លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយនៅថ្ងៃពុធនេះ មានគម្រោងជួបអ្នកការទូតប្រទេសស៊ុយអែត (Sweden) ប្រចាំកម្ពុជា បន្ទាប់ពីលោកកឹម សុខាត្រូវតុលាការដោះលែង ដោយបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនកាលពីថ្ងៃ១០ខែវិច្ឆិកា បន្ទាប់ពីការឃុំខ្លួនអស់រយ:ពេល២ឆ្នាំ ក្រោមបទឃុបឃិតគ្នាជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ជំនួបជាមួយអ្នកការទូតនៅថ្ងៃនេះកើតឡើងចំពេលមេដឹកនាំក្រុមជំទាស់មួយរូបទៀតគឺលោកសម រង្ស៉ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសរយ:ពេល៤ឆ្នាំកន្លងមកបានបញ្ចេញសារនយោបាយតាមហ្វេសប៊ុករបស់លោកថា វិបត្តិនយោបាយនៅកម្ពុជាជិតឈានដល់ទីបញ្ចប់ហើយ។
«ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានដំណោះស្រាយជាទីគាប់ចិត្តក្នុងពេលឆាប់ៗខាងមុខនេះ»។
លោករំពឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងមិនបណ្តោយឲ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋទេ ក្រោយដែលសហភាពអឺរ៉ុបដែលដាក់ឱសានវាទថ្ងៃទី១២វិច្ឆិកា ដើម្បីទាមទារឲ្យមានការស្តារប្រជាធិបតេយ្យឡើងវិញនៅកម្ពុជានោះ។
បើតាមការបញ្ជាក់ឲ្យដឹងរបស់លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ និងជាអ្នកនាំពាក្យបានឲ្យដឹងថា លោក Bjorn Haggmark ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែត (Sweden) ដែលជាប្រទេសមួយនៅប្លុកអឺរ៉ុបបែកខាងជើងនឹងចូលជួបជាមួយលោកកឹម សុខាមេដឹកនាំក្រុមជំទាស់នៅម៉ោង ០៤រសៀល ថ្ងៃពុធ ទី២៧ ខែវិច្ឆិកានៅគេហដ្ឋានក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។
អ្នកការទូតពីរប្រទេសមកពីអឺរ៉ុបដែរបានជួបជាមួយលោកកឹមសុខាកាលពីសប្តាហ៍មុន។ អ្នកការទូតពីររួមមាន ឯកអគ្គរាជទូត Philippe Kridelka នៃរាជាណាចក្របែលហ្ស៊ិក (Belgium) និងលោកស្រីឯកអគ្គរដ្ឋទូត Satu Suikkari-Kleven នៃសាធារណរដ្ឋហ្វាំងឡង់ (Finland) ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុករាជាណាចក្រថៃ ព្រះរាជាណាចក្រកម្ពុជា និង មីយ៉ាន់ម៉ា(ភូមា)។
ជំនួបជាមួយឯកអគ្គរាជទូតនិងឯកអគ្គរដ្ឋទូតអឺរ៉ុបចំនួននេះគឺបានប្រព្រឹត្តទៅក្រោយលោកទទួលជួបជាមួយអ្នកការទូតមហាអំណាចនិងប្រទេសផ្តល់ជំនួយសំខាន់ៗនិងប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មសំខាន់ៗជាមួយកម្ពុជាចាប់តាំងពីថ្ងៃទី១១ ខែវិច្ឆិកាមក។
លោកកឹម សុខាកាលពីសប្តាហ៍កន្លងទៅបានទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតប្រទេសស្វីស (Switzerland) គឺលោកស្រី Helene Budliger Artieda ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុករាជាណាចក្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជំនួបនេះកើតឡើងក្រោយពេលលោកបានទទួលជួបឯកអគ្គរដ្ឋទូតមហាអំណាចនិងប្រទេសធំៗចំនួន៦ប្រទេសក្នុងរយ:ពេលបួនថ្ងៃជាប់គ្នាកន្លងមក បន្ទាប់ពីតុលាការបានដោះលែងលោក ដោយការបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននិងការបញ្ជាក់របស់លោក មុត ចន្ថា មន្ត្រីអតីតនាយកខុទ្ទកាល័យលោក កឹម សុខា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំ។
