អតីត​មន្ត្រី​បក្ស​ប្រឆាំង​លោក​ ថាច់ សេដ្ឋា ចាត់​ទុក​គណបក្ស​ភ្លើង​ទៀន​ជា​«ផ្ទះ​ចាស់»

រូប​ឯកសារ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា ថ្លែងទៅកាន់កម្មវិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

លោក ​ថាច់ សេដ្ឋា អតីត​សមា ជិក​ព្រឹទ្ធ​សភា​គណបក្ស​សង្រ្គោះ​ជាតិបាន​សម្រេច​ចូល​រួម​នយោ​បាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដែល​លោក​បាន​ចាត់​ទុក​ថា​ជា​«ផ្ទះ​ចាស់​»របស់​លោក។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ជា​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន ដែល​កើត​ចេញ​ពី​គណបក្ស​ជាតិ​ខ្មែរ បន្ទាប់​មក​ប្តូរ​ទៅ​គណបក្ស​សម រង្ស៊ី និង​ក្រោយ​មក​គណបក្ស​ភ្លើង​ទៀន។

លោក​បញ្ជាក់​ថា៖ «ឥឡូវ​នេះ គ្រាន់​តែ​ខ្ញុំ​វិល​ត្រឡប់​មក​ដូច​ជា​ផ្ទះ​ចាស់​របស់​ខ្ញុំ​តែ​ប៉ុណ្ណឹង​ទេ។ វា​អត់​មាន​អី​ចម្លែក​ទេ»។

លោក​បន្ថែម​ថា​លោក​នៅ​តែ​ចង់​ធ្វើ​នយោបាយ ហើយ​ការ​ចូល​រួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ធ្វើ​ឲ្យ​លោក​អាច​ធ្វើ​សកម្មភាព​នយោបាយ និង​អាច​បញ្ចេញ​មតិ​បាន។

បើ​តាម​លោក ​ថាច់ សេដ្ឋា​ គណបក្ស​ភ្លើង​ទៀន​នឹង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ដើម្បី​ពិភាក្សាអំពី​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹកនាំ​និង​ការងារ​មួយ​ចំនួន​ទៀត។

បើ​តាម​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០​២១​គណបក្ស​បាន​ស្វាគមន៍​ការ​ចូល​រួម​នយោបាយ​របស់​លោក ​ថាច់ សេដ្ឋា ហើយ​បាន​តែង​តាំង​លោក​ជា​អ្នក​នាំពាក្យ​គណបក្ស​ចាប់​ពី​ពេល​នេះ​ត​ទៅ។

លោក ​ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា​គណបក្ស​ភ្លើង​ទៀន​មិន​ទាន់​សម្រេច​ថា​តើ​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ឬ​យ៉ាងណា​ដោយ​បញ្ជាក់​ថា​ការ​ចូលរួម​ឬ​មិន​ចូលរួម​អាស្រ័យ​លើ​បរិយាកាស​នយោបាយ។

គួរ​បញ្ជាក់​ថា​លោក ​ថាច់ សេដ្ឋា ​ដែល​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឲ្យ​ធ្វើ​នយោ​បាយ​ឡើង​វិញ កាល​ពី​ខែ​មេសា ឆ្នាំ​២០២១។ លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១១៨​នាក់ ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គ្រា​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល៕