តើ​សង្គ្រាម​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​ប្រធានាធិបតី Kenyatta ជា​កេរដំណែល​យូរ​អង្វែង​ឬ​ល្ខោន​នយោបាយ?

នេះ​ជា​ទិដ្ឋភាព​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​វិសាមញ្ញ​មួយ​នៅ​អគារ​សភា ដែល​កំពុង​រងចាំ​ស្តាប់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤។

នៅ​ប្រទេស​កេនយ៉ា​កាល​ពី​សប្ដាហ៍​មុន មន្ត្រី​ជាន់​ខ្ពស់​ពីរ​នាក់​ដែល​ពី​មុន​គេ​គិត​ថា​មិន​អាច​ប៉ះ​ពាល់​បាន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​នៅ​ក្នុង​គម្រោង​ផ្លូវ​ដែក​សាងសង់​ដោយ​ចិន​មួយ ដែល​មាន​ទឹក​ប្រាក់​ចំនួន ៣ពាន់លាន​ដុល្លារ។ ការ​កាត់​ទោស​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ប្រធានាធិបតី Uhuru Kenyatta ដើម្បី​បង្ហាញ​ថា គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​អាច​រួច​ខ្លួន​ពី​សង្គ្រាម​កម្ចាត់​អំពើ​ពុក​រលួយ​របស់​ប្រទេស​កេនយ៉ា​នោះ​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ចោទ​សួរ​ថា តើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស ​និង​ជា​កេរដំណែល​យូរ​អង្វែង​សម្រាប់​លោក​ប្រធានាធិបតី Kenyatta ឬ​ក៏​គ្រាន់​តែ​ជា​ល្ខោន​នយោបាយ​ប៉ុណ្ណោះ។

លោក Atanas Maina នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ផ្លូវ​ដែក​កេនយ៉ា ឬ Kenya Railways និង​លោក Muhammad Swazuri ប្រធាន​គណៈកម្មការ​ដី​ធ្លី ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បណ្ដោយ​ឲ្យ​មានការ​ទូទាត់​សំណង​ដោយ​ក្លែង​បន្លំ​ចំនួន ២ លាន​ដុល្លារ។

មន្ត្រី​និង​ពាណិជ្ជករ​កេនយ៉ា​ជាង​ច្រើន​នាក់​ផ្សេង​ទៀត ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ទិញលក់​ខុស​ច្បាប់ លើ​ដី​សាជីវកម្ម​របស់​រដ្ឋ​ផង​ដែរ។

ខណៈ​ដែលពួក​គេ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ការ​ចាប់​ខ្លួន​ពួកគេ​ត្រូវ​បាន​សាទរ​នៅ​ក្នុង​ប្រទេស​កេនយ៉ា ថា​ជា​ការ​បង្ក្រាប​ដ៏​កម្រ​មួយ​លើ​អំពើ​ពុក​រលួយ​ថ្នាក់​កំពូល។

ក៏​ប៉ុន្តែ អ្នក​វិភាគ​នយោបាយ អ្នកស្រី Linda Oloo និយាយ​ថា ការ​កាត់​ទោស​ទាំង​នេះមិន​សូវ​ផ្ដោត​លើ​ការ​បង្កើត​ការ​ផ្លាស់​ប្ដូរ​ជា​ប្រព័ន្ធ​ទេ ហើយ​គ្រាន់​តែ​ធ្វើ​ឡើង​សម្រាប់​ការពារ​កិត្តិយស​លោក​ប្រធានាធិបតី Uhuru Kenyatta ប៉ុណ្ណោះ។

អ្នកស្រី Linda Oloo ថ្លែង​ថា៖

«លោក​ប្រធានាធិបតី Uhuru មាន​ការ​ព្រួយ​បារម្ភ​អំពី​កេរដំណែល​របស់​លោក​ច្រើន​ជាង ថា​តើ​ប្រវត្តិសាស្ត្រ​នឹង​វាយ​តម្លៃ​លោក​យ៉ាង​ដូចម្ដេច បន្ទាប់​ពី​លោក​ចប់​អាណត្តិ​ប្រធានាធិបតី​របស់​លោក។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​លោក​ព្យាយាម​ដើរ​តួ​ជា​មនុស្ស​ល្អ​នៅ​ពេល​ឥឡូវ​នេះ ដោយ​ធ្វើ​រឿង​ដែល​សាធារណជន​ទូទៅ​នឹង​ពេញ​ចិត្ត។ អ្វី​ដែល​លោក​កំពុង​ធ្វើ​ គឺ​ភាគ​ច្រើន​សម្រាប់​រក្សា​កេរ្តិ៍ឈ្មោះរបស់​លោក​បន្ទាប់​ពី​លោក​ចប់​អាណត្តិ​របស់​លោក»។

នៅ​ខែ​មិថុនា លោក​ប្រធានាធិបតី Kenyatta បាន​ប្រកាស​ថា​មន្ត្រី​សាធារណៈ​ទាំងអស់​នឹង​ទទួល​បាន ‍«ការ​ធ្វើ​សវនកម្ម​លើ​បែប​ផែន​ជីវភាព​រស់នៅ» ជា​កំហិត ដើម្បី​ស្វែងរក​ប្រភព​ចំណូល​និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ។