លោក កឹម សុខា បានជួបឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាគឺលោកស្រី ទីណា រេដស័រ (Tina Redshaw) ។ ជំនួបជាមួយចក្រភពអង់គ្លេសកាលពីសប្តាហ៍មុនដែលជាប្រទេសមហាអំណាចលើពិភពលោកក្នុងចំណោម៥នោះ បានប្រព្រឹត្តទៅនៅឯគេហដ្ឋានរបស់លោកកឹម សុខាជាកន្លែងដែលលោកទទួលជួបសវនាការជាមួយមន្ត្រីការទូតនានាចាប់ផ្តើមពីថ្ងៃទី១ គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីលោកកឹម សុខាត្រូវតុលាការដោះលែង ដោយបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យត្រួតពិនិត្យរបស់តុលាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា។ កាលពីថ្ងៃទី១៣ វិច្ឆិកា លោក កឹម សុខា បានជួបអគ្គរដ្ឋទូតប្រទេសចំនួនពីរ។
ឯកអគ្គរដ្ឋទូតទាំងពីរនោះគឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ខាមិន ម៉រីណូ (Carmen Moreno) និងឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami) ប្រចាំកម្ពុជា។
ការជួបទូតសហភាពអឺរ៉ុប បានកើតឡើងចំពេលដែល សហភាពអឺរ៉ុបទើបបានបញ្ជូនរបាយការណ៍បឋមរបស់ខ្លួនទៅឱ្យអាជ្ញាធរកម្ពុជាស្ដីពីលទ្ធផលនៃការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិមនុស្ស ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាក្រោមលក្ខខណ្ឌ EBA។
ជំនួបនេះដូចលើកមុនៗដែរមិនត្រូវបានគេបញ្ជាក់ឲ្យដឹងអំពីខ្លឹមសារស៊ីជម្រៅទេ គ្រាន់តែអ្នកនាំពាក្យនៃកិច្ចប្រជុំគឺ លោក មុត ចន្ថា អះអាងថា អ្នកការទូតទាំងពីរដែលតំណាងឲ្យប្រទេសផ្តល់ជំនួយធំជាងគេបង្អស់មួយ និងជាប្រទេសផ្តល់ការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា លើកលែងតែអាវុធនោះ គឺជាការជួបសម្តែងការគួរសម និងសួរសុខទុក្ខអំពីបញ្ហាសុខភាពរបស់លោក កឹម សុខា។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ខាមិន ម៉រីណូ វ (Carmen Moreno) និងឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami) ប្រចាំកម្ពុជា មិនបានបញ្ជាក់ពីខ្លឹមសារនៃជំនួបនោះភ្លាមៗទេ។ តែ បេីតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបស្តីពីលោក កឹម សុខា ចេញផ្សាយក្រោយពីជំនួប អ្នកនាំពាក្យសហភាពអឺរ៉ុប ដែលប្លុកមានប្រទេសចំនួន២៨នោះ បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជួបជាមួយលោក កឹម សុខា នៅពេលព្រឹក បន្ទាប់ពីតុលាការរាជធានីភ្នំពេញ បានដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយហេតុផលសុខភាព។
អ្នកនាំពាក្យបានអះអាងថា នេះគឺជាជំហានវិជ្ជមានមួយទៅតាមទិសដៅត្រឹមត្រូវ តែ«យេីងរំពឹងថាលោកកឹម សុខា នឹងត្រូវបានដោះលែង ហេីយផ្តល់សិទ្ធិធ្វេីនយោបាយជូនលោកវិញ ដូចនេះ លោក កឹម សុខា អាចចូលរួមក្នុងជីវភាពនយោបាយបានពេញលេញ»។
ដោយឡែកលោកឯកអគ្គរដ្ឋទូតជប៉ុនបានសរសេីរលោក កឹម សុខា អំពីការអត់ធ្មត់របស់លោក ដេីម្បីប្រជាធិបតេយ្យនិងផលប្រយោជន៍ជាតិ។
