មេដឹកនាំពលរដ្ឋខ្មែរកម្ពុជាក្រោមប្រឆាំងនឹងប្រទេសវៀតណាមដ៏ខ្លាំងក្លាមួយរូបបានប្រកាសជាសាធារណៈថាខ្លួនបានទទួលរងការគំរាមសម្លាប់នៅក្នុងខណៈពេលកំពុងធ្វើការតវ៉ាប្រឆាំងនឹងអត្ថាធិប្បាយរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម។
លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោមបានដឹកនាំបាតុកម្មចំនួនប្រាំថ្ងៃហើយទាមទារឲ្យប្រទេសវៀតណាមសុំទោសជាសាធារណៈហើយត្រូវបញ្ចប់នៅថ្ងៃពុធនេះ។
ការទាមទារឲ្យសុំទោសកើតមានឡើងបន្ទាប់ពីអ្នកនាំពាក្យស្ថានទូតវៀតណាមបាននិយាយថាទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីរបស់ប្រទេសវៀតណាមជាយូរយារណាស់មកហើយ។
អត្ថាធិប្បាយនេះធ្វើឲ្យក្រុមប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមខឹងសម្បារនិងបានធ្វើបាតុកម្មជាបន្តបន្ទាប់ចាប់តាំងពីខែសីហាមកម្ល៉េះដើម្បីទាមទារឲ្យមន្ត្រីទូតរូបនោះធ្វើការកែតម្រូវនិងសុំទោសជាសាធារណៈហើយក្រុមប្រជាពលរដ្ឋខ្មែរចោទប្រកាន់ថានេះគឺជាការបំភ្លៃប្រវត្តិសាស្ដ្រ។
សម្រាប់ខែកញ្ញានេះប្រជាពលរដ្ឋនិងព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលដឹកនាំដោយលោកថាច់ សេដ្ឋា បានធ្វើការតវ៉ាចំនួនប្រាំថ្ងៃនៅពីមុខស្ថានទូតវៀតណាមក្នុងទីក្រុងភ្នំពេញក្រោមការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើននិងដាក់រនាំងដែក។
លោកថាច់ សេដ្ឋាបានថ្លែងប្រាប់ក្រុមបាតុករប្រមាណជាង២០០នាក់នៅរសៀលថ្ងៃនេះថាលោកទទួលរងការគំរាមសម្លាប់តាមទូរស័ព្ទដើម្បីរារាំងមិនឲ្យលោកដឹកនាំបាតុកម្មបន្តទៀត។
«ខ្ញុំសូមជម្រាបថា រហូតមកទល់ថ្ងៃនេះគេនៅតែប្រាប់ខ្ញុំទៀត។ ព្រឹកមិញតេទូរស័ព្ទមកថាអ្នកឯងកុំមកមុខស្ថានទូតយួនឲ្យសោះ។ គេនឹងសម្លាប់ខ្ញុំហើយ»។
លោកថាច់ សេដ្ឋា បានបញ្ជាក់បន្ថែមប្រាប់ក្រុមអ្នកយកព័ត៌មានថាអ្នកដែលគំរាមរូបលោកបានប្រើប្រាស់ទូរស័ព្ទដែលមិនបង្ហាញលេខនិងបាននិយាយជាភាសាវៀតណាម។
«គេបានទូរស័ព្ទពីរបីថ្ងៃនេះជាប់ រាប់ចាប់តាំងពីម្សិលម្ង៉ៃគេទូរស័ព្ទមកពីថ្ងៃរហូតដល់យប់រកដេកមិនបានរហូតដល់បិទទូរស័ព្ទ។ ហើយព្រឹកមិញពេលនិយាយជាមួយអ្នកកាសែត CEN វាទូរស័ព្ទមកខ្ញុំក៏ដាក់ឲ្យគេស្តាប់ទៅ។ គេគំរាមថាថ្ងៃនេះកុំឲ្យមកមុខស្ថានទូតយួនទៀតគេនឹងបាញ់សម្លាប់»។
លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញមិនអាចទាក់ទងបានទេនៅពេលនេះ។ ទោះជាយ៉ាងណាលោក ថាច់ សេដ្ឋា ឲ្យដឹងថាលោកមិនបានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ ប៉ុន្តែ លោកបានប្រាប់ដោយផ្ទាល់មាត់ដល់មន្ត្រីប៉ូលិសដែលមានវត្តមាននៅកន្លែងបាតុកម្មមុខស្ថានទូតវៀតណាមរួចហើយ។
ដោយឡែកអ្នកនាំពាក្យស្ថានទូតវៀតណាមដែលស្ថិតក្នុងភាពចម្រូងចម្រាសនេះត្រូវផ្ទេរចេញពីប្រទេសកម្ពុជារួច។ នេះបើយោងតាមមន្ត្រីផ្លូវការកម្ពុជា។ ទន្ទឹមគ្នានេះវីអូអេសំឡេងសហរដ្ឋអាមេរិកមិនអាចស្វែងរកការអត្ថាធិប្បាយទាក់ទងទៅនឹងការគំរាមមេដឹកនាំបាតុកម្មនេះបានទេ។
លោកអំ សំអាត ប្រធានផ្នែកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ អធិប្បាយថាមន្ត្រីអាជ្ញាធរខ្មែរគួរតែចាប់អារម្មណ៍លើរូបភាពគំរាមបែបនេះស្របពេលនេះដែរអង្គការរបស់លោកនឹងបើកការស៊ើបអង្កេតមួយដែរ។
«នេះគ្រាន់តែជាព័ត៌មានដែលយើងទទួលបានហើយយើងកំពុងស្រាវជ្រាវ។ តែទោះជាយ៉ាងណាកាលណាព័ត៌មាននេះកើតមានហើយ អាជ្ញាធរពាក់ព័ន្ធត្រូវតែចាត់វិធានការដើម្បីស្រាវជ្រាវលើព័ត៌មាននាពេលកន្លងមក»។
មានសញ្ញាជាច្រើននាពេលកន្លងមកដែលជនមិនស្គាល់មុខបានគំរាមសម្លាប់មន្ត្រីនិងសកម្មជនគណបក្សជំទាស់តាមទូរស័ព្ទនិងផ្ញើសារតាមទូរស័ព្ទហើយសកម្មជនទាំងនោះនៅទីបំផុតត្រូវឃាតករបាញ់សម្លាប់ ដូចជាលោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ឃឹម សំបូរ អ្នកកាសែតមាននិន្នាការប្រឆាំង និងលោកឈុត វិទ្ធី ដែលជាសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាជាដើម។
គួររំលឹកថា កាលពី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញបាននិយាយថា ប្រទេសបារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមពីកម្ពុជាឲ្យទៅវៀតណាមទេប៉ុន្តែទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតំាងពីយូរយារមកហើយ។បន្ថែមពីនោះមន្ត្រីវៀតណាមដដែលនោះអះអាងថាព័ត៌មានអំពីការបាត់បង់ទឹកដីខ្មែរនេះគ្មានអ្វីជាមូលដ្ឋានឬភស្តុតាងនោះទេ។
ចលនាទាមទារឲ្យអ្នកការទូតរូបនេះសុំទោសបានកក្រើកឡើងប៉ុន្តែមន្ត្រីវៀតណាមរូបនោះនៅតែមិនព្រមសុំទោសហើយបន្ទាប់មកក្រុមប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមបានយកញត្តិទៅដាក់នៅតាមស្ថានទូតនានានៃបណ្តាប្រទេសអាស៊ានដោយបានស្នើឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានជំរុញឲ្យរដ្ឋាភិបាលវៀតណាមគោរពនូវគោលការណ៍អាស៊ាននិងមិនមើលងាយឬ មិនរើសអើងប្រជាជាតិនៃប្រទេសជិតខាងក្នុងតំបន់៕