ប្រទេស​កេនយ៉ា​រៀបចំ​សន្និសីទ​សុខភាព​ផ្លូវចិត្ត​ថ្នាក់​ជាតិ​លើក​ដំបូង​បង្អស់

(ឯក​សារ) ប្រទេស​កេនយ៉ា​ និយាយ​ទូរសព្ទ​នៅក្រៅ​បរិវេណ​ទីស្តីការ​ក្រសួង​សុខាភិបាល​ ក្នុង​រដ្ឋធានី​ ប្រទេស​កេយ៉ា​ (រូបថត​ថ្ងៃ៨​ ខែធ្នូ​ ២០១៦​)។

លោក Onyango Otieno អាយុ​៣១ ឆ្នាំ ធំ​ដឹង​ក្ដី​នៅ​ក្នុង​គ្រួសារ​មួយ ដែល​គាត់​បាន​ពិពណ៌នា​ថា​មាន​"អំពើ​ហិង្សា​ធ្ងន់ធ្ងរ"។

លោក​បាន​និយាយ​ថា ឪពុក​របស់​លោក​ក៏​បាន​ធំ​ដឹង​ក្ដី​នៅ​ក្នុង​គ្រួសារ​ដែល​មាន​អំពើ​ហិង្សា​ផង​ដែរ ហើយ​ឪពុក​របស់​លោក​បាន​រងគ្រោះ​ពី​ជំងឺ​បាក់ស្បាត ដែល​ហៅ​ថា PTSD បន្ត​ពី​ជីតា​របស់​លោក។

លោក Otieno ថា​លោក​ក៏​កើត​ជំងឺ​នេះ​ផង​ដែរ ដែល​បន្ត​ពី​ជីតា​របស់​លោក។ ជីតា​របស់​លោក​ត្រូវ​គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​កើត​ជំងឺ​នេះ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​ត្រឡប់​មក​ពី​ធ្វើ​សង្គ្រាម​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី ២។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «កាល​ហ្នឹង​ជីតា​ខ្ញុំ មាន​កូន៣០នាក់។ អ្នក​អាច​ស្រមៃ​ឃើញ​ពី​ស្ថានភាព​រស់នៅ​នៅ​ក្នុង​ភូមិ​យ៉ាង​ណា​បាន​ហើយ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​កំពុង​មាន​ជំងឺ​បែប​នេះហើយ​គ្មាន​នរណា​ស្គាល់​ជំងឺ​នេះ​នៅឡើយ​កាលពី​ទសវត្ស​ទី៨០នោះ។ អីចឹង​ហើយ ជំងឺ​ហ្នឹង​បន្ត​កើត​ដល់​គ្រួសារ​ឪពុក​របស់​ខ្ញុំ ដោយ​ក្នុង​គ្រួសារ​មានតែ​អំពើ​ហិង្សា​ជាប់​រហូត។ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៥ឆ្នាំ នៅ​ពេល​នោះ​ហើយ​ជា​ពេល​ដែល​ខ្ញុំ​ចាប់ផ្ដើម​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ហើយ​ខ្ញុំ​រស់នៅ​ក្នុង​ស្ថានភាព​ជំងឺ​បែប​ហ្នឹង​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ»។

ឥឡូវ​នេះ លោក​ Otieno គឺ​ជា​អ្នក​អប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត។ លោក​បាន​បង្កើត​ក្រុម​មួយ​ដែល​មាន​សមាជិក​ប្រហែល​២០០​នាក់ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​សុខភាព​ផ្លូវចិត្តដោយ​ប្រើ​វិធី​និយាយ​រៀបរាប់​អំពី​សាច់​រឿង​ពាក់ព័ន្ធ​ដើម្បី​ជម្នះ​ឲ្យ​ផុត​ពី​ជំងឺ​ផ្លូវចិត្ត។ លោក​បាន​និយាយ​ថា កាល​ពី ៣-៤ឆ្នាំ​មុន មិន​មាន​ទិដ្ឋភាព​បែបនេះ​ឡើយ។

កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ប្រទេស​កេនយ៉ា​បាន​រៀបចំ​សន្និសីទ​សុខភាព​ផ្លូវចិត្ត​ថ្នាក់​ជាតិ​លើក​ដំបូង​បង្អស់ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​សុខភាព​ផ្លូវចិត្ត​កាន់តែ​ប្រសើរ​ឡើង និង​ចាត់​ទុក​ជា​អាទិភាព​ក្នុង​វិស័យ​សាធារណៈ និង​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​សង្គម​សេដ្ឋកិច្ច។

សន្និសីទ​សុខភាព​ផ្លូវ​ចិត្ត​នេះ ​គឺ​ជា​សន្និសីទ​លើក​ដំបូង​បង្អស់​របស់​ប្រទេស​កេនយ៉ា ដែល​ដឹកនាំ​ដោយ​ក្រសួង​សុខាភិបាល។

លោក​វេជ្ជបណ្ឌិត Rudi Eggers ដែល​ជា​អ្នក​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កេនយ៉ា បាន​ថ្លែង​ក្នុង​ថ្ងៃ​បើក​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​នេះ​ថា៖ «បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅតែ​ត្រូវ​គេ​អើពើ​មិន​ចាត់​ចូល​ក្នុង​ការ​ប្រឹងប្រែង​ជា​សាកល​ដើម្បី​លើក​កម្ពស់​សុខភាព​នៅ​ឡើយ។ ប្រជាជន​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ទទួលរង​ការ​រំលោភ​បំពាន​សិទ្ធិ ការ​រើសអើង និង​មាន​អារម្មណ៍​ខ្លាច​គេ​មាក់ងាយ។ ប្រជាជន​ជាង៨០​ភាគរយ ធ្លាប់​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ដែល​ក្នុង​នោះ​ទាំង​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ការ​រំលោភ​បំពាន​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​ផង​ដែរ ដែល​ជា​ស្ថានភាព​ដែល​កើត​ឡើង​ដោយសារ​គ្មាន​ទម្រង់​នៃ​ការ​គាំទ្រ​ការ​គាំពារ​សុខភាព​ផ្លូវ​ចិត្ត​ដែល​មាន​តម្លៃ​សមរម្យ និង​មាន​គុណភាព​»។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ប្រធានាធិបតី​កេនយ៉ា​លោក Uhuru Kenyatta បាន​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល​បង្កើត​ក្រុមការងារ​បច្ចេកទេស​ដើម្បី​សិក្សា​អំពី​ស្ថានភាព​បញ្ហា​សុខភាព​ផ្លូវចិត្ត​ក្នុង​ប្រទេស​កេនយ៉ា និង​ផ្ដល់​លទ្ធផល​មក​វិញ​នូវ​អ្វី​ដែល​លោក​បាន​និយាយ​ថា​នឹង​អាច​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ផ្ដល់​ថវិកា និង​ធនធាន​សម្រាប់​បញ្ហា​នេះ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​អ្នកស្រី Susan Mochache បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ផ្ដោត​លើ​ការ​ចាត់​ទុក​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ថា​ជា​បញ្ហា​អាទិភាព​របស់​ជាតិ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «នៅ​ប្រទេស​កេនយ៉ា ជំងឺ​ផ្លូវ​ចិត្ត​គឺ​ជា​បុព្វហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​ខូច​សតិ ហើយ​មាន​អ្នក​ជំងឺ​ប្រហែល២៥​ភាគរយ​ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​មិន​សម្រាក​នៅ​មន្ទីរពេទ្យ និង​អ្នក​ជំងឺ​រហូត​ដល់​ទៅ៤០ភាគរយ​ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ រងគ្រោះ​ស្ថានភាព​ជំងឺ​ផ្លូវ​ចិត្ត​ទាំង​នេះ»។

អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ធ្វើ​អត្តឃាត​ក្នុង​ប្រទេស​កេនយ៉ា​បាន​កើន៥៨ ភាគរយ​ពី​ឆ្នាំ២០០៨​ ដល់​ឆ្នាំ២០១៧ គឺ​ស្មើ​នឹង៤២១នាក់។ ក្នុង​ចំណោម​ករណី​អត្តឃាត​ទាំង៤២១ ករណី​នេះ អ្នក​ដែល​ធ្វើ​អត្តឃាត​ប្រហែល៧៥ភាគរយ​ គឺ​ជា​បុរស៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី​