អនុគណៈតំបន់មជ្ឈិមសម័យខ្មែរក្រហម ដែលជាជនសង្ស័យម្នាក់ក្នុងសំណុំរឿង០០៤ ត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីកាត់ទោសខ្មែរក្រហមសម្រេចដាក់ឲ្យឋិតនៅក្រោមការស៊ើបអង្កេត តែមិនទាន់មានការយល់ព្រមដោយភាគីជាតិទេ ដោយសារនៅមានការខ្វែងគំនិតគ្នាខ្លះៗ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ECCC ដែលមានការចូលរួមដោយអ.ស.ប. បានប្រាប់ VOA ថា នៅថ្ងៃទី១៤មីនានេះ ក្នុងការសម្រេចនៅចំពោះមុខជាលើកទីពីរ ដាក់ជនសង្ស័យអោ អាន ហៅតាអានឲ្យនៅក្រោមការស៊ើបអង្កេតនេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ក៏បានបន្ថែមការចោទប្រកាន់មួយចំនួនទៀតទៅលើការចោទប្រកាន់ដែលធ្វើឡើងនៅពេលជនសង្ស័យឈ្មោះអោ អានបានមកបង្ហាញខ្លួនជាលើកទីមួយកាលពីថ្ងៃទី២៧ខែមិនា ឆ្នាំ២០១៥នៅតុលាការខ្មែរក្រហម។
«ចៅក្រមស៊ើបអង្កេតជាតិគាត់មិនបានដាក់ឲ្យឋិតនៅក្រោមការត្រួតពិនិត្យទៅលើឧក្រិដ្ឋកម្មមួយចំនួនប្រឆាំងនឹង អោ អាន នោះទេ។ ប៉ុន្តែការស៊ើបអង្កេតកំពុងនៅតែបន្ត»។
អ្នកនាំពាក្យសាលាក្តីកាត់ទោសខ្មែរក្រហមរូបនេះនិយាយថា ទោះជាមាន ឬមិនមានការខ្វែងគំនិតគ្នាក៏ភាគីនីមួយៗអាចសម្រេចការចោទប្រកាន់ ឬចេញសេចក្តីថ្លែងការណ៍ដោយឯកតោភាគី។ ដូចនេះការសម្រេចដោយភាគីតែមួយមិនមែនសុទ្ធតែមានន័យថា មានការខ្វែងគំនិតគ្នាទេ។
លោក នេត្រ ភក្ត្រា មិនអាចបញ្ជាក់ថា តើមានការខ្វែងគំនិតគ្នារវាងលោក Michael Bohlander ចៅក្រមស៊ើបអង្កេតអន្តរជាតិ និងលោក យូ ប៊ុនឡេង ចៅក្រមស៊ើបអង្កេតជាតិ ឬយ៉ាងណាទេ។
«ចៅក្រមទាំងពីរយល់ឃើញយ៉ាងម៉េចចំពោះករណីហ្នឹងគឺវាឋិតនៅក្នុងនីតិវិធី ហើយនឹងការសម្ងាត់ក្នុងការស៊ើបអង្កេត។ ហើយយើងនឹងជូនដំណឹងនៅពេលក្រោយទាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះ»។
ការចោទប្រកាន់ជនសង្ស័យឈ្មោះអោ អាននេះធ្វើឡើងមិនបានមួយខែផងទេ ក្រោយពីសហចៅក្រមជាតិ និងអន្តរជាតិបានព្រមព្រៀងគ្នាបំបែកសំណុំរឿងរបស់គណៈស្រុកព្រះនេត្រព្រះសម័យខ្មែរក្រហមឈ្មោះ អ៊ឹម ចែម ហៅយាយចែម ចេញពីសំណុំរឿង០០៤ ដែលសល់តែឈ្មោះ យឹម ទិត ហៅតាទិត គណៈតំបន់ពាយ័ព្យសម័យខ្មែរក្រហម និងឈ្មោះអោ អាន ហៅតាអាន។
លោក នេត្រ ភក្ត្រា មានជំនឿថា សហចៅក្រមជាតិនិងអន្តរជាតិនឹងឈានដល់ការព្រមព្រៀងដូចករណីបំបែកសំណុំរឿងអ្នកស្រី អ៊ឹម ចែម ចេញជាសំណុំរឿង០០៤វគ្គ១។
