លោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry មានប្រសាសន៍ថា ការជាសះស្បើយដែលបានកើតមានឡើងរវាងស.រ.អា និងវៀតណាម បានចំណាយពេលមួយរយៈហើយមិនបានកើតមានឡើងដោយស្រួលៗសម្រាប់ភាគីណាមួយទេ។
លោកបានធ្វើអត្ថាធិប្បាយនៅក្នុងទីក្រុងហាណូយនៅថ្ងៃសុក្រនេះ នៅក្នុងសុន្ទរកថាមួយដែលកត់សម្គាល់ខួបលើកទី២០នៃការធ្វើឲ្យមានចំណងទាក់ទងខាងការទូតជាប្រក្រតីឡើងវិញរវាងប្រទេសទាំងពីរ។
នៅឯវេទិកាអង្គការសង្គមស៊ីវិលមួយ លោករដ្ឋមន្រ្តីការបរទេសស.រ.អា បានកត់សម្គាល់ថា វាបានចំណាយពេលពីរទសវត្សរ៍ដើម្បីធ្វើឲ្យមានចំណងទាក់ទងជាប្រក្រតីឡើងវិញ។
លោករដ្ឋមន្រ្តីការបរទេសស.រ.អា Kerry បានមានប្រសាសន៍ថា «វាបានធ្វើឲ្យយើងចំណាយពេល២០ឆ្នាំដើម្បីធ្វើចលនាពីការសម្រុះសម្រួលឆ្ពោះទៅកាន់ការស្ថាបនា។ចូរគិតពីអ្វីដែលយើងអាចធ្វើឲ្យសម្រេចក្នុងរយៈពេល២០ឆ្នាំខាងមុខទៀត»។
ទំនាក់ទំនងរវាងស.រ.អា និងវៀតណាមបានកាត់ផ្តាច់អស់រយៈពេល៤ទសវត្សរ៍នៅពេលដែលសង្គ្រាមវៀតណាមដែលបានអូសបន្លាយនោះ បានមកដល់ទីបញ្ចប់។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស.រ.អា និងវៀតណាម បានបង្កើនចំណងទាក់ទងខាងសេដ្ឋកិច្ច ដោយពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំង២មាន៣៦ពាន់លានដុល្លាកាលពីឆ្នាំទៅ។
លោកPham Binh Minh ឧបនាយករដ្ឋមន្រ្តីវៀតណាម ដែលបានថ្លែងនៅវេទិកានោះដែរ បាននិយាយថា លោកជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឡើងដល់កម្រិតខ្ពស់មួយ៕