បេក្ខជនគណបក្សប្រជាធិបតេយ្យជាច្រើនកំពុងឃោសនារកសំឡេងគាំទ្រដើម្បីទទួលបានការតែងតាំងជាផ្លូវការពីគណបក្ស និងទទួលបានការគាំទ្រពីក្រុមអ្នកបោះឆ្នោត។ ហើយនៅទីបំផុតបេក្ខជនម្នាក់ដែលអាចរើសចេញជាផ្លូវការពីបេក្ខជនទាំងជាង២០នាក់ ដែលកំពុងប្រកួតប្រជែងគ្នាក្នុងគណបក្សប្រជាធិបតេយ្យនេះ នឹងត្រូវប្រកួតជាមួយនឹងបេក្ខជនគណបក្សសាធារណរដ្ឋ គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងកាន់អំណាចបច្ចុប្បន្ន។
មានដើមកំណើតនៅខេត្តតាកែវ លោក ស្រ៊ុន តាំង ហ៊ាង ពលរដ្ឋខ្មែរអាមេរិកាំងក្នុងទី ក្រុង Bloomington រដ្ឋមីនីសូតា ដែលបានមកដល់សហរដ្ឋអាមេរិកជាជនភៀសខ្លួន កាលពីទសវត្សរ៍១៩៨០រួចផុតពីរបបខ្មែរក្រហម បានអះអាងថា ភាគច្រើនបំផុត លោកទៅបោះឆ្នោតរើសប្រធានាធិបតី តែពេលនេះលោកកំពុងតាមដានការឃោសនារបស់បេក្ខជនប្រធានាធិបតីអាមេរិក។
«ខ្ញុំនៅមើលទៀតថា candidate (បេក្ខជន) ណាដែលអាចគ្រាន់បើជាង លោកត្រាំ ឬ មួយត្រាំ ព្រោះជួនកាលយើងមើលទៅគឺថា យើងអត់អាចមានជម្រើស យើងអាចរើស ត្រាំ វិញក៏ថាបាន។ រឿងហ្នឹងស៊ីសងលើអ្វីដែលយើងត្រូវ we just select the best of the worse ជ្រើសរើសបេក្ខជនល្អក្នុងចំណោមបេក្ខជនអាក្រក់បំផុត»។
លោកថា លោកមិនសូវចូលចិត្តបេក្ខជនណាដែលគិតតែពីរឿងក្នុងស្រុកខ្លាំងពេកនោះទេ។
«ទី១ យើងមើលរបៀបថា និយាយដោយសច្ចភាពទៅ បើគេនិយាយរឿងដំឡើងពន្ធអី ខ្ញុំមិនសូវចូលចិត្តទេ និយាយមែនទែន តែបើគេនិយាយបញ្ចុះពន្ធដូចរឿងចូលចិត្តបន្តិច។ ទី២ យើងមើលរឿងសម្លឹងមើល (focus) ផ្តោតទៅលើរឿងអន្តរជាតិ។ បេក្ខជនមួយៗមក តើគេផ្តោតទៅលើរឿងផលប្រយោជន៍ជាតិ (national interest) ឬ ផ្តោតលើក្រៅប្រទេស។ បើគេផ្តោតទៅក្រៅច្រើនជាង ខ្ញុំចូលចិត្តជាង»។
លោក ស្រ៊ុន តាំងហ៊ាង បន្ថែមថា ក្នុងនាមជាប្រទេសមហាអំណាចសហរដ្ឋអាមេរិកត្រូវការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក។
«យើងវាត្រូវការ Business (ពាណិជ្ជកម្ម) ហើយពាណិជ្ជកម្មទាល់តែយើងទាក់ទងទៅខាងក្រៅបានខ្លាំង បានយើងអាចដណ្តើមទីផ្សារ (market )និយាយមែនទែនទៅ ហើយបើយើងបណ្តោយឲ្យគេយកទីផ្សារ យើងមានបញ្ហាហើយ។ អីចឹងយើងត្រូវតែខ្លាំង និងប្រកួតប្រជែងឲ្យបានច្រើន ហើយជាពិសេសមិនចង់ឲ្យពួកកុម្មុយនិស្ត dominate គ្រប់គ្រងផង។ សម័យមុនគឺកុម្មុយនិស្ត ហើយដល់ឥឡូវថាកុម្មុយនិស្តអស់ ក៏ប៉ុន្តែរបបផ្តាច់ការក៏ឃើញថា វាក៏ច្រើនដែរណាស់»។
Your browser doesn’t support HTML5
