ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ទៅ​ចិន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​វិនិយោគ​របស់​ចិន

ប្រធានាធិបតីចិនលោក Xi Jinping និង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Shehbaz Sharif ចាប់ដៃ​ស្វាគមន៍​គ្នា​នៅ​ក្នុង​ជំនួប​មយយ នៅ​ទីក្រុងប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ (China Daily via REUTERS)

មន្ត្រី​រដ្ឋាភិបាល​ប៉ាគីស្ថាន​កំពុង​សាទរ​ចំពោះ​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅកាន់​ប្រទេស​ចិន​របស់​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Shehbaz Sharif។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រុម​អ្នកសង្កេតការណ៍​និយាយ​ថា ទោះបីជា​ដំណើរ​ទស្សនកិច្ច​នោះ​គឺជា​ការបង្ហាញ​ជា​ធម្មតា​នៃ​ទំនាក់ទំនង​ដ៏​កក់ក្តៅ​ពី​ភាគី​ទាំងពីរ​ក៏ដោយ ក៏​ឧបសគ្គ​នៅតែ​មាន​នៅក្នុង​ការ​កែលម្អ​ភាព​ជាដៃគូ​សេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ាគីស្ថាន ដែល​ភាគច្រើន​ដោយសារតែ​គោលនយោបាយ​មិន​ល្អ​របស់​ប៉ាគីស្ថាន។

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី Sharif ទៅកាន់​ប្រទេស​ចិន​នេះ​បាន​ធ្វើឡើង ខណៈ​ដែល​ប៉ាគីស្ថាន​កំពុង​ស្វែងរក​ការ​វិនិយោគ​ទុន​ពី​បរទេស​បន្ថែម​ទៀត​និង​កំពុង​សម្លឹង​រកមើល​ការ​ជំរុញ​ការនាំចេញ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ខ្លួន ចំពេល​មាន​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ប៉ាគីស្ថាន​លោក Attaullah Tarar បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នេះ​ថា «ជោគជ័យ​និង​ជា​ប្រវត្តិសាស្ត្រ»។

លោក Tarar បាន​និយាយ​ថា៖ «ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​ចិន​នេះ​នឹង​បាន​ទៅ​ដល់​ប្រជាជន​ប៉ាគីស្ថាន» ។

លោក Sharif បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​តាម​ការអញ្ជើញ​របស់​សមភាគី​ចិន​លោក​នាយករដ្ឋមន្ត្រី Li Qiang ដែល​លោក​បាន​ជួប​ពិភាក្សា​ការងារ​ថ្នាក់​គណៈប្រតិភូ​នៅ​ទីក្រុង​ប៉េកាំង។ លោក Sharif ក៏​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Shenzhen និង​ទីក្រុង Xi'an ផងដែរ​ដើម្បី​ជួយ​កសាង​ទំនាក់ទំនង​រវាង​អាជីវកម្ម​និង​អាជីវកម្ម និង​ដើម្បី​សង្កេត​មើល​ការ​រីកចម្រើន​របស់​ប្រទេស​ចិន​ក្នុង​វិស័យ​កសិកម្ម បច្ចេកវិទ្យា និង​ការ​សម្របសម្រួល​អាជីវកម្ម។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចេញ​ផ្សាយ​នៅចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នេះប្រទេស​ចិន​និង​ប៉ាគីស្ថាន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​នៃ​ការយោគយល់គ្នា​ ចំនួន ២៣ ក្នុង​វិស័យ​ជាច្រើន​រួមមាន​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហ​ប្រតិបត្តិការ​ឧស្សាហកម្ម ជំនួយ​អភិវឌ្ឍន៍​អន្តរ​រដ្ឋាភិបាល បទបញ្ជា​ទីផ្សារ សុរិយោដី​និង​ការ ធ្វើ​ផែនទី ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ខ្សែភាពយន្ត។

សំខាន់​ជាងនេះ​ទៅ​ទៀត ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​ថា​នឹង​ជំរុញ​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន (CPEC) តាម «ទម្រង់​ដែល​បាន​ធ្វើ​កំណែ​ប្រែ​ឱ្យ​បាន​ប្រសើរ​ឡើង» ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ តាម​រយៈ​ការជំរុញ​ការ​សាងសង់ ការ​ជីក​យក​រ៉ែ​និង​ការ​រុករក និង​កិច្ចសហ​ប្រតិបត្តិការ​ឧស្សាហកម្ម។

អ្នក​រិះគន់​ខ្លះ​និយាយ​ថា នៅក្នុង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​បង្កើន​គម្រោង CPEC ប៉ាគីស្ថាន​មិន អើពើ​នឹង​មេរៀន​ដ៏​លំបាក​មួយ​ចំនួន​ក្នុង​ទសវត្សរ៍​ដំបូង​នៃ​គម្រោង​ថាមពល​និង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ឡើយ។

លោក Ali Hasanain សាស្ត្រាចារ្យ​រង​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​គ្រប់គ្រង​ទីក្រុង Lahore (Lahore University of Management Sciences) បាន​និយាយ​ថា៖ «ចំណុច​ខុសឆ្គង​ដំបូង​របស់​គម្រោង​ច្រក​របៀង​នេះ​គឺ​ការណ៍​ដែល​ប៉ាគីស្ថាន​បាន​ទទួល​យក​គម្រោង​មួយ​ចំនួន​ធំ​ដែល​បន្ថែម​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​បរទេស ហើយ​ការណ៍​នេះ​ផ្ទុយ​នឹង​អត្រា​ប្តូរប្រាក់​ក្នុង​ស្រុក​និង​គោលនយោបាយ​ឧស្សាហកម្ម​របស់​ប្រទេស​ប៉ាគីស្ថាន»។

លោក Hasanain បាន​បន្ថែម​ថា៖ «កាតព្វកិច្ច​ទាំងនោះ​បាន​បង្រួម​ទំហំ​សារពើពន្ធ​របស់​ប្រទេស​ប៉ាគីស្ថាន​បន្តិច​ម្តងៗ​តាម​ដែល​យើង​អាច​ព្យាករណ៍​បាន»។
ប៉ាគីស្ថាន​ជំពាក់​បំណុល​រោងចក្រ​ថាមពល​ដែល​បង្កើត​ឡើង​ក្រោម​គម្រោង CPEC នេះ​ចំនួន​ជាង ៧,៥ ពាន់​លាន​ដុល្លារ។ ប្រទេស​នេះ​ក៏​ជំពាក់​បំណុល​បង្វិល​ឬ​បំណុល​ដែល​មិន​ទាន់​បាន​បង់​ជិត ២ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ផលិត​ថាមពល​ចិន​ផង​ដែរ។

ដោយ​មិន​អាច​ជំរុញ​ការនាំចេញ​ក្រោយ​ពី​មាន​ផ្លូវ​ថ្មី​និង​សមត្ថភាព​ផលិត​ថាមពល​បន្ថែម​ដែល​ទទួលបាន​តាម​រយៈ​គម្រោង CPEC ឥឡូវនេះ​ប៉ាគីស្ថាន​ប្រឈម​នឹង​វិបត្តិ​បំណុល​ដោយ​ខ្លួន​កំពុង​ស្វែងរក​ប្រាក់​កម្ចី​ថ្មី​ដើម្បី​សង​បំណុល​អតីតកាល។
សេដ្ឋវិទូ​ប៉ាគីស្ថាន​ជាច្រើន​បាន​បន្ទោស​រដ្ឋាភិបាល​ប៉ាគីស្ថាន​ចំពោះ​វិបត្តិ​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ម៉ែន គឹមសេង