លោករដ្ឋមន្រ្តីការបរទេសស.រ.អាJohn Kerry កំពុងធ្វើដំណើរទៅកាន់រដ្ឋធានីឡាហាវ៉ាននៃប្រទេសគុយបា ដើម្បីបង្ហូតទង់ជាតិអាមេរិកាំងនៅស្ថានទូតអាមេរិក ដែលប្រារព្ធពីធីបើកស្ថានទូតឡើងវិញ បន្ទាប់ពីប្រទេសទាំង២ បានព្រមព្រៀងគ្នាធ្វើឲ្យមានឡើងវិញចំណងទាក់ទង ដែលបានកាត់ផ្តាច់អស់រយៈពេលជាង៥០ឆ្នាំ។
ទាំងស្ថានទូតអាមេរិក និងគុយបាបានបើកទ្វារឡើងវិញកាលពីថ្ងៃទី២០ ខែកក្កដា។រដ្ឋាភិបាលគុយបាបានធ្វើជាម្ចាស់ផ្ទះរៀបចំពីធីបើកស្ថានទូតឡើងវិញកាលពីខែមុន ក៏ប៉ុន្តែស.រ.អាបានជ្រើសរើសពន្យាពេលពិធីផ្លូវការរបស់ខ្លួនរហូតទាល់លោករដ្ឋមន្រ្តីការបរទេស John Kerry អាចដឹកនាំគណៈប្រតិភូមួយទៅកាន់រដ្ឋធានីឡាហាវ៉ាន។
លោក Kerry ដែលបានក្លាយជារដ្ឋមន្រ្តីការបរទេសស.រ.អាលើកដំបូងក្នុងការបំពេញទស្សនកិច្ចនៅប្រទេសគុយបានៅក្នុងរយៈពេល៧០ឆ្នាំ នឹងត្រូវបានអមដំណើរដោយសមាជិកសភាមួយចំនួន និងអតីតទាហានម៉ារីនចាស់ៗ ៣នាក់របស់ស.រ.អា ដែលនឹងទម្លាក់ទង់ជាតិជាលើកចុងក្រោយនៅខែមករា ឆ្នាំ១៩៦១។
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បាននិយាយថា ពិធីដែលត្រូវបានពន្យាពេលក្នុងទីក្រុងឡាហាវ៉ាននឹងរួមមានពិធីជាបន្តបន្ទាប់ជាមួយសមាជិកសភាអាមេរិក និងមន្រ្តីរដ្ឋាភិបាលអាមេរិក តំណាងរដ្ឋាភិបាលគុយបា និងសមាជិកអង្គការសង្គមស៊ីវិល៕