តុលា​ការ​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួន​អតីត​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​មួយ​​អង្គ រឿង​បំពាន​វិធាន​ការ​សុខា​ភិបាល

រូបឯកសារ៖ Former Khmer Krom monk Pang Sida អតីត​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម​ លោក​ ប៉ាង សុដា​ បាន​លេច​មុខ​ក្នុង​បទ​សម្ភាសន៍​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ជាមួយ​អង្គភាព​ព័ត៌មាន​ Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល និង​បាន​សារភាព​ថា​លោក​បាន​ប្រព្រឹត្ត​អំពើ​អសីល​ធម៌​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា។ (ថត​ពី​ទរទូរស្សន៍ Fresh News)

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​អតីត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​បំពាន​វិធាន​ការ​សុខាភិបាល។ នេះ​បើ​តាម​អ្នក​ជិត​ស្និទ្ធ​នឹង​ព្រះ​អង្គ។

ការ​សម្រេច​ឃុំ​ខ្លួន​នេះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ស្នើ​ឲ្យ​សមត្ថកិច្ចបក​ស្រាយ​ឲ្យ​បាន​ច្បាស់ពី​ការ​ចោទ​ប្រកាន់​លើ​អតីត​សង្ឃ​លោក ប៉ាង សុដា។

លោក ប៉ាង សុដា ដែល​មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អតីតព្រះ​ចៅ​អធិការ​វត្ត​វង្សគត​បុរីសេរី​ភ្នំពេញ​(ហៅ​វត្ត​ភ្នំពេញ​ថ្មី)ស្ថិត​នៅ​ភូមិ​ដូន​បុស្ស ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម ត្រូវ​បាន​ឃាត់​ខ្លួន​យ៉ាង​តក់​ក្រហល់ កាល​ពីថ្ងៃ​ទី២ ខែ​កញ្ញាឆ្នាំ២០២១។ បន្ទាប់​មក​មាន​ការ​ចុះ​ផ្សាយ​ថា​ព្រះ​អង្គ​ត្រូវ​បាន​ដោះ​លែង ប៉ុន្តែ​មិន​ទាន់​ឃើញ​លោក​បង្ហាញ​វត្តមាន។

លោក​ ប៊ុន មុនី ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដែល​បាន​ដឹង​អំពី​ការ​ឃុំ​ខ្លួន​នេះ បាន​ថ្លែង​ថា​លោក ប៉ាង សុដា ត្រូវ​បា​ន​តុលាការ​ចោទ​ប្រកាន់ រឿង​«​រារាំង​អនុវត្ត​វិធាន​ការ​ការពារ​កូវីដ​១៩» ដែល​លោក​ថា រឿង​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ និង​បត់​បែន​ច្រើន។ លោក​បន្ត​ថា ​អតីត​សង្ឃនោះ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ហើយរហូត​ដល់​ថ្ងៃទី​១៤ ខែ​កញ្ញា លោក ប៉ាង សុដា ត្រូវ​បាន​សមត្ថ​កិច្ចបញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃស​។ លោក​ស្នើ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​អនុវត្ត​ការ​ងារ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ឲ្យ​មាន​តម្លាភាព និង​កុំ​មាន​ការ​លាក់​បាំង​នៅ​ក្នុង​រឿង​មួយ​នេះ​។

លោក​ប្រាប់​វីអូអេ​ថា៖ «ប្រសិន​បើ​គាត់[លោក ប៉ាង សុដា] មាន​បញ្ហាអ្វី​កើត​ឡើង​ មាន​ទោស​កំហុស​អ្វី​សុំ​ឲ្យ​ខាង​សមត្ថកិច្ច​ដោះ​ស្រាយ​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់​ឲ្យ​មាន​ភាព​យុត្តិធម៌​ ហើយ​ឲ្យ​ឃើញ​ជា​សាធារណៈ​ដូច​ជាអ្នក​ដែល​មាន​ទោស​ដទៃៗ នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​យើង»។

វីអូអេ​បាន​ទាក់​ទង​លោក អ៊ី រិន្ទ ប្រធាន​លេខាធិ​ការ​ដ្ឋាន​រដ្ឋបាល​នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ និង​លោក សួស វិទ្យារ៉ាឌី អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពួកគេ​ឲ្យ​ទាក់​ទង​ទៅ​លោក ប្លង់ សុផល អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត។

វីអូអេ​បាន​ទាក់​ទង​លោក ប្លង់ សុផល ប៉ុន្តែ​លោក​ថា​សំណុំ​រឿង​នៅ​តុលាការ​មាន​ច្រើ​ន ដូច្នេះ​លោក​មិន​ចាំ​សំណុំ​រឿង​មួយនេះ​ទេ។

​បន្ទាប់ពី​ការ​ចាប់​ខ្លួន​និង​បង្ខំ​ឲ្យផ្សឹក គេ​ឃើញ​លោក ប៉ាង សុដា បាន​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​Fresh news ថា​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង និងអសីល​ធម៌​ខាង​ផ្នែក​ពុទ្ធ​សាសនា។

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រាប់​វីអូ​អេនៅ​ថ្ងៃសុក្រ​នេះ​ថា ​អង្គការ​សមា​គមខ្មែរ​កម្ពុជា​ក្រោម មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ចាប់​ផ្សឹក​ និង​ការ​ចាប់​ខ្លួន​លោក ប៉ាង​ សុដា។ លោក​បញ្ជាក់​ថា ​អាជ្ញាធរ​ហាក់​បី​ដូច​ជា​មាន​រឿង​អាថ៌​កំបាំង​លើ​ករណី​នេះ ហើយ​សូម្បី​តែ​គ្រួសារ​របស់​ជន​រង​គ្រោះ ក៏​សមត្ថកិច្ច​លាក់​បាំង​ដែរ។

លោក​ថ្លែង​ថា៖ «​តាម​ដែល​ខ្ញុំ​ទទួល​ព័ត៌​មាន​ឮ​ថា ​ចោទ​ប្រកាន់​ទៅ​លើ​[ការ​]មិន​អនុវត្ត​ទៅ​តាម​បម្រាម​ហាម​ឃាត់​កូវីដ​អីណា​នោះ​ទៅ​វិញ។ ដំបូង​យើង​ឃើញ​ថា​លោក​ចេញ​មក​សារភាព​រឿង​ទោស​កំហុស​ ខុស​ឆ្គង​លើ​[រឿង​]​អសីល​ធម៌​ខាង​ផ្នែក​ពុទ្ធ​សាសនា ប៉ុន្តែ​ក្រោយ​មក​បែរ​ទៅ​ជារៀង​អីណា​នុះ​ផ្សេង​ទៅ​វិញ។ បែប​ហ្នឹង​ យើង​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​ពី​ករណី​ហ្នឹងដែរ»។

លោក ថាច់ សេដ្ឋា អតីត​សមា​ជិក​ព្រឹទ្ធ​សភារ​បស់​គណបក្ស​សម រង្ស៊ី រូប​នេះ​បាន​បញ្ជាក់​ថា​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រកមេធាវីដើម្បី​ការពារ​ក្តីឲ្យ​លោក ប៉ាង​ សុដា៕