រដ្ឋPennsylvania គឺជារដ្ឋដំបូងបំផុតក្នុងចំណោមរដ្ឋទាំង ០៩ របស់សហរដ្ឋអាមេរិក ដែល លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងប្រតិភូអមដំណើរ បាននិងគ្រោងជួបជាមួយអ្នកគាំទ្រខ្មែរអាមេរិកាំង។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រប្រមាណ ២០០ នាក់ នៅភោជនីយដ្ឋាន Hai Tien ក្នុងទីក្រុង Philadelphia កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។លោក កឹម សុខា បានសម្ដែងសុទិដ្ឋិនិយម ចំពោះការត្រៀមលក្ខណៈបានល្អ របស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី០៤ ខែមិថុនាខាងមុខ ដោយលោកបានអះអាងថា «នេះជាលើកទីមួយហើយ ដែលគណបក្សប្រឆាំង បានដាក់បេក្ខជនឈរឈ្មោះបាន ១០០ ភាគរយ គឺគ្រប់ ១៦៤៦ ឃុំសង្កាត់ទូទាំងប្រទេសតែម្ដង»។
លោក កឹម សុខា ក៏បានលើកសរសើរពីប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិក្នុងពេលបច្ចុប្បន្ន ក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋទូទៅ និងពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ក្នុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជា។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានលើកឡើងថា៖ «តំបន់អារ៉ែងប្រជាពលរដ្ឋឈឺចាប់ណាស់នៅទីនោះ ហើយមានប្រាំឃុំ ក្នុងចំណោមប្រាំឃុំនៅតំបន់នោះ យើងមានបេក្ខជនដែលជាជនជាតិដើមហ្នឹង មកឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ ហើយការស្ទាបស្ទង់មើលទៅក្នុង ៥ឃុំ នោះ យើងអាចយកឈ្នះយ៉ាងតិច ៣ ឃុំក្នុងចំណោមឃុំដែលដាច់ស្រយោលនោះ»។
ក្រៅពីការលើកឡើងពីចំណុចអវិជ្ជមាននៃការគ្រប់គ្រងប្រទេស របស់រដ្ឋាភិបាលបច្ចុប្បន្ន ដែលបង្កឲ្យមានបញ្ហាមួយចំនួនដូចជា ការកាប់បំផ្លាញព្រៃឈើ ការរឹបអូសដីធ្លី និងការលើកឡើងថា សន្តិភាព ដែលរដ្ឋាភិបាលតែងតែធ្វើការអះអាងនោះជាសន្តិភាព មួយជ្រុងដោយមានអ្នកខ្លះជាប់គុក អ្នកខ្លះសប្បាយនោះ លោក កឹម សុខា ក៏មិនភ្លេចរៀបរាប់ទេ ពីការជាប់ឃុំរបស់លោកនៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិអស់រយៈពេល ៦ ខែ ៦ ថ្ងៃ កាលពីឆ្នាំ ២០១៦។
លោក កឹម សុខា បាននិយាយថា៖ «បងប្អូនទទួលបានព័ត៌មានហើយ ៦ ខែ ៦ថ្ងៃ ខ្ញុំនៅក្នុងស្នាក់ការដោយអត់អាចចេញទៅណាបាន ដោយសារការគំរាមកំហែង បំភិតបំភ័យ ធ្វើទុកបុកម្នេញ គឺធ្វើឲ្យយើងខ្លាច ឲ្យយើងនឹងរត់ចោលស្រុកទាំងអស់គ្នា ដើម្បីទុកស្រុកឲ្យគេ»។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូប ដែលបានចូលរួមនៅក្នុងការជួបជុំគ្នានេះ បានលើកឡើង ថាបើសិនជាមានការផ្លាស់ប្តូរនៅកម្ពុជា លោកចង់ឲ្យមានការផ្លាស់ប្ដូរក្នុងវិស័យអប់រំមុនគេ។
លោក យិន ម៉ម សាស្ត្រាចារ្យចូលនិវត្តន៍ អាយុ ៧៨ រស់នៅក្នុងទីក្រុង Philadelphia បាននិយាយថា៖ «ការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាយើង វិស័យដែលសំខាន់ជាងគេ គឺវិស័យអប់រំជាតិ។ យើងត្រូវអប់រំប្រជាពលរដ្ឋខ្មែរយើង ឲ្យប្តូរនូវផ្នត់គំនិតរបស់យើង ឲ្យបានទៅជាពលរដ្ឋដែល យល់ដឹងនូវប្រវត្តិសាស្ត្រ និងកិច្ចការនយោបាយសំខាន់ៗ»។