កាលពីថ្ងៃអង្គារសប្តាហ៍មុនដែរលោក កឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតទាំងពីររូបដែល ក្នុងនោះមានលោក Christian Berger នៃប្រទេសអាល្លឺម៉ង់ ដែលជា សមាជិកសំខាន់បំផុតមួយរបស់សហភាពអឺរ៉ុប និង លោកស្រី Angela Corcoran នៃ ប្រទេសអូស្ត្រាលី។
កាលពីថ្ងៃចន្ទសប្តាហ៍ដេីមខែនេះ លោក កឹ ម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូត ចំនួនពីររូបដែរ គឺ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត បារាំងប្រចាំនៅកម្ពុជាដែលជាសមាជិកសំខាន់បំផុតមួយ និងឯកអគ្គរដ្ឋទូត អាមេរិក Patrick Murphy ប្រចាំកម្ពុជា។
អ្នកការទូតនានាដែលបានជួបរួមមានទាំងលោកឯកអគ្គរដ្ឋទូត អាមេរិក Patrick Murphy បានជំរុញឲ្យមានការទម្លាក់បទចោទទាំងអស់ប្រឆាំងនឹងលោក កឹម សុខា និងមន្ត្រីរបស់លោកទាំងក្នុង និងក្រៅប្រទេសពាក់ព័ន្ធនឹងអ្វីមួយដែលថា លោកត្រូវបានចោទថា បានឃុបឃិតជាមួយជនបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកកឹម សុខាត្រូវបានដោះលែងនិងបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីក្រុមមេធាវីបានស្នេីសុំឲ្យមានការដោះលែង លោកកឹម សុខាដោយយោងថា ថិរវេលានៃការឃុំខ្លួន ដោយគ្មានការកាត់ទោសបាន លេីសកំណត់ជាងពីរឆ្នាំ ហេីយមិនមានភស្តុតាងដាក់បន្ទុកលេីលោក កឹម សុខា។
ប៉ុន្តែតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌដោយផ្អែកលើហេតុផលសុខភាព និងការ សហការល្អរបស់លោក កឹម សុខា ជាមួយតុលាការ។ នេះបេីតាមសេចក្តីប្រកាស ព័ត៌មានរបស់តុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកកឹម សុខាបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សហមេធាវី ការពារសិទ្ធិរបស់លោកបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរលើកលែងបទចោទ មកលើរូបលោក តែលោកថា «ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ (អាទិត្យ) មិនមែនជាការលើកលែងការចោទប្រកាន់ឡើយគឺ ត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ»។
ពេលនេះ លោកកឹម សុខាត្រូវតុលាការហាមមិនឲ្យធ្វេីនយោបាយមិនឲ្យចេញក្រៅប្រទេស និងត្រូវសហការជាមួយតុលាការ។ ប៉ុន្តែលោកអាចដេីរចេញពីផ្ទះ និងជួបជុំ ពលរដ្ឋក្រុមគ្រួសារបានលេីកលែង តែសកម្មភាពនយោបាយ ដែលគ្មានការបញ្ជាក់ថា ជា អ្វីពិតប្រាកដដែលជាសកម្មភាពនយោបាយ បេីមិនដូច្នោះទេ តុលាការអាចឃុំលោកវិញ។
លោកកឹម សុខាបានជួបជាមួយឯកអគ្គរដ្ឋទូតបារាំង និងអាមេរិកកាលពីថ្ងៃចន្ទ ហេីយបញ្ជាក់ថា សេរីភាពរបស់លោកនៅរងការរឹតត្បិតមិនអាចនិយាយអ្វីបាន ដោយសារថា ការហាមមិនឲ្យធ្វេីនយោបាយរបស់តុលាការនោះ មិនបញ្ជាក់ឲ្យបាន ច្បាស់ថា ជាសម្មភាពអ្វី ហើយបទចោទមកលើរូបលោកក៏មិនទាន់ត្រូវបានទម្លាក់ ចោល។
នៅលេីហ្វេសប៊ុករបស់លោក លោកកឹម សុខាបានសរសេរថា «ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស ២ឆ្នាំមក ហើយខ្ញុំនៅតែបន្ត ទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថា សេចក្តីសម្រេចក្នុងថ្ងៃនេះគឺជា ជំហានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជា ពលរដ្ឋខ្មែរដទៃទៀត ដែលបានបាត់បង់ សិទ្ធិសេរីភាពនយោបាយ នៅតែត្រូវការដំណោះស្រាយ និងយុត្តិធម៌ពិតប្រាកដ»៕