លោកលើកយកឧទាហរណ៍សម័យខ្មែរក្រហមមកបញ្ជាក់ ដែលលោកបានឆ្លងកាត់យ៉ាងវេទនា ហើយពលរដ្ឋខ្មែរជាង ១លាន ៧ សែននាក់ ត្រូវសម្លាប់និងរាប់ម៉ឺនសែននាក់ទៀតត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ។
ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋមីនីសូតាម្នាក់ទៀតគឺលោកចិន្តា សួគ៌ ដែលបាន ភៀសខ្លូនមកតាមជំរំជនភៀសខ្លួនចេញពីរបបខ្មែរក្រហមមករស់នៅអាមេរិកតាំងពី តូចបានថ្លែងថា លោកតាមដានមុននឹងបោះឆ្នោតដល់បេក្ខជនណា ដែលគិតគូរពីរឿងអ្វីដែលលោកចូលចិត្ត ហើយនឹងធ្វើទំនាក់ទំនងជាក្រុមអ្នកនយោបាយអាមេរិកាំង ដើម្បីជួយដល់សហគមន៍ខ្មែរ ដូចជាត្រូវអញ្ជើញអភិបាលក្រុងមកចូលរួមនៅក្នុងកម្មវិធីបុណ្យវត្តមុនីសុតារាមជាដើម ដោយមិនចាំបាច់មានលិខិតផ្លូវការ។
«ហើយខ្ញុំអត់បានផ្ញើលិខិតអញ្ជើញសមរម្យទេ ព្រោះយើងស្គាល់គាត់ ធ្លាប់រត់មុខការជាមួយគាត់ រឿងអញ្ចឹងៗវាសំខាន់នៅស្រុកអាមេរិក»។
លោកថា បញ្ហាដែលលោកតាមដាន មានឧទាហរណ៍មួយចំនួនដូចជាថាតើបេក្ខជនណាមានគោលនយោបាយសេដ្ឋកិច្ចល្អ ធ្វើឲ្យប្រទេសរីកចម្រើន និងដូចជាការធ្វើកំណែទម្រង់ផ្នែកអប់រំជាដើម។ លោក ចិន្តា សួគ៌ បានបន្តថា បើខ្មែរយើងចូលក្នុងនយោបាយអាមេរិកវាល្អ ព្រោះយើងមានសំឡេង កែប្រែសង្គម និងជួយសហគមន៍។
«បើយើងចូលរួមអីចឹង ហើយយើងចូលជនជាតិ(សញ្ជាតិ)ទៅ ជាពិសេសចូលសញ្ជាតិតែម្តង។ បើសិនយើងនៅដល់ឆ្នាំហើយ យើងអាចចូលសញ្ជាតិបានហើយយើងចូលសញ្ជាតិ ហើយយើងអាចបោះឆ្នោតបាន ព្រោះជួនកាលយើងបោះឆ្នោតហ្នឹងទៅ យើងមានសំឡេង ដូចថាយើងចង់បានអីចេះ យើងចង់បានអញ្ចុះ យើងមានសំឡេង។ បើយើងអត់ទៅបោះឆ្នោត យើងអត់ចូលរួមពាក់ព័ន្ធជាមួយសហគមន៍អាមេរិកាំងទេ សហគមន៍សាសន៍ផ្សេងៗ យើងអត់រីកចម្រើន ហើយអត់ចេះច្រើនទៀត»។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ជាជនអន្តោប្រវេសន៍មករស់នៅក្នុងរដ្ឋមីនីសូតាប្រមាណ ១០ឆ្នាំគឺ លោក សរ ជេដ្ឋា បានថ្លែងពីការចូលរួមរបស់លោកក្នុងការបោះឆ្នោតនៅ សហរដ្ឋអាមេរិក។
«ខ្ញុំសប្បាយចិត្តនឹងទៅបោះឆ្នោតព្រោះអីសន្លឹកឆ្នោតខ្ញុំមួយសន្លឹក ខ្ញុំអាចសម្រេចថា ខ្ញុំនឹងជ្រើសរើសអ្នកណាម្នាក់ ដែលខ្ញុំពេញចិត្តពេញចិត្តរបៀបម៉េច? ឧបមារថា ខ្ញុំចូលចិត្តបេក្ខជនសុភាពរាបសារ ចូលចិត្តភាពមោះមុត ម៉ឺងម៉ាត់ ខ្ញុំនឹងជ្រើសរើសបេក្ខភាពនោះ ខ្ញុំមិនបានចាប់អារម្មណ៍ថា អ្នកណាបក្សខាងណា អ្នកណាបក្សខាងណីទេ ព្រោះខ្ញុំធ្វើម៉េចដើម្បីឲ្យប្រធានាធិបតីដែលនឹងឡើងកាន់អំណាចដែលខ្ញុំបោះឆ្នោតជូនហ្នឹង គឺថាមានទស្សនៈប្រហាក់ប្រហែលនឹងយើងខ្ញុំ។នេះជាបំណងប្រាថ្នារបស់ពួកយើងខ្ញុំ ជាពិសេសខ្ញុំនេះឯង ដែលប្រាថ្នាចង់ឲ្យប្រធានាធិបតីហ្នឹងគឺថាមានបេះដូងឬក៏មានសកម្មភាពល្អប្រសើរ ដែលខ្ញុំចាត់ទុកថាអាចទទួលយកបាន»។
