លោក John Kerry លើកទឹកចិត្ត​គាំទ្រ​ឲ្យមាន​ការ​អនុវត្ត​ច្បាប់​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ប្រទេស​រុស្សី​លោក Sergey Lavrov, រដ្ឋលេខាធិការ​សហរដ្ឋអាមេរិក​លោក John Kerry ឈរ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​ប្រទេស​ឥណ្ឌា V.K. Singh (ឆ្វេង) រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi (កណ្តាល)និង​អ្នកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អូស្រ្តាលី​ Julie Bishop។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មាន​ទំនុកចិត្ត​ចំពោះ​ការ​លើកឡើង​របស់​សមាជិក​ជាច្រើន​នៃ​សហគមន៍​អន្តរជាតិ​ រួម​មាន​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ ដែល​បណ្តា​ប្រទេស​ទាំងនោះ​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​នូវ​ការ​គោរព​ទៅ​តាម​ច្បាប់ និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ពាក់ព័ន្ធ​ជម្លោះ​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

ដោយ​ថ្លែង​នៅក្នុង​ការ​បញ្ចប់​នៃ​វេទិការ​ថ្នាក់​តំបន់​របស់​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​ឡាវ នា​ថ្ងៃអង្គារ​នេះ លោក John Kerry បាន​និយាយ​ថា លោក​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដោយ​ស្មោះត្រង់ និង​មាន​ប្រយោជន៍​មួយ​ចំនួន ដូចជា​ការប្រជុំ​ជាមួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​ចិន Wang Yi កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​អំពី «វិថី​ឆ្ពោះ​ទៅមុខ‍» ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ ដែល​បាន​ច្រានចោល​នូវ​ការទាមទារ​របស់​ប្រទេស​ចិន​លើ​ផ្នែក​ស្ទើរតែ​ទាំងអស់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ។

ប្រទេសចិន​បាន​បដិសេធ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ ដោយ​លើកឡើង​ថា​តុលាការ​គ្មាន​សិទ្ធិ​សម្រេច​ក្នុងការ​កាត់សេចក្តី​លើ​សំណុំរឿង​ដែល​ប្តឹង​ដោយ​ប្រទេស​ហ្វីលីពីន​នេះ​ទេ។

ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​នៅក្នុង​រដ្ឋធានី​ប្រទេស​ឡាវ លោក John Kerry ក៏​បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Fumio Kishida និង​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop ផងដែរ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី ៦ ដែល​ហៅ​ថា​កិច្ច​ពិភាក្សា​យុទ្ធសាស្រ្ត​ត្រី​ភាគី ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា TSD។

ភាគីទាំង ៣ បាន​ជំរុញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​គោរព​នូវ​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរ​តាម​ផ្លូវ​សមុទ្រ និង​សេរីភាព​នៃ​ការ​ហោះហើរ​កាត់​ពីលើ​មហាសមុទ្រ​អាស៊ី​ប៉ាស៊ីហ្វិក និង​មហា​សមុទ្រ​ឥណ្ឌា។ ក្នុង​ពេល​នោះ​ដែរ ភាគី​ទាំង ៣ ក៏​បាន​លើកឡើង​ពី​ការប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សកម្មភាព​ឯកតោភាគី​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ​ណាមួយ​ដែល​អាច​ធ្វើឲ្យ​ស្ថានការណ៍​បច្ចុប្បន្ន​ប្រែប្រួល និង​បង្កើន​នូវ​ភាព​តានតឹង​ផ្សេងៗ។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​សមាជិក​ទាំង ១០ របស់​អាស៊ាន ទំនងជា​អាច​រក​ច្រកចេញ​ហើយ បន្ទាប់ពី​មាន​ការ​រារាំង​ពី​ប្រទេស​កម្ពុជា ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​ចិន៕