ប្រធានាធិបតី​កេនយ៉ា ជា​មេដឹកនាំ​ម្នាក់​នៃ​បណ្តា​មេដឹកនាំ​ពិភពលោក​ដែល​មាន​ប្រាក់​រាប់លាន​ដុល្លារ​នៅក្នុង​គណនី​សម្ងាត់​នៅក្រៅ​ប្រទេស

រូបឯកសារ៖ លោក Uhuru Kenyatta ជា​ប្រធានាធិបតី​​នៃ​ប្រទេស​កេនយ៉ា។

ប្រធានាធិបតី​កេនយ៉ាលោក Uhuru Kenyatta និង​ក្រុម​គ្រួសារ​របស់​លោក​ស្ថិត​នៅ​ក្នុង​ចំណោមពួក​មេដឹកនាំ​សាកលលោកដែល​ត្រូវ​បាន​គេ​និយាយ​ថា​ បាន​លាក់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​គណនី​សម្ងាត់នៅ​ក្រៅប្រទេស។

ឯកសារដែល​ត្រូវ​បាន​ទទួល​ដោយ​សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ (ICIJ) បាន​បង្ហាញ​ថា ក្រុម​គ្រួសារ​របស់​ប្រធានាធិបតី​កេនយ៉ា​លោក Kenyatta មាន​ប្រាក់​ចំនួន​៥០០លាន​ដុល្លារ​នៅ​ក្នុង​មូលនិធិ​យ៉ាង​តិច​ណាស់​ក៏​៧ដែរ​ហើយ​នឹង​នៅ​កន្លែង​រួច​ពន្ធ​ក្នុង​ប្រទេស​ជា​ច្រើន រួម​ទាំង​ប្រទេស​ប៉ាណាម៉ា​និង​ប្រជុំ​កោះ British Virgin ផងដែរ។

ក្រុម​គ្រួសារ​នោះ​បាន​ប្រើ​សេវា​ធនាគារ Union Bancaire Privee ដែល​ជា​ធនាគារ​ដ៏​ធំ​បង្អស់​មួយ​នៅ​ក្នុង​ប្រទេស​ស្វីស​ដើម្បី​ចុះឈ្មោះនិង​បង្កើត​មូលនិធិ​មួយ​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា​ដើម្បី​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​បាន​ចាប់ផ្តើម​ស្ថាបនានៅ​ក្រោម​ឈ្មោះ​លោក Jomo Kenyatta ដែល​បាន​ក្លាយ​ជាប្រធានាធិបតី​ទី១​របស់​កេនយ៉ា​នៅ​ឆ្នាំ១៩៦៤ បន្ទាប់ពី​ប្រទេស​នេះ ​បាន​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស។

សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ ICIJ បាន​ដកស្រង់​សម្តី​គណៈកម្មការ​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​បាន​រកឃើញ​ថា ទ្រព្យ​សម្បត្តិជា​ដីធ្លី​មួយ​ក្នុងចំណោម​ទ្រព្យសម្បត្តិ​ជា​ដីធ្លីចំនួន៦​ដែល​បាន​កាន់កាប់​កាលពី​ពេល​មុន​ដោយ​ពួក​អឺរ៉ុប​នៅ​ក្នុង​សម័យ​អាណានិគម «បាន​ត្រូវ​គេ​លក់​ក្នុងតម្លៃ​ថោក»​ទៅ​ឲ្យ​លោក Kenyatta ក្រុម​គ្រួសារ ​និង​សម្ព័ន្ធមិត្ត​របស់​លោក រួម​ទាំង​លោក Daniel arap Moi អនុ​ប្រធានាធិបតី​របស់​លោក Kenyatta និង​បុរស​ម្នាក់​ទៀត​ដែល​បាន​ស្នង​តំណែង​លោក​នៅពេល​លោក Kenyatta ​ដែល​ជាឪពុក​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ ១៩៧៨។

ក្រុម​គ្រួសារ​លោក Kenyatta បាន​រីកចម្រើន​ក្នុង​អំឡុង​ពេលកាន់​អំណាច​ផ្តាច់ការ​ជាង​២ទសវត្សរ៍ចុង​ក្រោយ​របស់​លោក Moi ដែល​បាន​បង្កើតកន្លែង​ធ្វើ​ទឹកដោះ​គោ​ដែល​បាន​ពង្រីក​នៅ​ទូទាំង​តំបន់​អាហ្វ្រិក​ខាង​កើត​ ហើយ​ឥឡូវ​នេះ​ ជា​កន្លែង​ផលិត​ទឹក​ដោះ​គោ​ដ៏​ធំបង្អស់​នៅ​ក្នុង​ប្រទេស​កេនយ៉ា និង​បាន​ទិញ​សហគ្រាស​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​ជាច្រើន រួម​ទាំង​ធនាគារធំៗ​ព្រមទាំង​សណ្ឋាគារ​ទំនើបៗ​ផង។

​ឯកសារ Pandora ក៏​បាន​បង្ហាញដែរ​ថា ក្រុម​គ្រួសារ​លោក Kenyatta បាន​កាន់កាប់​ដោយ​សម្ងាត់​នូវ​ក្រុមហ៊ុន​ដែលមាន​តែឈ្មោះ​ជា​ច្រើន​នៅ​ប្រជុំ​កោះ British Virgin។ ក្រុមហ៊ុន​មួយ​នៃ​ក្រុមហ៊ុន​ទាំង​នោះ បាន​កាន់កាប់​ដោយ​លោក Muhoho បង​ប្អូន​ប្រុស​របស់​លោក Uhuru នៅ​ឆ្នាំ​២០១៦។ ពី​ឆ្នាំ១៩៩៩​ ដល់​ឆ្នាំ២០០៤ លោកស្រី Ngina ដែល​ជា​ម្តាយ​របស់​លោក Uhuru និង​បងប្អូន​ស្រី​២នាក់​ទៀត​របស់​លោក មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន BVI ដែល​ពួកគេ​ធ្លាប់​បានប្រើ​ប្រាស់​ដើម្បី​ទិញ​អាប៉ាតឺម៉ង់​មួយកន្លែង​នៅ​ក្នុង​សង្កាត់​អ្នកមាន​មួយ​នៅ​ទីក្រុង​ឡុងដ៍។

ទស្សនាវដ្តី Forbes បាន​ចាត់​ថ្នាក់​លោក Uhuru Kenyatta ជា​អ្នក​ដែល​មាន​ប្រាក់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កេនយ៉ា​ និង​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ទី២៦ ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នៅ​ឆ្នាំ២០១១ ២ឆ្នាំ​មុន​ពេល​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ដោយ​លោក​បាន​ហៅខ្លួនឯង​ថា ​ជា​អ្នក​ប្រឆាំង​អំពើ​ពុករលួយ៕