លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានជួបជាមួយលោកស្រីប្រធានាធិបតី Park Geun-hye ហើយនិងលោករដ្ឋមន្រ្តីការបរទេស Yun Byung-se នៃប្រទេសកូរ៉េខាងត្បូងនៅក្នុងរដ្ឋធានីសេអ៊ូល ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខនៅលើឧបទ្វីបកូរ៉េនិងបញ្ហាទ្វេភាគី។
នៅឯសន្និសីទកាសែតរួមគ្នាមួយ បន្ទាប់ពីជំនួបនៅថ្ងៃច័ន្ទនេះ លោករដ្ឋមន្រ្តី Kerry បានមានប្រសាសន៍ថា កូរ៉េខាងជើង «មិនបានបំពេញលក្ខខ័ណ្ឌសូម្បីតែបន្តិច» ដើម្បីចាត់វិធានការចាំបាច់ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន សម្រាប់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផ្តួចផ្តើមការចរចា។លោកនិយាយបន្ថែមទៀតថា វាជាការចាំបាច់ដើម្បីជំរុញការដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
«សហរដ្ឋអាមេរិកបន្តផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនូវឱកាសធ្វើឲ្យមានទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើង ប្រសិនបើរដ្ឋាភិបាលកូរ៉េខាងជើងបង្ហាញនូវឆន្ទៈពិតប្រាកដ ដើម្បីអនុវត្តនូវកាតព្វកិច្ចនិងការតាំងចិត្តការគ្មានអាវុធនុយក្លេអ៊ែរបស់ខ្លួននោះ ហើយនិងនៅពេលដែលកូរ៉េខាងជើងបង្ហាញនូវឆន្ទៈដើម្បីដោះស្រាយសេចក្តីព្រួយកង្វល់ផ្សេងៗទៀតរបស់សហគមន៍អន្តរជាតិនោះ។ នៅពេលនេះ ជាពិសេស ដោយសារការបង្កហេតុនៅពេលថ្មីៗនេះរបស់ខ្លួន វា ជាការបញ្ជាក់យ៉ាងច្បាស់ថា សាធារណរដ្ឋប្រជាមានិតុប្រជាធិបតេយ្យកូរ៉េមិនបានបំពេញលក្ខខ័ណ្ឌសូម្បីតែបន្តិចទៅតាមបទដ្ឋាននោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើងបន្តកម្មវិធីអាវុធនុយក្លេអ៊ែនិងកាំជ្រួចមីស៊ីលឆ្លងទ្វីប កូរ៉េខាងជើងបន្តរំលោភការសន្យា ហើយធ្វើការគំរាមកំហែង និងបន្តបង្ហាញនូវការមិនគោរពច្បាប់អន្តរជាតិ ខណៈដែលបដិសេធការការពារសេរីភាពនិងសិទ្ធិមនុស្សរបស់ពលរដ្ឋរបស់ខ្លួន»។
កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិចំពោះការសាកល្បងកាំជ្រួចមីស៊ីលនិងអាវុធនុយក្លែអ៊ែ។
លោករដ្ឋមន្រ្តី Kerry បានមានប្រសាសន៍បន្តទៀតថា កូរ៉េខាងជើងនឹងត្រូវបញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ប្រសិនបើការរំលោភសិទ្ធិមនុស្សនៅពេលបច្ចុប្បន្ននេះរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅតែបន្តនោះ៕