មេ​បក្ស​ប្រឆាំង​​​ប៉ាគីស្ថាន​និយាយ​ថាបើ​លោក​ជា​នាយក​រដ្ឋ​មន្រ្តី​ ជំ​នួប​​ជាមួយ​លោកត្រាំ​ជា​ការ​ល្វីង​ជូរ​ចត់

លោក Imran Khan ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ។

លោក​ Imran Khan​ អ្នក​នយោបាយ​ប្រជា​និយម​របស់​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ប៉ាគីស្ថាន ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​ភាព​ជា​ដៃគូ​របស់​ប៉ាគីស្ថានក្នុង​សង្គ្រាម​ប្រ​ឆាំង​ភេរវកម្ម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដោយ​លោក​ថ្លែង​ថា​ ប្រសិន​បើ​លោក​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី ​លោក​នឹង​ជួប​ជាមួយ​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​ក៏ប៉ុន្តែ ​ជំនួប​នោះ​នឹងក្លាយ​ជា​ពិបាក​មួយ។

លោក ​Khan​ ជា​មេដឹកនាំ​គណបក្ស​ប៉ាគីស្ថាន ​Tehreek-e-Insaf ​ឬ ​PTI ​ដែល​បាន​លេច​ធ្លោ​ជា​កម្លាំង​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​លើ​ឆាក​ជាតិ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។ ពួក​អ្នក​សង្កេត​ការ​រំពឹង​ថា ​អតីតកីឡា​ករ ​Cricket​ ដែល​បាន​ក្លាយ​ជា​អ្នក​នយោ​បាយរូប​នេះ​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ចុង​ឆ្នាំ​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​របស់​ប៉ាគីស្ថាន។

លោក Khan បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដកាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ពន្យល់​ទស្សនៈ​របស់​លោកស្តី​ពីបញ្ហាគោល​នយោបាយ​ការ​បរ​ទេស​របស់​ប៉ាគីស្ថាន។

នៅ​ពេល​ដែល​ពួក​អ្នកយក​ព័ត៌មាន​សួរថា​ តើ​លោក​នឹង​សុខចិត្ត​អង្គុយ​ជាមួយ​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​បាន​ស្រួល​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​នោះ ​លោក​ Khan ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ជា​មហា​អំណាច​ផុត​លេខ​ ហើយ​គ្រប់​ប្រទេស​ទាំង​អស់​ចង់​ធ្វើ​ការ​ជាមួយ​អាមេ​រិក។

​អ្នក​នយោ​បាន​ប៉ាគីស្ថាន​រូប​នេះ​បាន​និយាយ​ថា​ «ខ្ញុំ​មិន​ចូល​ចិត្ត​ទេ ​ក៏ប៉ុន្តែ ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ដោយ​ការ​ទើស​ទាល់​ហើយ​នឹង​ជួប​ប្រធានា​ធិបតី​ត្រាំ។ ថា​តើ​យើង​អាច​ធ្វើ​ការទាក់​ទង​ដែរ​ឬ​ទេ ​ខ្ញុំ​មិន​ប្រាកដ​ទេ។​ ក៏ប៉ុន្តែ ជាការ​ពិត ​យើង​ត្រូវតែ​ធ្វើ​ការ​ជា​មួយ​សហរដ្ឋ​អាមេរិក‍»៕