លោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry មានប្រសាសន៍ថា វាមានទំនោរកាន់តែខ្លាំងឡើងថា សារអេឡិចត្រូនិចរបស់លោកត្រូវបានចិន និងរុស្ស៊ីអាន។ ប្រទេសទាំងពីរនេះត្រូវបានទទួលរងការចោទប្រកាន់កាលពីពេលថ្មីៗនេះថា បានធ្វើការវាយប្រហារទៅលើប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋាភិបាលស.រ.អា។
លោករដ្ឋមន្រ្តីការបរទេសបាននិយាយដូច្នេះ នៅពេលត្រូវបានសួរអំពីបញ្ហានេះកាលពីថ្ងៃអង្គារក្នុងអំឡុងពេលផ្តល់កិច្ចសម្ភាសន៍តាមទូរទស្សន៍ក្នុងកម្មវិធីព័ត៌មានពេលរសៀលរបស់ប៉ុស្តិ៍ CBSថា «វាទំនងកាន់តែខ្លាំងណាស់។ វាមិនមែនមិនអាចកើតមានឡើងនោះទេ។ យើងដឹងថា ពួកគេបានវាយប្រហារលើផលប្រយោជន៍អាមេរិកាំងមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ»។
នៅពេលដែលសង្កត់បន្ថែមទៀតលើបញ្ហានេះ អ្នកការទូតកំពូលស.រ.អារូបនេះបាននិយាយថា «វាអាចទៅរួច។ ខ្ញុំប្រាកដជាសរសេរអំពីបញ្ហានេះ»។
ស.រ.អាបានស្តីបន្ទោសចិនចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាបន្តបន្ទាប់ទៅលើរដ្ឋាភិបាលខ្លួន និងអង្គភាពពាណិជ្ជកម្មក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចិនបានបដិសេធយ៉ាងខ្លាំងពីការចោទប្រកាន់នេះ។
ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមួយនៅពេលថ្មីៗនេះ បានកើតមានឡើងនៅដើមឆ្នាំនេះ នៅពេលដែលពួកអ្នកលួចចូលក្នុងប្រព័ន្ធអ៊ីនធឺណិតបានចូលក្នុងប្រព័ន្ធអ៊ីនធឺណិតរបស់ការិយាល័យរៀបចំចាត់ចែងបុគ្គលិក ហើយបានលួចទិន្នន័យរបស់បុគ្គលិករដ្ឋាភិបាលសហព័ន្ធជាង២១លាននាក់៕