ព្រះរាជអាជ្ញា៖ ភស្តុតាង​បញ្ជាក់​ថា​មេខ្មែរ​ក្រហម​ជាអ្នក​រៀបចំ​ការ​ជម្លៀស​ប្រជាជន​

  • ​គង់ ​សុឋានរិទ្ធ

លោកស្រីជា លាង ​ធ្វើការ​ចោទប្រកាន់​ដូច្នេះ​ក្នុង​សេចក្តី​សន្និដ្ឋាន​​បញ្ចប់​ក្នុង​ការកាត់ទោស​សំណុំ​រឿង​០០២​វគ្គទី១​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​ សំណុំរឿង​នេះ​នៅ​សល់តែ​ជនជាប់ចោទ​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម។

សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​លោកស្រី​ជា លាង ​បាន​ចោទ​ប្រកាន់​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ដែល​នៅរស់រាន​មាន​ជីវិត​ពីរនាក់​ថា​ជា​មេស្ថាបនិក​របប​ទាសករ​និងជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រីជា លាង ​ធ្វើការ​ចោទប្រកាន់​ដូច្នេះ​ក្នុង​សេចក្តី​សន្និដ្ឋានបញ្ចប់​ក្នុង​ការកាត់ទោស​សំណុំ​រឿង​០០២​វគ្គទី១​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​សំណុំរឿង​នេះ​នៅ​សល់តែ​ជនជាប់ចោទ​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម។

លោក​ស្រីជា លាង​បាន​បន្ថែម​ថា៖ «នៅថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥​ជនជាប់ចោទ​នួន ជា ​ខៀវ សំផន ​និង​សហចារី​របស់​ពួកគេ​បាន​បង្កើត​រដ្ឋ​ទាសករ​ដំបូង​ក្នុង​យុគ​សម័យ​ទំនើប។ ពួកគេ​បាន​បញ្ជា​និង​រៀបចំ​បណ្តេញ​ប្រជាជន​ឲ្យ​អស់​ពី​ទីក្រុង​និង​ទីប្រជុំជន​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ពួកគេ​បាន​កម្ចេច​ផ្ទះសម្បែង​និង​បំបែក​បំបាក់​គ្រួសារព្រមទាំងគៀង​ប្រជាជន​ដែលគេ​ជម្លៀស​រាប់លាន​នាក់​ឲ្យទៅ​សហករណ៍​ជនបទ។ នៅពេល​ទៅ​ដល់​សហករណ៍​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន ​ដកហូត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស ​ទទួល​រង​ការធ្វើបាប​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត»។

​នួន ជា ​ដែល​គេ​ស្គាល់​ថា​ជា​បងធំ​ទី២​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ​បន្ទាប់ពី​ប៉ុល ពត ​ឈាន​ដល់​អាយុ​៨៧​ឆ្នាំ​នៅឆ្នាំ​នេះ​ រីឯ​ខៀវ សំផន ​អាយុ​៨២​ឆ្នាំ។ អៀង សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ដែលត្រូវ​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​ដែរ​បានស្លាប់​កាលពីឆ្នាំមុន​ក្នុងពេល​កំពុង​កាត់ទោស។ ជាមួយគ្នា​នេះ​ប្រពន្ធ​របស់​គាត់​ អៀង ធីរិទ្ធ ​ត្រូវ​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​ដោយសារ​ជំងឺ​ឆ្កួត​វង្វេង​វង្វាន់។

ការកាត់ក្តី​សំណុំរឿង​០០២​វគ្គទី​១​នេះ​ផ្តោត​លើ​ការជម្លៀស​ប្រជា​ពលរដ្ឋ​ដោយបង្ខំ ​ការធ្វើ​ទុក្ខបុក​ម្នេញ​ផ្នែក​សាសនា ​ការធ្វើ​ទុក្ខបុកម្នេញ​លើ​ជាតិពន្ធុ​និង​ការបោសសម្អាត​មន្ត្រី​ស៊ីវិល​និង​យោធា​សម័យ​លន់ ណុល ​ជាដើម។
លោកស្រី​សហ​ព្រះរាជអាជ្ញា​ជាតិ​ ជា លាង ​បាន​សន្និដ្ឋាន​បន្ថែម​ថា​គណៈមជ្ឈិម​បក្ស​កុម្មុយនីស្ត​របស់​ពួក​ខ្មែរក្រហមបាន​លើក​ផែនការ​ជម្លៀស​ប្រជាជន​នៅខែ​មិថុនា​ឆ្នាំ​១៩៧៤​និង​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ ​មេដឹកនាំ​ខ្មែរក្រហម​និង​ជនជាប់ចោទនួន ជា ​និង​ខៀវ សំផន ​បាន​សម្រេច​ដាក់​បញ្ជា​ដល់​យោធា​ក្នុង​ការជម្លៀស​ប្រជាជន​ចេញពី​ភ្នំពេញ។

