លោក Joseph Yun អ្នកតំណាងពិសេសនៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការគោលនយោបាយកូរ៉េខាងជើង នឹងចាកចេញពីតំណែងរបស់លោកនៅក្នុងសប្ដាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃចន្ទម្សិលមិញ ដោយនិយាយថា លោក Joseph Yun នឹងចូលនិវត្តន៍នៅថ្ងៃសុក្រខាងមុខនេះ «ដោយសារមូលហេតុផ្ទាល់ខ្លួន» ហើយលោករដ្ឋមន្ត្រីការបរទេស Rex Tillerson បាន «ឯកភាពដោយស្ទាក់ស្ទើរ» ជាមួយនឹងការសម្រេចចិត្តរបស់មន្ត្រីការទូតជើងចាស់មួយនេះ។
លោក Joseph Yun ដែលកាន់តំណែងជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការកូរ៉េ និងជប៉ុនផងដែរនោះ បានបញ្ជាក់អះអាងអំពីការចូលនិវត្តន៍របស់លោកជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកាលពីថ្ងៃចន្ទម្សិលមិញ។
លោក Joseph Yun ដែលជាមន្ត្រីជើងចាស់បម្រើការបានរយៈពេល ៣២ ឆ្នាំ ឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានតែងតាំងជាអ្នកតំណាងពិសេសសម្រាប់កិច្ចការគោលនយោបាយកូរ៉េខាងជើងកាលពីខែតុលា ឆ្នាំ ២០១៦ នៅក្រោមអាណត្តិរបស់អតីតប្រធានាធិបតី Barack Obama។
ការចូលនិវត្តន៍របស់លោកបានធ្វើឡើងចំពេលដែលមានសញ្ញាថារដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រហែលជានៅទីបំផុតអាចមានឆន្ទៈក្នុងការពិភាក្សាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើង។
កន្លងមក លោក Yun បានតស៊ូមតិឲ្យមានការប្រឡូកដោយផ្ទាល់ជាមួយនឹងប្រទេសកូរ៉េខាងជើង និងបានពិភាក្សាដោយផ្ទាល់ជាប្រចាំជាមួយនឹងមន្ត្រីការទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ៕