ប៉ុន្តែ​វា​មិន​មែន​ជា​ល្ខោន​នយោបាយ​ទាំងអស់​នោះ​ទេ។

លោក​ប្រធានាធិបតី Kenyatta និង​លោក​ប្រធានាធិបតី​ស្វ៊ីស Alain Berset បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ ក្នុង​គោល​បំណង​ជួយ​ឲ្យ​ប្រទេស​កេនយ៉ា​ ទាញ​យក​ទ្រព្យ​សម្បត្តិ​ពុក​រលួយ ​ដែល​មន្ត្រី​កេនយ៉ា​នានា​បាន​រក្សា​ទុក​នៅ​ក្នុង​ធនាគារ​ស្វ៊ីស។

ការិយាល័យ​រដ្ឋ​អាជ្ញា​របស់​កេនយ៉ា ក៏​បាន​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​នៅ​ឯ​អង្គការ​សេវា​យុវជន​ជាតិ ឬ National Youth Service អង្គភាព​ផ្គត់ផ្គង់​អគ្គិសនី និង​ក្រុមហ៊ុន​ជាច្រើន ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទាញ​យក​ប្រយោជន៍​ពី​ការ​ដេញ​ថ្លៃ​ខុស​ច្បាប់ និង​ការ​គៃ​បន្លំ​មូលនិធិ។

កាល​ពី​ថ្ងៃ​ទី១២​ខែសីហា លោក​ប្រធានាធិបតី Kenyatta បាន​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​យក​ជ័យជម្នះ​លើសង្គ្រាម​ប្រឆាំង​អំពើ​ពុករលួយ​នេះ បើ​ទោះ​បី​ជា​លោក​ត្រូវ​កាត់​ទោស​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​លោក​ក៏​ដោយ។

លោក​ប្រធានាធិបតី​ Kenyatta មាន​ប្រសាសន៍​ថា៖

«ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ខ្ញុំ​បាន​បាត់​បង់​មិត្ត​ភក្តិ​ជា​ច្រើន។ មនុស្ស​ជា​ច្រើន​បាន​ហៅ​ទូរស័ព្ទ​មក​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​អាច​ឈរ​មើល​បាន​យ៉ាង​ដូចម្ដេច នៅ​ពេល​ដែល​ការ​បំផ្លិច​បំផ្លាញ​ទាំង​អស់​នេះ​កំពុង​កើតឡើង? ខ្ញុំ​ឆ្លើយ​ថា ពេល​វេលាប្រយុទ្ធ​ប្រឆាំង​នឹង​និទ្ទណ្ឌភាព​មក​ដល់​ហើយ»។

កាលពីឆ្នាំមុន មេដឹកនាំ​គណបក្ស​ប្រឆាំង​ Raila Odinga បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Kenyatta​ ថា​បាន​បង្វែរ​ការ​សាង​សង​ផ្លូវ​រថភ្លើង ​ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ​របស់​លោក។ តែ​លោក Odinga បាន​បញ្ឈប់​ការ​រិះគន់​របស់​លោក កាល​ពី​ខែ​មេសា​បន្ទាប់​ពី​បាន​ព្រមព្រៀងជាមួយ​លោក​ប្រធានាធិបតី Kenyatta​ ដើម្បី​ធ្វើការ​ជាមួយ​គ្នា។

កាល​ពី​ខែ​មិថុនា តំណាង​រាស្ត្រ​កេនយ៉ា​ម្នាក់​បាន​ភ្ជាប់​ប្អូន​ប្រុស​របស់​លោក​ប្រធានាធិបតី Kenyatta ឈ្មោះ Muhoho ទៅ​នឹង​ការ​នាំចូល​ស្ករស​ខុសច្បាប់។ ជា​ការ​ឆ្លើយ​តប លោក​ប្រធានាធិបតី Kenyatta បាន​និយាយ​ថា ប្រសិន​បើ​មាន​ភស្តុតាង ប្អូន​ប្រុស​របស់​លោក​គួរ​តែ​ត្រូវ​បាន​ស៊ើប​អង្កេត​និង​យក​មក​កាត់​ទោស។

ប៉ុន្តែ​ការ​តាម​ចាប់​ក្រុម​គ្រួសារ​របស់​ប្រធានាធិបតី​កំពុង​កាន់​អំណាច គឺ​មិន​ទំនង​នឹង​កើត​ឡើង​នៅ​ប្រទេស​កេនយ៉ា​ទេ ហើយ​លោក David Kimanzi ដែល​ជា​អ្នក​ដឹកនាំ​ចលនា​ជាតិ​ទាមទារ​កិច្ច​ព្រម​ព្រៀង​ដី​ធ្លី ឬ National Land Accord Movement សង្ស័យ​ថា​មន្ត្រី​កំពូលៗ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ដាក់​ទោស។

លោក Kimanzi ថ្លែង​ថា៖

«មិន​ដែល​មាន​ការ​ផ្ដន្ទាទោស​ណា​មួយ​ចំពោះ​ជន​ម្នាក់​ណា​ដែល​បាន​លួច​ថវិកា​សាធារណៈ​នោះ​ទេ»។

លោក Kimanzi និយាយ​ថា ទោះ​បី​ជា​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​នៅ​សប្ដាហ៍​មុន​ក៏​ដោយ​ ក៏​នៅ​តែ​មាន​មន្ត្រី​ដែល​មិន​អាច​ប៉ះ​ពាល់​បាន​ដែរ។ លោក Kimanzi បន្ត​ថា​ប្រសិន​បើ​អ្នក​ប៉ះ​ពាល់​ពួកគេ អ្នក​គឺ​ប៉ះពាល់​ស្នូល​នៃ​រដ្ឋាភិបាល​តែ​ម្ដង៕

ប្រែ​សម្រួល​ដោយ ចាប ចិត្រា