ប្រធានាធិបតី​កេនយ៉ា​ថា ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​លើ​បណ្ដុំ​សណ្ឋាគារ និង​ហាង​ទំនិញ​បាន​បញ្ចប់​ហើយ

រូបឯកសារ៖ ក្រុមជួយសង្រ្គោះកាកបាទក្រហមជួយស្រ្តីម្នាក់ ដែលទ្រហ៊ោយំ បន្ទាប់ពីដឹងថា សមាជិកគ្រួសាររបស់ខ្លួនម្នាក់បានស្លាប់​នៅក្នុងការវាយប្រហារភេរវកម្ម នៅបណ្ដុំ​អាគារ​សណ្ឋាគារ និង​ការិយាល័យ​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

លោក Kenyatta បាន​និយាយ​ថា «ពួក​ភេរវជន» ទាំង​អស់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន «កម្ចាត់​ចោល​ហើយ»។

ប្រធានាធិបតី​កេនយ៉ា​លោក Uhuru Kenyatta បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដ៏​ប្រល័យ និង​ការ​ហ៊ុមព័ទ្ធ​បណ្ដុំ​អាគារ​សណ្ឋាគារ និង​ការិយាល័យ​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា បាន​បញ្ចប់​ហើយ។

នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​កេនយ៉ា​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​ប្រធានាធិបតី Kenyatta បាន​និយាយ​ថា ប្រជាពលរដ្ឋ ១៤ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​លើ​បណ្ដុំ​អាគារ DusitD2 ចំណែក​ឯ​ប្រជាពលរដ្ឋ ៧ រយ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ជួយ​សង្គ្រោះ។

លោក Kenyatta បាន​និយាយ​ថា «ពួក​ភេរវជន» ទាំង​អស់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន «កម្ចាត់​ចោល​ហើយ»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​អះអាង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ។ ពលរដ្ឋ​អង់គ្លេស​ម្នាក់​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ។

ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម al-Shabab អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។ ការ​វាយ​ប្រហារ​នេះ​បាន​ចាប់ផ្ដើម​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​ការ​បំផ្ទុះ​គ្រាប់​ផ្ទុះ​នៅ​ខាង​ក្រៅ​ធនាគារ​មួយ​កន្លែង និង​ការ​ដាក់​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​កន្លែង​ស្វាគមន៍​ភ្ញៀវ​នៃ​សណ្ឋាគារ​មួយ​កន្លែង។

បណ្ដុំ​អាគារ​សណ្ឋាគារ និង​ហាង​ទំនិញ​ទំនើបៗ DusitD2 ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនើប​មួយ​កន្លែង​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ដែល​ទាក់ទាញ​ជា​ពិសេស​អ្នក​ទេសចរ​អាមេរិកាំង អឺរ៉ុប និង​ឥណ្ឌា ទោះបីជា​គេ​មិន​ដឹង​ច្បាស់​ថា ការ​វាយ​ប្រហារ​មាន​បំណង​សំដៅ​លើ​នរណា​ក៏​ដោយ៕