ទោះបីជាបញ្ហាជាច្រើនត្រូវបានគេលើកឡើងនៅក្នុងការជួបជុំគ្នានេះ ពុំមាននរណាម្នាក់លើកឡើងពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឡើយ។ ក្រោយពីការពីការលាលែងចេញពីតំណែងរបស់លោក កាលពីថ្ងៃទី ១១ ខែកុម្ភៈកន្លងទៅ គេសង្កេតឃើញថា សន្ទុះនៃការគាំទ្រគណបក្សសង្គ្រោះជាតិរបស់ពលរដ្ឋខ្មែរអាមេរិកាំង មិនមានអ្វីប្រែប្រួលខ្លាំងក្លាឡើយ។ នេះបើយោងតាមអ្នកគាំទ្រគណបក្សប្រឆាំងនេះ។
លោក ឡុង រឿម អាយុ ៦០ឆ្នាំ ដែលពលរដ្ឋខ្មែរអាមេរិកាំងចូលនិវត្តន៍ម្នាក់ បានប្រាប់ VOA ថា៖ «ការលាលែងចេញពីតំណែងរបស់ លោកសម រង្ស៊ី មិនមែនជារឿងអ្វីធំដុំ ទេ សម្រាប់ការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរអាមេរិកាំង ចំពោះគណបក្សសង្គ្រោះជាតិ។
លោក ឡុង រឿម បាននិយាយថា៖ «ខ្ញុំថាវាជាពេលវេលាមួយ ដែលដល់ពេលវេលាមួយត្រូវសម្រេចទៅឯង អត់មានអ្នកណាអាចកំណត់មុនយ៉ាងម៉េចទេ។ ប៉ុន្តែហាក់ដូចជាឱកាសហ្នឹងមកដល់ទាំងអស់គ្នា យល់ព្រមទាំងអស់គ្នា ស្រុះស្រួលគ្នា ហើយម្យ៉ាងទៀតជាបរិយាកាសល្អ ដែលថាម្នាក់ៗ សុខចិត្តលះបង់ សុខចិត្តផ្ទេរតំណែង ហើយសុខចិត្តយោគយល់តាមកាលៈទេសៈ។ ខ្ញុំថាជារឿងល្អ»។
ក្រៅពីគម្រោងជួបជាមួយអ្នកគាំទ្រនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋចំនួន ០៩ របស់សហរដ្ឋអាមេរិក លោក កឹម សុខា ក៏គ្រោងធ្វើដំណើរទៅកាន់រដ្ឋធានី Washington ដើម្បីជួបមន្ត្រីសំខាន់ៗនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Trump សមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ។
កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក កឹម សុខា បានប្រាប់ VOA ថា នៅក្នុងជំនួបជាមួយនឹងមន្ត្រីសំខាន់ៗទាំងនេះ មិនមានការពិភាក្សាពីករណីសកម្មជនគណបក្សសង្គ្រោះជាតិទាំង ១៦ រូប និងសកម្មជនសិទ្ធិមនុស្សទាំង ០៥ រូបដែលកំពុងជាប់ឃុំនោះទេ។
កញ្ញា មនោវិទ្យា បញ្ជាក់ថា នេះជាលើកទីមួយហើយគណបក្សសង្គ្រោះជាតិ មានឱកាសជួបជាមួយនឹងសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក។ ហើយជំនួបលើកនេះ គណបក្សសង្គ្រោះជាតិផ្ដោតសំខាន់លើរឿងបោះឆ្នោតប៉ុណ្ណោះ។
អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិរូបនេះ បានឲ្យដឹងថា៖
«គោលបំណងរបស់ពួកយើងខ្ញុំជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកទាំងអស់នេះ គឺដើម្បីលើកឡើងសំខាន់ ទៅលើបញ្ហាបោះឆ្នោត គឺធ្វើយ៉ាងណាដើម្បីធ្វើឲ្យការបោះឆ្នោត អាចប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលប្រជាពលរដ្ឋអាចទទួលយកបាន ដើម្បីចៀសវាងអំពើហិង្សា ចៀសវាងការធ្វើបាបគ្នាទៅវិញទៅមក។
កញ្ញា កឹម មនោវិទ្យា បន្ថែមថា៖ «ចំណុចមួយទៀតដែលយើងនឹងផ្ដោតផងដែរ គឺទៅលើការផ្ទេរអំណាច ក្នុងករណីដែលគណបក្សថ្មីអាចឈ្នះឆ្នោតនេះឯង ពីព្រោះយើងដឹងថា ការបោះឆ្នោតលើកនេះ ទាំង ២០១៧ ទាំង ២០១៨ គឺជាការបោះឆ្នោតប្រវត្តិសាស្រ្តមួយ ដែលអន្តរជាតិមានការចាប់អារម្មណ៍ច្រើន»។
បន្ទាប់ពីជួបអ្នកគាំទ្រនៅរដ្ឋ Pennsylvania លោក កឹម សុខា និងប្រតិភូគណបក្សសង្គ្រោះជាតិបានធ្វើដំណើរទៅកាន់រដ្ឋ Minnesota និងរដ្ឋ Massachusett។ ហើយបន្ទាប់មកទៀត លោកនឹងធ្វើដំណើរទៅរដ្ឋធានី Washington និងរដ្ឋទាំង ៦ គឺ៖ រដ្ឋ Virginia Texas California Tennessee Florida និងOregon៕