លោកJohn Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.បានដាក់កម្រងផ្កានៅកន្លែងដែលជនជ្រុលនិយមកាន់សាសនាមូស្លីមពីរនាក់បានធ្វើការវាយប្រហារនៅក្រុងប៉ារីស កាលពីសប្តាហ៍មុន ដែលការដាក់កម្រងផ្កានេះត្រូវបានធ្វើឡើងនៅពេលលោកបំពេញទស្សនកិច្ចនៅប្រទេសបារាំងដើម្បីបង្ហាញការគាំទ្ររបស់ស.រ.អា.ទាក់ទិននឹងសោកនាដ្ឋកម្មដែលបានសម្លាប់មនុស្ស១៧នាក់។
លោកKerry និងលោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំងបានទៅកន្លែងផ្សារទំនើបនៅខាងកើតទីក្រុងប៉ារីស ទីដែលមនុស្ស៤នាក់បានស្លាប់ដោយសារការចាប់ធ្វើជាចំណាប់ខ្មាំង នៅពេលមានការប្រឈមគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ កម្រងផ្កាជាជួរត្រូវគេដាក់នៅទីនោះជាប់នឹងរនាំងប៉ូលិស។ ក្រោយមកលោក Kerry និង Fabiusបានទៅការិយាល័យរបស់ទស្សនាវដ្តី Charlie Hebdo ទីដែលមនុស្ស១២នាក់បានសម្លាប់នៅក្នុងការបាញ់ប្រហារកាលពីសប្តាហ៍មុននោះផងដែរ។
មុនទៅកន្លែងទាំងពីរនោះ លោក Kerry បានឱបលោក Francois Hollande ប្រធានាធិបតីបារាំងនៅវិមាន Elysee ទីដែលលោករដ្ឋមន្ត្រីការបរទេសស.រ.អា.និងលោកប្រធានាធិបតីបារាំងធ្វើការពិភាក្សាគ្នា។
លោក Kerry បានប្រាប់លោក Hollandeថា ពលរដ្ឋអាមេរិកាំងចូលរួមរំលែកទុក្ខជាមួយពលរដ្ឋបារាំង ក៏ដូចជាចែករំលែកការឈឺចាប់ និងទុក្ខសោកទាំងអស់ដែលពលរដ្ឋបារាំងបានជួបប្រទះ៕