អាជ្ញាធរប្រទេសប៊ែលហ្ស៊ិកបានដឹងអត្តសញ្ញាណអ្នកឃុបឃិតសំខាន់ម្នាក់ជាមួយជនឈ្មោះ Salah Abdeslam នៅក្នុងការវាយប្រហារភេរវកម្មនៅក្នុងក្រុង ប៉ារីស នៅពេលដែលព្រឹត្តការណ៍ថ្មីៗបានគូសបញ្ជាក់អំពីបណ្តាញនៅខាងក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ ខែវិច្ឆិកា និងបាននាំឲ្យយល់ថាអាចមានការគំរាមកំហែងថ្មីៗទៀត។
ក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកពលរដ្ឋប៊ែលហ្ស៊ិកម្នាក់អាយុ២៤ឆ្នាំឈ្មោះ Najim Laachraoui ដែលមានឈ្មោះប្តូរមួយទៀតថា Soufiane Kayal ដែលកំពុងរត់គេចខ្លួន។ សេចក្តីថ្លែងការណ៍មួយដោយការិយាល័យរាជអាជ្ញាសហព័ន្ធប៊ែលហ្ស៊ិកបាននិយាយថា ឈ្មោះនេះបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីកាលពីឆ្នាំ២០១៣។ អាជ្ញាធរបានដឹងអត្តសញ្ញាណជននេះដោយ DNA របស់គាត់នៅពេលប៉ូលិសធ្វើការឆែកឆេរនៅក្នុងប្រទេសប៊ែលហ្ស៊ិក ដែលមានទាក់ទិនជាមួយការវាយប្រហារទាំងនេះ។
បើតាមបណ្តាញផ្សាយព័ត៌មានបារាំងនិងប៊ែលហ្ស៊ិកថា DNA របស់ជននេះក៏បានត្រូវរកឃើញដែរនៅលើអាវកាក់ដាក់គ្រឿងផ្ទុះមួយ ឬច្រើនជាងមួយ ដែលបានត្រូវប្រើប្រាស់ដោយពួកជនបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងការវាយប្រហារទាំងនោះ។
ការិយាល័យរាជអាជ្ញាសហព័ន្ធប៊ែលហ្ស៊ិកបាននិយាយថា ឈ្មោះ Laachraoui បានធ្វើដំណើរទៅកាន់ប្រទេសហុងគ្រីកាលពីខែកញ្ញាមុនជាមួយ Abdeslam និងបុរសទីបី។
អាជ្ញាធរមានជំនឿថា បុរសទីបីដែលកាលពីពេលមុននេះបានត្រូវស្គាល់ដោយរហស្សនាមថា Samir Bouzid តាមការពិតមានឈ្មោះថា Mohamed Belkaid ដែលបានត្រូវសម្លាប់ក្នុងការឆ្មក់វាយប្រហារដោយប៉ូលិសកាលពីសប្តាហ៍មុននៅក្នុងសង្កាត់ Forest នៃក្រុងព្រុចសែល៕