លោក Kerry ពិភាក្សា​បញ្ហា​ប្រទេស​ស៊ីរី​ជាមួយ​ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ី​សាអូឌីត

លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​របស់​អាមេរិក​និយាយ​ជាមួយ​ព្រះអង្គ Salman របស់​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​ជួប​ជាមួយ​ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ី​សាអូឌីត Mohammed bin Salman នៅ​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ច​ប្រតិបត្តិការ​របស់​ទាហាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក Kerry ក៏​បាន​ជួប​ជាមួយ​អ្នក​ការ​ទូត​មក​ពី​ប្រទេស​បារ៉ែន និង​អ្នក​ការ​ទូត​មក​ពី​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ ដើម្បី​ប្រាប់​ព័ត៌មាន​ដល់​អ្នក​ការ​ទូត​ទាំង​នោះ​អំពី​ការ​ប្រជុំ​លើក​មុនៗ​របស់​លោក​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​អំពី​សកម្មភាព​យោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក Kerry ចង់​ឲ្យ​មាន​ការ​គាំទ្រ​ក្នុង​ចំណោម​ប្រទេស​ស្ថិត​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​នៃ​តំបន់​អាស៊ី​ខាង​លិច ចំពោះ​ប្រទេស​ស៊ីរី ដែល​ជា​គម្រោង​នៅ​មុន​ការ​ប្រជុំ​ដែល​គ្រោង​ទុក​រួច​ជា​ស្រេច​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov នៅ​ថ្ងៃ​សុក្រ​ស្អែក​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Lavrov ភាគី​ទាំង​សង​ខាង​នឹង​ព្យាយាម​រក​ចំណុច​រួម​មួយ​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​យោធា និង​ការ​ចែកចាយ​ព័ត៌មាន នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ទស្សនកិច្ច​របស់​លោក John Kerry ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​លើក​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​តួកគី​បាន​បើក​ការ​វាយប្រហារ​ប្រទេស​ស៊ីរី ក្នុង​គោល​បំណង​ដើម្បី​បង្ខំ​ពួក​អ្នក​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ឲ្យ​ចេញ​ពី​ក្រុង Jarablus ដែល​ទីក្រុង​នេះ​ត្រូវ​បាន​ពួក​ជីហាដ​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ ហើយ​ទីក្រុង​នេះ​ស្ថិត​នៅ​ជិត​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី៕