មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ Ayatollah Khamenei បានបញ្ជាក់ថា កិច្ចព្រមព្រៀងជាគម្រោងជាមួយបស្ចឹមប្រទេសមិនធានាថា កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រមួយនឹងបានសម្រេចទេ ដើម្បីកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេរ៉ង់ (Tehran) ជាថ្នូរនឹងការលុបចោលទណ្ឌកម្មអន្តរជាតិនោះ។
នៅក្នុងសន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍នេះលោកAyatollah Khamenei បានថ្លែងថា លោក«មិនគាំទ្រឬប្រឆាំង» នឹងកិច្ចព្រមព្រៀងជាគម្រោងដែលបានសម្រេចកាលពីសប្តាហ៍មុនរវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចទាំង៦ នោះទេ ដោយបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនទាន់ធ្វើចប់ទេ ហើយមិនតម្រូវឲ្យធ្វើតាមទេ។
តែមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ រូបនេះបានសម្តែងការគាំទ្របន្តរបស់លោកចំពោះកិច្ចចរចាគ្នា ហើយថាលោកសុខចិត្តទទួលកិច្ចព្រមព្រៀងសម្របសម្រួលគ្នាមួយដែល «គោរពសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ អ៊ីរ៉ង់»។
រដ្ឋាភិបាលក្រុង Tehran និង វ៉ាស៊ីនតោន មានការខ្វែងគំនិតគ្នាឥតឈប់ឈរអំពីចំណុចជាក់លាក់ជាច្រើន រួមទាំងល្បឿននៃការលុបចោលទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងអ៊ីរ៉ង់ នៅពេលណាដែលកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រមួយនឹងបានសម្រេច។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានថ្លែងនៅក្នុងសន្ទរកថាមួយដើម្បីរំលឹក«ទិវាបច្ចេកវិទ្យាជាតិរបស់ អ៊ីរ៉ង់» ថា រដ្ឋាភិបាលក្រុង Tehran នឹងមិនទទួលយកកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រណាមួយទេលុះណាតែទណ្ឌកម្មទាំងអស់ត្រូវលុបចោល។
លោកថ្លែងថា «យើងនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ រហូតទាល់តែទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ត្រូវលុបចោលជាបន្ទាន់ នៅថ្ងៃទីមួយជាមួយគ្នានឹងការអនុវត្តកិច្ចព្រមព្រៀងគ្នា»៕