Your browser doesn’t support HTML5
លោកបន្តថា មានបញ្ហាជាច្រើនដែលលោកឃ្លាំមើលមុនការបោះឆ្នោត គឺសេរីភាព ការធានាសុខភាព ការគោរពច្បាប់ជាដើម។
«ទំនោរនឹងចំណង់របស់អ្នកបោះឆ្នោត ជាពិសេសយើងខ្ញុំហ្នឹង ក៏គិតទាក់ទងដល់ហ្នឹងទាំងអស់គ្នា ទាំងផ្លូវសង្គមដូចខ្ញុំនិយាយរួចហើយទាំងសេរីភាព ហើយនឹងសុខភាព ក៏យើងបានគិតគូរដែរ។ នៅទីនេះបើនិយាយពីសុខភាពគេល្អណាស់ ល្អយកតែមែនទែន»។
លោកក៏ប្រាថ្នាចង់ឲ្យមានការអនុវត្តន៍ច្បាប់ និងសេរីភាព សន្តិភាព យុត្តិធម៌ពិត ប្រាកដកើតមានដល់ប្រទេស និងពលរដ្ឋកម្ពុជាក្នុងប្រទេសកំណើត។
ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋមីនីសូតា លោក សេក កុសល ដែលជួយកិច្ចការសង្គម តាមរយៈអង្គការក្រៅរដ្ឋាភិបាលមួយផ្នែកសិល្បៈ បានអះអាងថា លោកចូលចិត្តបេក្ខជនណាដែលមានគោលនយោបាយមិនសូវយកពន្ធដាច្រើនពេក ជួយដល់ជីវភាពពលរដ្ឋ ជាពិសេសបញ្ហាអន្តោប្រវេសន៍ឬហៅថា Immigration ដែលលោកចង់ឃើញមានអំណោយផលខ្លាំងដល់ខ្មែរយើង។
«យើងចង់មានឱកាសដើម្បីឲ្យប្អូនៗយើងមកពីប្រទេសកម្ពុជា មានឱកាសមករៀន សូត្រនៅសហរដ្ឋអាមេរិក។ អីចឹងអ្វីទាក់ទងលើបញ្ហាអន្តោប្រវេសន៍ ខ្ញុំយកចិត្តទុក ដាក់មែនទែន ហេតុអ្វី? ព្រោះវាប៉ះពាល់ដល់ការងារសង្គមរបស់យើង»។
សម្រាប់បេក្ខជនប្រធានាធិបតីថ្មី លោកនឹងសម្រេចចិត្តនៅនាទីចុងក្រោយ។
«ខ្ញុំវិញ ខ្ញុំព្យាយាមកុំសម្រេចចិត្តមុនពេលឃើញបេក្ខជនទាំងអស់នៅមុខយើង តែខ្ញុំទោះជាយ៉ាងម៉េចក៏ដោយ ខ្ញុំអត់ចង់ចែករំលែកឲ្យអ្នកជុំវិញខ្ញុំហ្នឹង បោះឆ្នោតតាមខ្ញុំទេ ព្រោះជួនកាលខ្ញុំក៏បោះឆ្នោតខុសដែរអីចឹង ខ្ញុំក៏ចង់រៀនសូត្រពីគាត់ដែរ។ តែអ្វីដែល ខ្ញុំអាចចែករំលែកហ្នឹង តើហេតុអ្វីបានជាខ្ញុំធ្វើការងារដូចខ្ញុំហ្នឹង បេក្ខជនដែលខ្ញុំចង់បានហ្នឹងគាត់គិតម៉េចដែរ? តែបើថាខ្ញុំមានឈ្មោះណាដែលខ្ញុំបោះឆ្នោតឲ្យ អត់ទាន់មានទេ»។
បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ បានពិភាក្សាដេញដោលគ្នានៅ ទីក្រុងម៉ៃយ៉ាមី រដ្ឋផ្ល័រីដា កាលពីចុងខែមិថុនា ក្នុងនោះគេសង្កេតឃើញបេក្ខជនលេចធ្លោរជាច្រើនបានផ្តោតលើបញ្ហាអន្តោប្រវេសន៍ និងបញ្ហាសុខាភិបាលផងដែរ។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ និងពលរដ្ឋអាមេរិកាំងជាង ២២៤ លាននាក់នឹង ត្រូវចេញទៅបោះឆ្នោតរៀងរាល់ ៤ឆ្នាំម្តង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខដើម្បីជ្រើសរើសប្រធានាធិបតីដែលច្បាប់កំណត់ឲ្យកាន់អំណាចបានតែពីរអាណត្តិ ឬ៨ឆ្នាំនោះ៕