មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ប្រើ​វប្បធម៌​សន្ទនា​ដោះ​លែង​សកម្មជន​របស់​ខ្លួន

រូបឯកសារ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ លោក កឹម សុខា ត្រូវ​បាន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បោះ​ឆ្នោត​តែង​តាំង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា។ ​(Reuters)

លោក ​កឹម​ សុខា​ អនុប្រធាន​គណបក្ស​ជំទាស់​នៅ​ថ្ងៃ​នេះ​ ប្រកាស​យក​«វប្បធម៌​សន្ទនា»​ និង​កិច្ច​ព្រមព្រៀង​នយោបាយ​ ចុះ​នៅ​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ឆ្នាំ​២០១៤​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ មក​ធ្វើ​ជា​ជំនួយ​ក្នុង​ការ​ដោះ​លែង​មន្ត្រី​ និង​សកម្មជន​នយោបាយ​១១​នាក់​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ និង​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​កាល​ពី​សប្តាហ៍​មុន។​

ការ​ប្រកាស​របស់​លោក​កឹម សុខា​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ និង​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ ស្នើសុំ​ឱ្យពិនិត្យ​មើល​ឡើង​វិញ​ លើ​ការ​សម្រេច​របស់​តុលាការ ​ដោយ​យល់​ថា ​សំណុំ​រឿង​នេះមាន​លក្ខណៈ​នយោបាយ។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ច្រក​ចូល​ពន្ធនាគារ​ព្រៃ​ស ពេល​លោក​ទៅ​សួរសុខ​ទុក្ខ​សកម្មជន​នៅ​ក្នុង​ពន្ធនាគារ លោក​កឹម​ សុខា​ អនុ​ប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ជាតិ​ មាន​ប្រសាសន៍​ថា ​ការ​កាត់​ទោស​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​នីតិ​វិធី​របស់​តុលាការនោះ​ទេ​ ពីព្រោះ​គ្មាន​ការ​ចូលរួម​ពី​មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង​១១​នាក់​ទេ។​ លោក​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​នយោបាយ​ ចុះ​នៅ​ថ្ងៃ​ទី​២២​ខែ​កក្កដា​ និង​វប្បធម៌​សន្ទនា​ អាច​រក​ច្រក​ចេញ​ដោះ​ស្រាយ​ការ​ដោះ​លែង​មន្ត្រី​ និងសកម្មជន​នយោបាយ​ទាំង​នោះ។

«ខ្ញុំ​សង្ឃឹម​ថា​ សព្វថ្ងៃ​នេះ​គណបក្ស​ទាំង​ពីរ​នៅ​តែ​គោរព​នូវ​វប្បធម៌​សន្ទនា​ដដែល ​ហើយ​គេ​បាន​បញ្ជាក់​ ទាំង​ពីរ​បក្ស​ហ្នឹងបាន​បញ្ជាក់​ហើយ​ នៅ​តែ​គោរព​វប្បធម៌​សន្ទនា។​ អញ្ចឹង​វប្បធម៌​សន្ទនា​ក៏អាច​ជាច្រក​ទី​បី​ដើម្បី​ឲ្យ​ដោះ​លែង​អ្នក​ហ្នឹង»។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​មន្ត្រី​ និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ ឲ្យ​ជាប់​ពន្ធនាគា​ពី​៧ឆ្នាំ​ដល់​២០​ឆ្នាំ​ទាក់ទង​នឹង​សំណុំ​រឿង​ហិង្សា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ឆ្នាំ​២០១៤។​

លោក​សុខ​ ឦសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យ​វីអូអេ​ដឹង​ថា​ វប្បធម៌​សន្ទនា ​ហើយ​និង​កិច្ចព្រម​ព្រៀង​នយោបាយ​នេះ​មិន​អាច​ដាក់​សម្ពាធទៅ​លើផ្លូវ​ច្បាប់​សម្រាប់​ការ​ដោះលែង​សកម្មជន​ទាំង​១១​នាក់​នេះ​ទេ។

«ខ្ញុំ​មិន​អាច​ប៉ាន់ស្មា​ន​បាន​ទេ​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា​ វប្បធម៌​សន្ទនា​គឺ​ថា ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ មិន​អាច​ដោះ​ស្រាយ​ខាង​ផ្លូវ​ច្បាប់​ទេ​ ព្រោះ​ពីរ​នេះ​វា​ដាច់​គ្នា។ ​ផ្លូវ​ច្បាប់​ ហើយ​ផ្លូវ​នយោបាយ​វា​ខុស​គ្នា»។​

មន្ត្រី​ និង​សកម្មជន​ទាំង​១១​នាក់​ដែលត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​នោះ​ រួម​មាន​មន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​មាជ​ សុវណ្ណារ៉ា​ ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ និង​លោក​អឿ ណារិទ្ធ​ផង​ដែរ​ ដែល​ត្រូវ​តុលាការ​ចោទ​ថា​ បាន​បង្ក​ឲ្យ​មាន​ហិង្សា​ ធ្វើ​ឲ្យ​អ្នក​បម្រើ​ការ​សន្តិ​សុខ​របួស​ជា​ច្រើននាក់​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ ដែល​មាន​ការ​ចោទ​ប្រកាន់​ទៅវិញ​ទៅមក​រវាង​ក្រុម​សន្តិសុខ​ និង​ក្រុម​បាតុករ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ឆ្នាំ​២០១៤។​

