ការ​បោះឆ្នោត​បឋម​សំខាន់ៗ​​ប្រព្រឹត្ត​ធ្វើ​នៅ​រដ្ឋ​ចំនួន​បី​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ថ្ងៃ​អង្គារ

រូបឯកសារ៖ ស្លាក​សញ្ញាបង្ហាញ​ផ្លូវ​ដល់​អ្នក​បោះឆ្នោត​នៅ​រដ្ឋធានី Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨។

ការ​បោះឆ្នោត​បឋម​សំខាន់ៗ​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ធ្វើ​កាល​ពី​ថ្ងៃ​អង្គារ​នៅរដ្ឋ​ចំនួន​បី​របស់​សហរដ្ឋ​អាមេរិក គឺ​នៅ​រដ្ឋ​ Kentucky រដ្ឋ New York ​និង រដ្ឋ Virginia ​ដែល​ស្ថិត​នៅ​ជាប់​រដ្ឋធានី​វ៉ាស៊ីនតោន។​

រដ្ឋ Kentucky ដែល​ស្ថិតនៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក មានការ​បោះឆ្នោត​បឋមសំខាន់​សម្រាប់​តំណែងអាសនៈ​ព្រឹទ្ធសភា​របស់​គណប្ស​ប្រជាធិបតេយ្យ​ ដែល​នឹង​ក្លាយ​ជា​បេក្ខជន​បក្ស​ដែល​នឹង​ត្រូវ​តតាំង​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​បច្ចុប្បន្នលោក Mitch McConnell ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ។

រដ្ឋ​ New York ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ មាន​ការ​បោះឆ្នោត​បឋមដ៏​ស្វិតស្វាញ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​តទល់​យក​អាសនៈ​រដ្ឋសភា​របស់​អ្នកតំណាងរាស្ត្រ​យូរ​ឆ្នាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​លោក Eliot Engel។

​រដ្ឋ​ Virginia ​ដែល​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ មាន​ការ​ប្រកួត​ការ​បោះឆ្នោត​បឋម​សម្រាប់​ដណ្តើម​អាសនៈ​រដ្ឋសភា​ចំនួន​ ៧ ព្រម​ជាមួយ​នឹង​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ជ្រើសរើស​បេក្ខជន​ទៅ​ប្រកួតដណ្តើម​អាសនៈ​ព្រឹទ្ធសភា​តំណាង​រដ្ឋ​ Virginia ពី​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​លោក Mark Warner នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។

នៅថ្ងៃ​អង្គារ​ដែរ លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ​ នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Arizona ភាគ​និរតី​សហរដ្ឋ​អាមេរិក ដែល​នៅ​ទី​នោះ​លោក​គ្រោង​នឹង​ពិនិត្យ​ជញ្ជាំង​ខណ្ឌ​ព្រំដែន​មួយ​កន្លែងជាមួយ​ប្រទេស​ម៉ិកស៊ិកនៅ​ទី​ក្រុង Yuma ដែល​ជា​តំបន់​មួយ​មាន​ការ​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូវីដ១៩។ លោក​ក៏​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មនុស្ស​ ៣ ពាន់​នាក់​ក្នុង​ពិធី​ជួប​ជាមួយ​និស្សិត​មួយ​កន្លែង​នៅ​ទី​ក្រុង Phoenix ផង​ដែរ។ ទាំង​ទីក្រុង Yuma និង​ទីក្រុង​ Phoenix តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​មុខ​ពេល​ចេញ​ទៅ​ក្រៅ៕