នៅពេល VOA បានទៅជួបសម្ភាសន៍ជនសង្ស័យឈ្មោះអោ អាន ហៅ តា អាន នៅផ្ទះរបស់គាត់នៅស្រុកកំរៀង ខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០១១ អនុគណៈតំបន់មជ្ឈឹមសម័យខ្មែរក្រហមរូបនេះបានបដិសេធ ដោយបង្ហាញសេចក្តីក្លាហានដែលបង្កប់ដោយកំហឹងថា គាត់អត់ភ័យនឹងតុលាការ អត់ភ័យហ្នឹងយមបាលទេ។ តាអានអះអាងថា គាត់មិនធ្វើតាមបញ្ជារបស់អង្គការលើដែលឲ្យស្លាប់មនុស្សនោះទេ។
«ពេលដែលខ្ញុំទៅគឺអស់ហើយ តាំងពីក្រោមរហូតដល់លើ នៅតែ កែវ ពក មួយទេ។ គេចាប់បញ្ជូនមក។ ខាងភូមិភាគគេយកបញ្ជូនមក។ គេឲ្យកម្ទេច។ គេសួរទៀត...កែវ ពក។ "ទៅណាកម្លាំង?” "កម្ទេច!” តែនៅការដ្ឋានឯណោះ។ រួចឲ្យខ្ញុំធ្វើម៉េចទៅអញ្ចឹង? ឲ្យខ្ញុំធ្វើម៉េច? បើខំលាក់ប៉ុណ្ណឹងហើយ ធ្វើម៉េចទៅទៀត»។
អ្នកតាមដានអំពីសម័យខ្មែរក្រហម និយាយថា បើកម្មាភិបាលខែ្មរក្រហមឈ្មោះអោ អាន ហៅតាអានមិនសម្លាប់មនុស្សតាមបញ្ជារបស់អង្គការលើនោះទេ នោះជនសង្ស័យឈ្មោះអោ អានប្រហែលមិនអាចរស់ និងមានតួនាទីក្នុងរបស់ខ្មែរក្រហមរហូតរបបនេះដួលរលំនោះទេ។
លោកឡាត់ គីអ្នកសម្របសម្រួលនៃអង្គការអាដហុក ប្រចាំនៅសាលាក្តីកាត់ទោសខ្មែរក្រហមបាននិយាយថា ការចោទប្រកាន់ជនសង្ស័យក្នុងសំណុំរឿង០០៣ និង០០៤មានការអូសបន្លាយ។ តែលោកអបអរសាទរការសម្រេចរបស់លោក Michael Bohlander ចៅក្រមអន្តរជាតិ។
«នេះគឺជាដំណើរការវិវឌ្ឍន៍ដែលសាធារណជន ក៏ដូចជាជនរងគ្រោះទូទៅរង់ចាំយូរហើយអំពីភាពពាក់ព័ន្ធទៅលើជនសង្ស័យទាំងអស់នេះ»។
ការចោទប្រកាន់ជនសង្ស័យឈ្មោះអោ អាននេះរួមមានអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មនុស្សឃាត ការសម្លាប់រង្គាល ទាសភាព ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញលើប្រជាជន១៧មេសា អតីតទាហាន លន់ នល់ កម្មាភិបាលខ្មែរក្រហមភូមិភាគកណ្តាល ប្រជាជនមកពីភូមិភាគបូព៌ា ដែលគណៈតំបន់មជ្ឈិមសម័យខ្មែរក្រហមហៅថា សមាសភាពមិនល្អ ខ្មាំងផ្ទៃក្នុង។ ក្រៅពីនេះក៏មានការធ្វើទុក្ខបុកម្នេញជនជាតិចាម ជនជាតិវៀតណាម និងមានអាពាហ៍ពិពាហ៍ដោយបង្ខំ ហើយនឹងមានការរំលោភផ្លូវភេទផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលាក្តីកាត់ទោសខ្មែរក្រហមដែលចេញនៅថ្ងៃច័ន្ទនេះ។
បទចោទប្រកាន់ទាំងនេះបានកើតមាននៅកន្លែងសំខាន់ៗជាងដប់ រួមមានការដ្ឋានធ្វើពលកម្មដោយបង្ខំ កន្លែងមនុស្សឃាត មន្ទីរសន្តិសុខ និងទីតាំងផ្សេងៗទៀត។
សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា ជនសង្ស័យឈ្មោះ អោ អានអាចរកមេធាវីចូលមកពិនិត្យសំណុំរឿងដើម្បីការពារខ្លួន និងចូលរួមការស៊ើបអង្កេត៕