ការអំពាវនាវឱ្យមានអន្តរាគមន៍បរទេសចូលក្នុងបញ្ហាកម្ពុជាកាន់តែកើនឡើងក្នុងពេលដែលការបង្ក្រាបលើក្រុមប្រឆាំងនៅតែបន្ត ហើយសហគមន៍ខ្មែរនៅក្រៅប្រទេសខិតខំស្វែងរកវិធីមួយដើម្បីរួបរួមគ្នាដោះស្រាយវិបត្តិនយោបាយនេះ។
លោកហុង លីមសមាជិកសភាប្រចាំរដ្ឋVictoria ប្រទេសអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ បានចូលរួមអំពាវនាវឱ្យមានអន្តរាគមន៍ក្នុងពេលដែលលោកបានធ្វើដំណើរមកសហរដ្ឋអាមេរិកកាលពីដើមខែតុលានេះ។
លោកហុង លីមបានបន្ថែមថា មានតែអន្តរាគមន៍ពីសហគមន៍អន្តរជាតិទេ ដែលអាចបង្ខំរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពរំលោភសិទ្ធិមនុស្ស និងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា និងនាំយកសេរីភាពមកវិញសម្រាប់អង្គការសង្គមស៊ីវិល និងពលរដ្ឋខ្មែរ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងVOA លោកហុង លីមបានបញ្ជាក់ថា៖
«កុំភ្លេចថា សន្និសីទក្រុងប៉ារីសកើតឡើង ដោយសារគេមិនទទួលស្គាល់រដ្ឋាភិបាលហ្នឹង។ គេចាត់ទុករដ្ឋាភិបាលហ៊ុន សែនសម័យយួនយកមកឱ្យគ្រប់គ្រងខ្មែរហ្នឹងគឺជា រដ្ឋាភិបាលខុសច្បាប់។ ឥឡូវនេះ គាត់ធ្វើរហូតដល់ថ្នាក់គណបក្សប្រឆាំងគ្មានលទ្ធភាព ឬគ្មានមធ្យោបាយមកប្រកួតប្រជែងឱ្យស្មើមុខឱ្យសមរម្យឱ្យមានតម្លាភាព មានសេរីភាពក្នុងការឃោសនាហ្នឹង វានឹងទៅជារដ្ឋាភិបាលដែលជាប់ឆ្នោតនោះទៅជារដ្ឋាភិបាលមិនស្របច្បាប់ទៀតហើយ»។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាចំនួន ៤ដោយមានការចូលរួមពីប្រទេសហត្ថលេខីចំនួន ១៧ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីនាំសន្តិភាព និងលទ្ធិប្រជាធិបតេយ្យមកប្រទេសកម្ពុជា។
ប៉ុន្តែការអនុវត្តមិនដំណើរការល្អនោះទេ។ កាលពីដើមខែកញ្ញា លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានអាជ្ញាធរចូលចាប់ខ្លួនទាំងពាក់កណ្តាលយប់ពីក្នុងគេហដ្ឋានរបស់លោកបើទោះបីជាលោកកំពុងមានអភ័យឯកសិទ្ធិសភាក៏ដោយ។ លោកត្រូវបានតុលាការចោទប្រកាន់ពី«បទក្បត់ជាតិ»។
ការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលោកកឹម សុខាបានកើតមានឡើងនៅក្នុងប្រទេសជាច្រើន ដែលមានប្រជាពលរដ្ឋខ្មែររស់នៅក្នុងនោះមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ ក៏ដូចជានៅបណ្តាប្រទេស ដែលមានសហគមន៍ខ្មែររស់នៅច្រើនដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងបារាំង។
លោកហុង លីម មើលឃើញថា កម្រិតនៃការសហការគ្នារៀបចំការតវ៉ានោះបង្ហាញថា សហគមន៍ខ្មែរនៅក្រៅប្រទេសមានភាពចាស់ទុំ មានការរៀបចំគ្នាបានប្រសើរ មានការយល់ដឹងពីតម្រូវការក្នុងការធ្វើការជាមួយគ្នា។
លោកហុង លីមបានបន្ថែមថា លោកបានសម្រេចលាឈប់ពីនយោបាយរបស់ប្រទេសអូស្ត្រាលីនៅពេលបញ្ចប់អាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីផ្តោតលើការងារជួយបង្រួបបង្រួមសហគមន៍ខ្មែរនៅក្រៅប្រទេស។ លោកបានបម្រើការងារនៅក្នុងសភារបស់អូស្រ្តាលីប្រចាំរដ្ឋ Victoria អស់រយៈពេលជាង ២០ឆ្នាំហើយ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA លោកហុង លីមបានបញ្ជាក់ថា៖