ការ​ផ្តន្ទាទោស​នេះ​កើត​ឡើង​ដោយ​គ្មាន​វត្តមាន​របស់​មេធាវី​តំណាង​ឲ្យ​១០​រូប​ក្នុង​ចំណោម​ជន​ជាប់​១១​នាក់​នោះ​ នៅ​ក្នុង​សវនាការ​នោះ​ទេ។​ រឿង​នេះ​ត្រូវក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​ច្បាប់​និយាយ​ថា​ តុលាការ​គួរ​តែ​ពន្យារ​ពេល​សវនាការ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ការ​ដាក់​ទោស​ទណ្ឌ​នេះ​បាន​កើត​ឡើង​ចំពេល​ ដែល​មាន​ការ​ពុះ​កញ្ជ្រោលរឿង​ជាតិ​និយម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​នឹង​វៀតណាម ​អំពី​បញ្ហា​រំលោភ​បំពាន​ព្រំដែន​ ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ​ជា​សម្ពាធ​នយោបាយ​មួយ។​

លោក​អំ សំអាត​ ប្រធាន​បច្ចេកទេសស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​អះអាង​ថា​ តុលាការ​ពុំ​បាន​កាត់ក្តី​ក្តាំ​នេះ​ត្រឹមត្រូវ​តាម​នីតិវិធីនោះ​ទេ។​

«យើង​ថា​ ការ​សម្រេច​ក្តី​នេះ​មា​ន​ចរិក​នយោបាយ​ជាង​ការណ៍​ដែល​ជំនុំជម្រះ​តាម​នីតិវិធី»។​

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពីថ្ងៃ​សៅរិ៍​ សម្តែងការ​ព្រួយ​បារម្ភ​ទាក់​ទិន​នឹង​ការ​ដាក់​ទោស​របស់​តុលាការ​ទៅ​លើ​មន្ត្រី ​និង​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

សេចក្តី​ប្រកាស​ព័ត៌មាននោះ​បាន​បញ្ជាក់​ថា៖ ​«យើង​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​ឡើង​វិញ​ ឲ្យ​បាន​ហ្មត់​ចត់​នូវ​ដំណើរ​ក្តី​នៃ​តុលាការ​របស់​ខ្លួន​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យវា​មាន​លក្ខណៈ​ពេញ​លេញ​ តម្លាភាព​ ហើយ​ស្រប​ទៅ​នឹង​ច្បាប់​ក្នុង​ប្រទេស​ និង​បទដ្ឋាន​អន្តរជាតិ»។​

ភ្លាមៗ​នោះ​ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ ចេញ​សេចក្តី​ថ្លែង​ការណ៍​រិៈគន់​ធ្ងន់ៗ​តប​ទៅនឹង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក។ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័សនេះ​និយាយ​ថា​ ជា​ទង្វើ​ខុស​ឆ្គង​ដ៏ធ្ងន់​ធ្ងរ​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​ប្រមាថ​ ដល់​ជនរងគ្រោះ​ ហើយ​ថា ​ការ​ថ្លែង​របស់ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ ជា​ចេតនា​បង្កើន​ភាព​អនាធិបតេយ្យ​ បំផ្លាញ​សន្តិសុខ​ និង​ភាព​សុខដុម​រមនា​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទាំង​មូល។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​សរសេរ​ថា៖ ​«អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ​សូម​ទាត់​ចោល​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ ដែល​មិន​បាន​គោរព​គោល​ការណ៍​នីតិរដ្ឋ​ និង​ពុំ​បាន​ផ្តល់​នូវ​យុត្តិ​ធម៌​ចំពោះ​ជន​រង​គ្រោះ​ទាំង​៣៩​នាក់​ ហើយ​ក៏សូម​បដិសេធ​ការ​បង្គាប់​បញ្ជា​ ណាមួយ​មក​លើ​រាជ​រដ្ឋាភិបាល ឲ្យ​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ច​ការ​តុលាការ»។​

លោក​ Courtney Woods ​ អ្នក​នាំពាក្យស្ថានទូត​សហ​រដ្ឋ​អាមេរិក​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែង​ការ​ណ៍​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ទេ​ ដោយ​បាន​ឆ្លើយ​តប​តាម​សារ​អេឡេចត្រូនិក​ ឬ​អ៊ីម៉េល​ថា៖ ​«យើង​គ្មាន​ការ​អធិប្បាយ​បន្ថែម​ទៀត​នោះ​ទេ»។​ ​

រី​ឯ​លោក​ទិត សុធា​ អ្នកនាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​លោក​ជាប់​ប្រជុំ​បន្ទាន់​មួយ។​

ដោយ​ឡែក​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​សម្តែងការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្តន្ទាទោស​សកម្មជន​នយោបាយ​ទាំង​១១​នាក់​នេះ ​ដោយ​បាន​លើក​ឡើង​ថា​ មិនមាន​បង្ហាញ​ភស្តុតាង​នៅ​ក្នុង​តុលាការ​ដែល​អាច​បញ្ជាក់​ថា​ ជនជាប់​ចោទ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ផ្ទាល់​ ឬ​ក៏​ហិង្សា​នោះ​បាន​ធ្វើឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ៕​