លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកនឹងធ្វើដំណើរទៅកាន់ក្រុងម៉ូស្គូនៅសប្តាហ៍ក្រោយ ដើម្បីធ្វើការចរចាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អំពីការដកក្រុមទាហានលោកចេញពីប្រទេសស៊ីរីនិងអំពីសេចក្តីសង្ឃឹមថាមានសន្តិភាពនៅក្នុងប្រទេសនេះដែលដាច់ដាចដោយសារសង្គ្រាម។
នៅពេលលោកប្រកាសអំពីការធ្វើដំណើរទស្សនកិច្ច លោក Kerry បានមានប្រសាសន៍ថា «យើងបានទៅដល់ដំណាក់កាលសំខាន់មួយនៅក្នុងដំណើរការនេះហើយ។ នេះជាពេលវេលាមួយត្រូវក្តាប់យក មិនមែនត្រូវឱ្យបាត់បង់ទេ។ នៅពេលនេះយើងមានសមត្ថភាពចាត់វិធានាការចុងក្រោយបង្អស់ឆ្ពោះទៅកាន់ការបញ្ចប់សង្គ្រាមនិងការបង្ហូរឈាម»។
លោក Kerry បានមានប្រសាសន៍ថា លោកនឹងមានប្រសាសន៍ជាមួយលោក Putin និងលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov អំពី «ការដែលពួកយើងអាចធ្វើបែបណាដើម្បីជំរុញដំណើរការនយោបាយឱ្យទៅមុខ»។
ក៏ប៉ុន្តែអ្នកការទូតកំពូលស.រ.អា.រូបនេះបានព្រមានថា «សន្តិភាពឋិតថេរនឹងមិនអាចមានបានទេ បើគ្មានអន្តរកាលនយោបាយមែនទែន» ចេញពីរបបគ្រប់គ្រងប្រធានាធិបតីស៊ីរី Bashar al-Assad ដែលបានប្រឆាំងនឹងការឱ្យលោកចុះចេញ ពីតំណែង។
ដំណឹងអំពីដំណើរទស្សនកិច្ចរបស់លោក Kerry ទៅកាន់ក្រុងម៉ូស្គូមានឡើងនៅពេលកិច្ចចរចាសន្តិភាពស៊ីរីបានចូលក្នុងថ្ងៃទីពីរនៅក្នុងក្រុងហ្ស៊ឺណែវ ហើយក្រុមទាហានរុស្ស៊ីដំបូងៗបានវិលត្រឡប់មកពីប្រទេសស៊ីរីវិញ ដោយមានហ្វូងមនុស្សអបអរសាទរទទួលពួកគេ។
ទូរទស្សន៍រុស្ស៊ីបានបង្ហាញរូបយន្តហោះប្រយុទ្ធធុន Su-34 បីគ្រឿងបានចុះចតនៅឯមូលដ្ឋានកងទ័ពអាកាសមួយនៅផ្នែកខាងត្បូងប្រទេស ហើយពួកអ្នកបើកយន្តហោះទាំងនេះដែលមានពាក់មួកសុវត្ថិភាពពណ៌សនិងសម្លៀកបំពាក់អ្នកបើកយន្តហោះត្រូវបានឡោមព័ទ្ធដោយក្រុមអ្នកគាំទ្រ នៅពេលពួកគេទៅដល់និងបានលើកពួកគេបោះទៅលើ ជាការអបអរសាទរ។
ដោយហ្វូងមនុស្សនេះគ្រវីទង់ជាតិរុស្ស៊ីនិងកាន់ប៉េងប៉ោងពណ៌ក្រហម សនិងខៀវ មានវង់តន្ត្រីមួយក្រុមបានលេងភ្លេងមួយក្នុងជំនាន់ Stalin មានចំណងជើងថា «ការដើរនៃក្រុមអ្នកបើកយន្តហោះ» និងបានប្រគុំភ្លេងជាតិរុស្ស៊ីផងដែរ៕