លោករដ្ឋមន្ត្រីការបរទេសស.រ.អ. John Kerry កំពុងឋិតនៅក្នុងប្រទេសឡាវដែលលោកនឹងរៀបចំមូលដ្ឋានសម្រាប់សន្និសីទកំពូលមួយក្នុងខែកុម្ភៈជាមួយមេដឹកនាំនៃប្រទេសអាស៊ានទាំង១០ឬហៅថាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាជាអ្នកចាត់ចែងការប្រជុំនេះ។
លោក ឃែរី បានអញ្ជើញទៅដល់រដ្ឋធានី វៀងច័ន្ទ កាលពីយប់ថ្ងៃអាទិត្យ។ប្រទេសឡាវជាប្រទេសទី១ក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសបីនៅទ្វីបអាស៊ីដែលមានរួមបញ្ចូលប្រទេសកម្ពុជានិងប្រទេសចិនផងដែរ។
ក្នុងដំណើរទស្សនកិច្ចក្នុងទ្វីបអាស៊ីនៅលើកនេះ លោក ឃែរី និងមេដឹកនាំនៅអាស៊ីនឹងពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗក្នុងតំបន់ដោយមានរួមបញ្ចូលជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនិងកំណើនកង្វល់អំពីកម្មវិធីបរមាណូនៃប្រទេសកូរ៉េខាងជើងផងដែរ។
នៅក្នុងខែកុម្ភៈ លោកប្រធានាធិបតីអូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល អាស៊ានពិសេសមួយនៅក្នុងរដ្ឋ កាលីហ្វ័ញ៉ា។ ការប្រជុំនេះជាឱកាសមួយសម្រាប់ឲ្យមេដឹកនាំស.រ.អ.និងមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក ស្វែងរកឱកាសដើម្បីពង្រីកចំណងខាងសេដ្ឋកិច្ចនិងវប្បធ៌ម។ នៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះ លោកអូបាម៉ានឹងធ្វើដំណើរទៅកាន់ប្រទេសឡាវដើម្បីចូលរួមក្នុងសន្និសីទកំពូល អាស៊ាន ហើយលោកនឹងក្លាយទៅជាប្រធានាធិបតីស.រ.អ.ដំបូងគេដែលធ្វើបែបនេះ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសស.រ.អ.បាននិយាយថា «អ្វីដែលធ្វើឲ្យទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីឃែរីមានសារៈសំខាន់ជាពិសេសនិងត្រូវពេលវេលានោះគឺថាប្រទេសឡាវទើបតែបានទទួលតំណែងជាប្រធាននៃសមាគមអាស៊ាន។»
កាលពីថ្ងៃសៅរ៍ មន្ត្រីអាមេរិកាំងរូបនេះបាននិយាយបន្ថែមទៅអ្នកកាសែតដោយសង្ខេបថាស.រ.អ.បានគាំទ្រ«ច្រើនគួរសម»ដល់ប្រទេសឡាវឲ្យបានទទួលតំណែងជាប្រធាននៃសមាគមនេះ។
លោកឃែរី នឹងបន្តកិច្ចចរចាដើម្បីជំរុញចំណងទំនាក់ទំនងទ្វេភាគីនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសនៃសមាគមអាស៊ាន ហើយមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេបំផុតនៅក្នុងតំបន់នោះ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសស.រ.អ.បានមានប្រសាសន៍ថា ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយស.រ.អ.នៅតែមានកង្វល់ដែរអំពីភាពតានតឹងខាងនយោបាយនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីរូបនេះបាននិយាយថា «នៅពេលនេះទំនាក់ទំនងរវាងគណបក្សកាន់អំណាចប្រទេសកម្ពុជានិងគណបក្សប្រឆាំងមានភាពតានតឹង។» លោកបាននិយាយដែរថាលោក ឃែរីនឹងជួបជាមួយមេដឹកនាំគណបក្សប្រឆាំងនិងមេដឹកនាំសង្គមស៊ីវិលព្រមទាំងជាមួយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជាផងដែរ។
លោកឃែរី ក៏នឹងទៅទស្សនាក្រុងប៉េកាំងដែរនៅក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះបន្ទាប់ពី ប្រទេសកូរ៉េខាងជើងបានធ្វើឱ្យមានការថ្កោលទោសអន្តរជាតិនៅខែនេះពីព្រោះប្រទេសនេះបានធ្វើការសាកល្បងអ្វីដែលខ្លួននិយាយថាជាអាវុធបរមាណូមួយ ជាលើកទី៤ចាប់តាំងពីឆ្នាំ២០០៦មក៕