«ខ្ញុំសូមបញ្ជាក់ថា តាមរយៈចំណេះដឹងរបស់ខ្ញុំ បទពិសោធន៍ដែលខ្ញុំមានក្នុងនាមជា សមាជិកសភា តាមរយៈការចូលរួមរបស់ខ្ញុំយ៉ាងសកម្មជាមួយនឹងគណបក្សនយោបាយរបស់ខ្ញុំគឺ ខ្ញុំមានយោបល់ច្រើនសម្រាប់ផ្តល់ជូនសហគមន៍»។
យ៉ាងណាក៏ដោយលោកហុង លីមបានបញ្ជាក់ថា លោកមិនមានបំណងទៅប្រកួតយកមុខតំណែងអ្វីនៅក្នុងឆាកនយោបាយនៅប្រទេសកម្ពុជាទេ។
លោកបានប្រាប់ដល់ក្រុមសមាជិកសហគមន៍ខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោនថា៖
«ខ្ញុំចង់ធ្វើឱ្យចលនាហ្នឹងជា ចលនាពេញមួយសាកលលោក ហើយគ្មានគោលបំណងទៅធ្វើជាគណបក្សនយោបាយអ្វីទេ ពីព្រោះគណបក្សនយោបាយច្រើនពេក។ តែពីរហ្នឹងពិបាកខ្លាំងហើយ។ យើងធ្វើឱ្យទៅជាកម្លាំងមួយដែលបើកាលណាយើងហាមាត់ឡើងគណបក្សណាក៏ដោយគេនឹងស្តាប់យើងពីព្រោះយើងគ្មានផលប្រយោជន៍អ្វីទាំងអស់ទៅចង់ដណ្តើមគេទេប៉ុន្តែយើងមានផលប្រយោជន៍តែមួយគត់គឺថា កុំធ្វើឱ្យខ្មែរថោកទាប»។
លោកបិន បាវ ប្រធានទិវាសហគមន៍ ដែលបានចូលរួមស្តាប់ការថ្លែងសំណេះសំណាលរបស់លោកហុង លីម បានយល់ស្របថាសហគមន៍ខ្មែរនៅក្រៅប្រទេសត្រូវការរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
«ខ្ញុំជឿថា យើងអត់ទាន់មានអ្នកណាម្នាក់ ដែលថា និយាយទៅគេគ្រប់គ្នាស្តាប់ បើសិនលោកហុងលីមគាត់អាចដើរតួនាទីថា ជាមនុស្សម្នាក់ដែលគាត់ជាអ្នកជួយបង្រួបបង្រួមគេហើយបង្ហាញនូវទឹកចិត្តល្អដែលថាគាត់ស្តាប់គេ។ គាត់ថ្លឹងថ្លែងបានត្រឹមត្រូវយកយុត្តិធម៌ជាធំ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរគេនឹងអាចមើលឃើញ។ គេនឹងគោរពគាត់ ហើយបើសិនជាមានមនុស្សម្នាក់ជា និមិត្តរូបនៃសក្ខីភាពរវាងខ្មែរ និងខ្មែរទាំងអស់គ្នានោះយើងនឹងធ្វើការអ្វីបានខ្លាំងបានល្អហើយ»។
លោកម៉ែន វណ្ណៈ ដែលជា អ្នករៀបចំសកម្មភាពសហគមន៍ប្រចាំនៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសិត (Massachusetts) ដែលបានរៀបចំកម្មវិធីមួយសម្រាប់លោកហុង លីមជួបជាមួយនឹងសមាជិកសហគមន៍នៅទៅនោះបាននិយាយថា លោកហុង លីមគឺជា មនុស្សគួរឱ្យគោរពដោយសារតែលោកមានបទពិសោធន៍ខាងនយោបាយនៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅបស្ចិមប្រទេស ដូច្នេះលោកអាចនឹងជួយជំរុញសហគមន៍អន្តរជាតិឱ្យធ្វើសកម្មភាពបាន។
«នេះគឺជា រឿងមួយដែលល្អ ដែលខ្ញុំសូមកោតសរសើរដល់ការផ្តួចផ្តើមគំនិតរបស់លោកហុង លីមគឺជារឿងត្រឹមត្រូវ ហើយយើងសប្បាយរីករាយមែនទែននៅក្នុងការធ្វើការសហការ និងការធ្វើការរួមគ្នាជាមួយគាត់ ហើយមែនទែនទៅយើងទទួលយកគំនិត និងអនុសាសន៍របស់គាត់ ដែលបានផ្តល់ឱ្យពួកយើងនៅក្នុងការជួបសហគមន៍នេះគឺ យើងទទួលយក ហើយនឹងគោរពតាមការស្នើសុំរបស់គាត់»។
សហគមន៍ខ្មែរនឹងរៀបចំសន្និសីទពិភពលោកមួយសម្រាប់មេដឹកនាំសហគមន៍ខ្មែរមកពីប្រទេសនានានៅលើពិភពលោកមកជួបប្រជុំគ្នានៅប្រទេសអូស្ត្រាលីពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ដើម្បីពិភាក្សាពីការអភិវឌ្ឍនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា៕