វីអូអេផ្នែកផ្សាយជាភាសាកូរ៉េបានផ្សាយថា លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានថ្លែងសន្ទរកថាទៅកាន់ការប្រជុំទី២៨នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. ដោយមានប្រសាសន៍ថា ប្រជារាស្ត្រកូរ៉េខាងជើងរាប់ម៉ឺននាក់រស់នៅ«ដូចជាទាសករ»។
អ្នកការទូតស.រ.អា. កំពូលរូបនេះបានមានប្រសាសន៍ថា៖ «នៅក្នុងប្រទេសកូរ៉េខាងជើងគ្មានសេរីភាពខាងការនិយាយស្តីនិងការបញ្ចេញមតិទេ គ្មានសេរីភាពខាងការគោរពសាសនាទេឬគ្មានការជំទាស់ខាងនយោបាយទ្បើយ។ លោក Kim Jong Un ប្រហារជីវិតជនទាំងទ្បាយណាដែលខ្វែងគំនិតជាមួយគាត់ ហើយគាត់បានកម្ចាត់ជនទាំងទ្បាយណាដែលគាត់ស្មានថា គ្មានស្វាមីភ័ក្តិជាមួយគាត់ ឲ្យចេញពីប្រទេសកូរ៉េខាងជើង។ ជាច្រើនទសវត្សរ៍មកហើយ រដ្ឋាភិបាលកូរ៉េខាងជើងបានសង្កត់សង្កិនពលរដ្ឋខ្លួន ធ្វើឱ្យមានទូរភិក្ស ធ្វើទារុណកម្ម និងឃុំឃាំងពួកគេ ហើយអាក្រក់ជាងនេះទៀត ប្រជារាស្ត្រកូរ៉េខាងជើងរាប់សែននាក់បានបាត់បង់ជីវិត។»