កាលពីថ្ងៃសុក្រ លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា. និងលោក Segei Lavrov រដ្ឋមន្ត្រីការបរទេសរុស្សីបានសន្ទនាគ្នាតាមទូរស័ព្ទអំពីកិច្ចខិតខំប្រឹងប្រែងពង្រីកកិច្ចចរចាខាងនយោបាយអន្តរជាតិអំពីបញ្ហាប្រទេសស៊ីរីដោយបញ្ចូលទាំងក្រុមប្រឆាំងនិងរដ្ឋាភិបាល Assad ផងដែរ នេះបើតាមការប្រាប់ឱ្យដឹងដោយក្រុមមន្ត្រីនៅក្នុងក្រុងមូស្គូ។
ក្រសួងការបរទេសនៃប្រទេសរុស្សីបានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Lavrov និងលោក Kerry ក៏បានពិភាក្សាគ្នាដែរអំពីការប្រយុទ្ធពហុប្រទេសប្រឆាំងនឹងពួកជ្រុលនិយមរដ្ឋឥស្លាម និងអង្គការជនសកម្មប្រយុទ្ធឯទៀតៗនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា។
កាលពីពេលមុននេះក្នុងឆ្នាំនេះ ប្រទេសរុស្សីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាជាមួយក្រុមប្រឆាំងធំជាងគេក្នុងប្រទេសស៊ីរីគឺក្រុមចម្រុះជាតិស៊ីរី។ នេះជាផ្នែកមួយនៃការជំរុញឱ្យមានការសន្ទនាគ្នាជាមួយរដ្ឋាភិបាលស៊ីរី។
ក្រុមចម្រុះជាតិស៊ីរីបានធ្វើពហិការមិនចូលរួមក្នុងកិច្ចចរចារៀបចំដោយប្រទេសរុស្សីកាលពីខែកុម្ភៈ និងខែមេសាដែលមិនបានធ្វើឱ្យស្ថានភាពមានភាពល្អប្រសើរអ្វីនោះទេ។
ក្រុមមេដឹកនាំរបស់ក្រុមប្រឆាំងនយោបាយ និងក្រុមមេបញ្ជាការពួកឧទ្ទាមនៅក្នុងប្រទេសស៊ីរីបានខិតខំប្រឹងប្រែងបណ្តេញប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីតំណែងបួនឆ្នាំមកហើយ។ ពួកគេបាននិយាយថា ការផ្តើមគំនិតខាងការទូតអន្តរជាតិដើម្បីបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីនឹងគ្មានជោគជ័យទេ ប្រសិនបើការផ្តើមគំនិតទាំងនេះមិនចែងថា Assad ត្រូវតែចុះចេញពីតំណែង ហើយថាទីប្រឹក្សាជិតស្និទ្ធរបស់គាត់ និងភាគច្រើននៃទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសដែលមានគេខ្លាចច្រើនត្រូវតែរំលាយចោល៕