ហើយ​ខ្មែរក្រហម​បាន​បង្កើត​ផែនការ​ឲ្យ​មាន​សហករណ៍​ចាប់​តាំង​ពី​ឆ្នាំ​១៩៧១​និង​នៅឆ្នាំ​១៩៧៣​ពួក​គេ​បាន​ចាប់ផ្តើម​បង្ខំ​ប្រជាជន​ឲ្យ​រស់​ក្នុង​សហករណ៍។

លោកស្រី​សហ​ព្រះរាជ​អាជ្ញា​គូសបញ្ជាក់​ថា​ជនជាប់ចោទ​ទាំង​ពីរ​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​ឧក្រិដ្ឋកម្ម​ដែល​បានកើត​ឡើង។

«ជនជាប់ចោទ​នួន ជា ​និង​ខៀវ សំផននិង​អ្នកដទៃ​ទៀត​ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​នៃ​របប​នោះ​បាន​បង្កើត​និង​អនុវត្ត​ផែនការ​និង​គោលនយោបាយ​ទាំងនេះ​ដោយ​បាន​ដឹង​ថា​បទឧក្រិដ្ឋ​ទាំង​នេះ​នឹង​កើត​ឡើង​ជាយថាហេតុ។ ដូច្នេះ​អ្វី​ដែល​បាន​កើត​ឡើង​គឺ​ជា​អ្វី​ដែល​ពួកគេ​បាន​រៀបចំ​ផែនការ»។

របប​កម្ពុជា​ប្រជាធិបតេយ្យ​បានបង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់បាត់បង់​ជីវិត​យ៉ាង​តិច​១,៧​លាន​នាក់​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ។ លោកស្រី​ជា លាង ​បាន​លើក​មក​សង្ខេប​ឡើងវិញ​នូវ​សំដី​របស់​សាក្សី​និង​អ្នកជំនាញ​រួម​ទាំង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ជម្លៀស​ប្រជាជន​កម្ពុជា​និង​ការតាម​បោស​សម្អាត​រដ្ឋការ​សម័យ​លន់ ណុល ​ដោយ​បង្ហាញ​ឯកសារ​វីដេអូ​ជាឈុតៗ​ទៀត​ផង។

សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​អះអាង​ថា​នួន ជា ​និង​ខៀវ សំផន ​មាន​ចេតនា​ភូត​កុហក​ថា​ខ្លួន​មិនដឹង​អំពី​ឧក្រិដ្ឋកម្ម​ក្នុង​អតីតកាល​នោះ​ហើយ​ជនជាប់ចោទ​មាន​ចេតនា​ទម្លាក់​កំហុស​លើ​បុគ្គល​តែ​ម្នាក់​គត់​គឺ​ប៉ុល ពត។ ប៉ុល ពត ​បាន​ស្លាប់​ក្នុង​ព្រៃ​កាលពី​ឆ្នាំ​១៩៩៨​គឺ​ជា​មេស្ថាបនិក​នៃ​របប​ខ្មែរ​ក្រហម។ លោកស្រី​បញ្ជាក់​នៅក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​ថា​ការពិត​នួន ជា​និង​ខៀវ សំផន ​បាន​ដឹង​ពីការ​ធ្វើបាប​ប្រជាជន​យ៉ាង​ធ្ងន់ធ្ងរ​ពិសេស​ប្រជាជន​ក្រុងភ្នំពេញ ​ជាតិពន្ធុ​និង​បញ្ញាជន​មក​ពី​បរទេស។

លោកស្រី​ជា លាង ​សង្កត់​បន្ថែម​ថា៖​ «ការជម្លៀស​ប្រជាជន​ចេញពី​ភ្នំពេញ​សម្រេច​ដោយ​ខៀវ សំផន​ និង​នួនជា ​ដើម្បី​បោស​សម្អាត​ខ្មាំង»។

សូមបញ្ជាក់​ថា​ក្នុង​សវនាការ​ពីរ​ថ្ងៃ​មក​នេះ​មានតែ​ខៀវ សំផន ​ទេ​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​រីឯ​នួន ជា ​ចូលរួម​សវនាការ​តាម​រយៈ​ការភ្ជាប់​ទូរទស្សន៍​ទៅកាន់​បន្ទប់​ឃុំខ្លួន​ផ្នែក​ខាងក្រោម​សាល​ជំនុំ​ជម្រះ។

កាលពី​ថ្ងៃពុធ​ម្សិលមិញ​ក្រុមមេធាវី​តំណាង​ដើមបណ្តឹង​រដ្ឋប្បវេណី​បានទាមទារ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​សម្រេច​ឲ្យ​មានការសង់​ស្តូប​ចងចាំ​នៃ​ការជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​និង​នៅ​ទី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង​ សង់​បូជ​នីយដ្ឋាន​សម្រាប់តម្កល់​អដ្ឋិធាតុ​និង​រំលឹក​វិញ្ញាណខន្ធ​ជនរងគ្រោះ​ព្រម​ទាំង​ទាមទារ​សំណង​ផ្លូវចិត្ត​ជានិមិត្តរូប​មួយ​ចំនួន​ទៀត​ដូចជា​ការ​បោះពុម្ព​សៀវភៅ​ ការចងក្រង​ឯកសារ​និង​រៀបចំ​បណ្ណាល័យ​ជាដើម៕