សមាជិកគណបក្សប្រជាធិបតេយ្យសំខាន់ៗជាច្រើនកំពុងប្រឈមការបាត់បង់អាសនៈរបស់ខ្លួននៅក្នុងសភានៅក្នុងការបោះឆ្នោតរដ្ឋចំនួន ៤ក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។
លោក Jamaal Bowman អតីតនាយកសាលាមធ្យមសិក្សា ដែលមិនដែលឈរឈ្មោះកាលពីពេលមុនបាននាំមុខដោយចំនួន៦១ភាគរយទល់នឹង៣៦ភាគរយលើលោកសមាជិកសភា Eliot Engel ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្ត។
ការបោះឆ្នោតបឋមសំខាន់ៗមួយចំនួនបានប្រព្រឹត្តធ្វើកាលពីថ្ងៃអង្គារនៅរដ្ឋចំនួនបីរបស់សហរដ្ឋអាមេរិកនៅរដ្ឋ Kentucky រដ្ឋ New York និង រដ្ឋ Virginia ជាប់រដ្ឋធានីវ៉ាស៊ីនតោន។
នៅរដ្ឋ Kentucky ភាគកណ្តាលសហរដ្ឋអាមេរិក មានការបោះឆ្នោតបឋមសំខាន់សម្រាប់តំណែងអាសនៈព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ ដែលនឹងក្លាយជាបេក្ខជនបក្សដែលនឹងត្រូវតតាំងជាមួយប្រធានព្រឹទ្ធសភាបច្ចុប្បន្នលោក Mitch McConnell ពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។
នៅរដ្ឋ New York ភាគឥសានប្រទេសមានការប្រកួតការបោះឆ្នោះបឋមដ៏ស្វិតស្វាញរបស់គណបក្សប្រជាធិបតេយ្យដើម្បីតទល់យកអាសនៈរដ្ឋសភារបស់អ្នកតំណាងរាស្ត្រយូរឆ្នាំរបស់គណបក្សប្រជាធិបតេយ្យលោក Eliot Engel។
នៅរដ្ឋ Virginia ក្បែររដ្ឋធានីវ៉ាស៊ីនតោនវិញ មានការប្រកួតការបោះឆ្នោតបឋមសម្រាប់ដណ្តើមអាសនៈរដ្ឋសភាចំនួន៧ ព្រមជាមួយនឹងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋដើម្បីជ្រើសរើសបេក្ខជនទៅប្រកួតដណ្តើមអាសនៈព្រឹទ្ធសភានៃរដ្ឋ Virginia ពីសមាជិកព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យលោក Mark Warner នៅក្នុងខែវិច្ឆិកា។