មន្ត្រីគណបក្សជំទាស់ និងមន្ត្រីសិទ្ធិមនុស្សប្រតិកម្មនឹងការផ្តន្ទាទោសក្រុមមន្ត្រីគណបក្សជំទាស់១១នាក់ឲ្យជាប់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទជាប់ពាក់ព័ន្ធនឹងបាតុកម្មដែលនាំឲ្យកើតអំពើហិង្សាកាលពីឆ្នាំទៅ។ ការដាក់ទោសនោះជារឿងគួរឲ្យសោកស្តាយ និងមិនត្រឹមត្រូវ។
មន្ត្រីគណបក្សសង្គ្រោះជាតិបានរិះគន់ចំណាត់ការតុលាការក្រុងភ្នំពេញកាលពី ថ្ងៃអង្គារថា ជារឿងធ្វើមិនត្រឹមត្រូវតាមច្បាប់ក្នុងការដាក់ទោសសកម្មជនរបស់ខ្លួនឲ្យជាប់គុកពី៧ដល់២០ឆ្នាំពីបទចោទថា បានជាប់ពាក់ពន្ធនឹងបាតុកម្មក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤ ដែលក្រោយមកបានប្រែក្លាយជាអំពើហិង្សានោះ។ នេះជាការអះអាងរបស់លោកយ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងប្រាប់វីអូអេកាលពីថ្ងៃអង្គារ។
«គណបក្សសង្គ្រោះជាតិសង្កេតឃើញថា នីតិវិធីនៃការធ្វើសវនាការនិងការដាក់ទោសចោទប្រកាន់នេះគឺពុំមានភាពត្រឹមត្រូវនិងយុត្តិធម៌ទេ ពីព្រោះសកម្មជន ទាំង១១រូបលោកពុំបានប្រព្រឹត្តដូចអ្វីដែលបានចោទប្រកាន់នោះទេ។ ដូច្នេះ គណបក្សសង្គ្រោះជាតិយើងមានការសោកស្តាយ ហើយយើងនឹងខិតខំពិគ្រោះ យោបល់ជាមួយមេធាវីដើម្បីនឹងស្វែងរកនីតិវិធីដោះស្រាយបញ្ហានេះ នៅពេល ខាងមុខនេះទៀត»។
សកម្មជនទាំង១១នាក់នោះ រួមមានមន្ត្រីព័ត៌មានគណបក្សគឺលោកមាជ សុវណ្ណារ៉ា និងលោកអឿ ណារិទ្ធផងដែរ ដែលត្រូវតុលាការចោទថា បានបង្ករឲ្យមានអំពើហិង្សា ធ្វើឲ្យមានអ្នកបម្រើការសន្តិសុខរបួសជាង៤០នាក់ក្នុងពេលប៉ះទង្គិចគ្នា ដែលមានការចោទប្រកាន់ទៅវិញទៅមករវាងក្រុមសន្តិសុខនិងក្រុមបាតុករកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១៤នោះ។
ការផ្តន្ទាទោសនេះត្រូវគេដឹងថា កើតឡើងដោយគ្មានមេធាវីតំណាងឲ្យ១០រូបក្នុងចំណោមជនជាប់ចោទ១១នាក់នោះ ចូលរួមក្នុងសវនាការទេ ដែលរឿងនេះក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកច្បាប់អះអាងថា តុលាការគួរតែពន្យារពេលសវនាការ។
ទោះជាយ៉ាងណាក៏ដោយ ការដាក់ទោសទណ្ឌនេះហាក់ដូចជាកើតឡើងចំពេល ដែលមានការពុះកញ្ជ្រោលរឿងជាតិនិយមប្រឆាំងនឹងរដ្ឋាភិបាល ហើយនឹងវៀតណាមអំពីបញ្ហារំលោភបំពានព្រំដែន ដែលក្រុមមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ជាសម្ពាធនយោបាយ។
លោកអំ សំអាត ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បាន អះអាងថា ការផ្តន្ទាទោសនេះមិនស្របច្បាប់ទេ។
«បើសិនជាយើងមើលឲ្យស៊ីជម្រៅ ខ្ញុំថា ការសម្រេចសេចក្តីនេះគឺឈរនៅលើ មូលដ្ឋាននយោបាយ ជាជាងឈរលើមូលដ្ឋានគតិយុត្តិ និងភស្តុតាងខាងផ្នែក ផ្លូវច្បាប់ ដោយសារបច្ចុប្បន្នស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាកំពុងតែ តានតឹង ជាពិសេសទាក់ទងនឹងកិច្ចការព្រំដែនដែលកន្លងមកគឺគណបក្ស សង្គ្រោះជាតិ គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើដំណើរទស្សនកិច្ច និងត្រួតពិនិត្យនៅតាមព្រំដែន»។
លោកបានកត់សម្គាល់ដែរថា កន្លងមកគណបក្សសង្គ្រោះជាតិមិនបានចូលសភា អនុម័តច្បាប់អង្គការដែលមានការរិះគន់ជាអន្តរជាតិថា ជាច្បាប់ដែលនឹងរឹតត្បិត សិទ្ធិសេរីភាពពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិសន្យាថា នឹងធ្វើឲ្យវប្បធម៌ សន្ទនារវាងមេដឹកនាំគណបក្សទាំងពីរគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃ គណបក្សប្រជាជនកម្ពុជា និងលោកសម រង្ស៉ីនៃគណបក្សសង្គ្រោះជាតិ ផ្តល់ ផលប្រយោជន៍ដល់ពលរដ្ឋនិងប្រទេស តាមរយៈការដោះស្រាយបញ្ហាដោយ អហិង្សា៕