​ផ្សេង​ទៀត​ ដើម្បី​ប្រមូល​ការ​ចុច​ Like ​លើ​ទំព័រ​ហ្វេសប៊ុក​ឲ្យ​បាន​ច្រើន​ និង​ចែក​រំលែក​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ ចំណែក​អ្នក​សារ​ព័ត៌មាន​វិញបាន​ប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ​ជា​ប្រចាំ​ថ្ងៃ​និង​ស្ទើរ​តែ​រាល់​ពេល​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពីអ្នក​នយោបាយ។​

លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែនបាន​ចាប់​ផ្តើម​ប្រើប្រាស់​ហ្វេសប៊ុក​ជាផ្លូវការ​ ក្រោយ​ការ​បោះ​ឆ្នោតឆ្នាំ២០១៣។ ​រហូត​មក​ដល់​ពេល​នេះ ​លោក​បាន​ទទួល​ការ​ចុច​ Like​ លើ​ហ្វេសប៊ុក​របស់​លោក​រហូត​ទៅ​ដល់​ជាង​៦​លាន​៨​សែន​នាក់។​ ចំណែក​គូ​ប្រកួត​នយោបាយ​របស់​លោក​គឺ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​មាន​អ្នក​ចុច​ Like​ ​ដល់​ទៅ​ជាង​៣​លាន​៦​សែន​នាក់។​

កាលពីខែ​ធ្នូ ​ឆ្នាំ​២០១៦​ លោក​ហ៊ុន សែន​បាន​ថ្លែង​ថា​ លោក​ចង់​ឲ្យ​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក​ ​ម្នាក់ៗក្លាយ​ជា​មនុស្ស​អេឡិចត្រូនិក​ (E-people) ​បន្ថែម​លើ​រដ្ឋាភិបាល​អេឡិចត្រូនិក​ (E-government)។​

ការ​សិក្សា​របស់​មូលនិធិអាស៊ី​ Asia Foundation ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​ឆ្នាំ​២០១៦ ​បង្ហាញ​ថា​ ​ការ​ប្រើ​ប្រាស់​អ៊ីនធើណែត​ ជាពិសេស​ហ្វេសប៊ុក​ដើម្បី​ទទួល​បាន​ព័ត៌មាន​ ​មក​ដល់​ពេល​នេះ​គឺ​លើស​ពី​ការមើល​ទូរទស្សន៍។​

លោក ​នាន់ សិរីបុត្ត​ អាយុ​២៧​ឆ្នាំ ​ដែល​បាន​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាង​៥​ឆ្នាំ​មក​ហើយ​និង​សកម្ម​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​នយោបាយ​ មាន​ប្រសាសន៍​ថា​ហ្វេសប៊ុក​បច្ចុប្បន្ន​នេះ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​នយោបាយ​និង​អ្នក​គាំទ្រ។ ​លោក​បញ្ជាក់​ថា៖​

«ហ្វេសប៊ុក​បាន​ផ្តល់​នូវ​លំហ​ដ៏ធំ​មួយ​សម្រាប់​អ្នក​នយោបាយ​ផ្តល់​សារ​របស់​ពួក​គេ​ទៅ​អ្នក​គាំទ្រ»។​

លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រុងប្រយ័តុ្ន​ចំពោះ​ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​ ការ​ប្រើ​ពាក្យ​ជេរ​ប្រមាថ ​និង​ការ​វាយប្រហារ​គ្នា​តាម​ហ្វេសប៊ុក។​ លោក​មាន​ប្រសាសន៍​ថា៖​

«មួយ​ចំណុច​ទៀត​គឺ​មនុស្ស​ជេរគ្នា​ទៅវិញ​ទៅមក ​ប្រើ​ប្រាស់​ពាក្យ​អាក្រក់​ ដែល​ជា​ការ​បរិហារ​កេរ្តិ៍​គ្នា​ទៅវិញ​ទៅ​មក។ ​វា​មាន​ឥទ្ធិពល​ធំ​ទៅ​លើ​សីលធម៌​និង​កេរ្តិ៍​ឈ្មោះ​នៅក្នុង​សង្គម»។​

លោក​ឆាំង យុ​បាន​បង្ហាញ​ក្តី​បារម្ភ​ទៅ​លើ​ឥទ្ធិពល​នៃ​ហ្វេសប៊ុក​ទៅ​លើ​យុវវ័យ​ ដោយ​លោកណែនាំ​ឲ្យ​ឪពុក​ម្តាយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពេល​អាយុកូនៗ​របស់​ពួក​គេនៅ​ក្មេង។​ លោក​បញ្ជាក់​ថា៖​

«អីចឹង​ទេ​នេះជា​កាតព្វកិច្ច​របស់​ឪពុក​ម្តាយ​ក្នុង​ការ​អប់រំ​កូន​ពេល​ប្រើ​ប្រាស់​ហ្វេសប៊ុក»។​

ទោះជាយ៉ាងណា​ក៏ដោយ ​លោក​ឆាំង យុ​សង្ឃឹម​ថា​ នឹង​មាន​ការ​ប្រើប្រាស់​ហ្វេសប៊ុក​ដោយ​វិជ្ជមាន​ច្រើននៅ​ពេល​ខាងមុខ៕