លទ្ធផលបឋមនៃការបោះឆ្នោតរដ្ឋសភានៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធម្សិលមិញ បានបង្ហាញថា គណបក្សរបស់លោក Imran Khan បាននាំមុខ ស្របពេលដែលមានការចោទប្រកាន់ពីគណបក្សប្រជែងជាមួយនឹងគណបក្សរបស់លោកស្ទើរតែទាំងអស់ថា ការបោះឆ្នោតនេះត្រូវបានគេលួចបន្លំដើម្បីជួយលោក Imran Khan ឲ្យឈ្នះការបោះឆ្នោត។
មន្ត្រីគណៈកម្មការបោះឆ្នោតឯករាជ្យនៃប្រទេសប៉ាគីស្ថាន បានសន្យាថានឹងប្រកាសពីលទ្ធផលទាំងស្រុងនៃការបោះឆ្នោតនេះនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែពួកគេបានបដិសេធការចោទប្រកាន់ទាំងនេះ នឹងបានបញ្ជាក់ថា បញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធរាយការណ៍បោះឆ្នោតគឺជាមូលហេតុដែលបណ្ដាលឲ្យមានការពន្យារពេលយូរនៅក្នុងការប្រកាសលទ្ធផល។
បន្ទាប់ពីសន្លឹកឆ្នោតនៅតាមមណ្ឌលបោះឆ្នោតចំនួនប្រហែល ៤៧ ភាគរយនៅទូទាំងប្រទេសត្រូវបានរាប់រួចមក គេឃើញថា គណបក្សចលនាប៉ាគីស្ថានដើម្បីយុត្តិធម៌របស់លោក Imran Khna បានឈ្នះអាសនៈចំនួន ១១៣ នៃអាសនៈចំនួន ២៧២ ដែលដាក់សម្រាប់ប្រជែងដណ្ដើមយកនៅក្នុងការបោះឆ្នោតនេះ។ ចំណែកឯអាសនៈចំនួន ៧០ ទៀត នៃអាសនៈសរុបរបស់រដ្ឋសភាជាតិចំនួន ៣៤២ គឺរក្សាទុកសម្រាប់ស្ត្រី និងជនជាតិភាគតិច ហើយនឹងត្រូវផ្ដល់ជូនគណបក្សនយោបាយផ្សេងៗផ្អែកលើភាគរយនៃការឈ្នះអាសនៈរបស់ពួកគេ។
ចំណែកឯគណបក្សសម្ព័ន្ធឥស្លាមប៉ាគីស្ថានរបស់លោកអតីតនាយករដ្ឋមន្ត្រី Nawaz Sharif វិញ ទទួលបានអាសនៈចំនួន ៦៦។ រីឯគណបក្សប្រជាជនប៉ាគីស្ថានរបស់លោក Bilawal Bhutto ទទួលបានអាសនៈចំនួន ៣៩ នៅក្នុងលទ្ធផលបឋមនៃការបោះឆ្នោតនេះ៕