លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បន្តទទួលជួបឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោកស្រី ទីណា រេដស័រ (Tina Redshaw) នៅថ្ងៃនេះ ក្រោយពេលតុលាការបានដោះលែងលោក ដោយមានភ្ជាប់លក្ខខណ្ឌ ឬបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ជំនួបនេះកេីតឡេីង ក្រោយពេលលោកបានទទួលជួបឯកអគ្គរដ្ឋទូតមហាអំណាចនិងប្រទេសធំៗចំនួន៦ប្រទេស ក្នុងរយ:ពេលបីថ្ងៃជាប់គ្នាកន្លងមក។ នេះបេីតាមការបញ្ជាក់របស់លោកមុត ចន្ថា មន្ត្រីអតីតនាយកឧទ្ទកាល័យលោកកឹម សុខា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំ។
ជំនួបជាមួយចក្រភពអង់គ្លេសដែលជាប្រទេសមហាអំណាចលេីពិភពលោកក្នុងចំណោម៥នោះ នឹងប្រព្រឹត្តទៅនៅឯគេហដ្ឋានរបស់លោកកឹម សុខា នៅម៉ោង១០ព្រឹក ជាកន្លែងដែលលោកទទួលជួបសវនាការជាមួយមន្ត្រីការទូតនានាចាប់ផ្តេីមពីថ្ងៃទី១ គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីលោកកឹម សុខា ត្រូវតុលាការដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យត្រួតពិនិត្យរបស់តុលាការ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។ កាលពីថ្ងៃទី១៣ វិច្ឆិកា លោក កឹម សុខា បានជួបអគ្គរដ្ឋទូតប្រទេសចំនួនពីរ។
ឯកអគ្គរដ្ឋទូតទាំងពីរនោះ គឺឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ខាមិន ម៉រីណូ (Carmen Moreno) និងឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami) ប្រចាំកម្ពុជា។
ការជួបទូតសហភាពអឺរ៉ុបបានកើតឡើងចំពេលដែលសហភាពអឺរ៉ុប ទេីបបានបញ្ជូនរបាយការណ៍បឋមរបស់ខ្លួនទៅឱ្យអាជ្ញាធរកម្ពុជា ស្ដីពីលទ្ធផលនៃការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា ក្រោមលក្ខខណ្ឌ EBA។
ជំនួបនេះដូចលេីកមុនៗដែរ មិនត្រូវបានគេបញ្ជាក់ឲ្យដឹងអំពីខ្លឹមសារស៊ីជម្រៅទេ គ្រាន់តែអ្នកនាំពាក្យនៃកិច្ចប្រជុំគឺលោក មុត ចន្ថា អះអាងថា អ្នកការទូតទាំងពីរដែលតំណាងឲ្យប្រទេសផ្តល់ជំនួយធំជាងគេបង្អស់មួយ និងជាប្រទេសផ្តល់ការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា លេីកលែងតែអាវុធនោះ គឺជាការជួបសម្តែងការគួរសម និងសួរសុខទុក្ខអំពីបញ្ហាសុខភាពរបស់លោកកឹម សុខា។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ខាមិន ម៉រីណូវ (Carmen Moreno) និងឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ មីកាមិ (Masahiro Mikami) ប្រចាំកម្ពុជា មិនបានបញ្ជាក់ពីខ្លឹមសារនៃជំនួបនោះភ្លាមៗទេ។ តែបេីតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបស្តីពីលោកកឹម សុខា ចេញផ្សាយក្រោយពីជំនួបអ្នកនាំពាក្យសហភាពអឺរ៉ុបដែលប្លុកមានប្រទេសចំនួន២៨នោះ បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជួបជាមួយលោកកឹម សុខា នៅពេលព្រឹក បន្ទាប់ពីតុលាការរាជធានីភ្នំពេញ បានដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយហេតុផលសុខភាព។
អ្នកនាំពាក្យបានអះអាងថា នេះគឺជាជំហានវិជ្ជមានមួយទៅតាមទិសដៅត្រឹមត្រូវតែ«យេីងរំពឹងថាលោកកឹម សុខា នឹងត្រូវបានដោះលែង ហេីយផ្តល់សិទ្ធិធ្វេីនយោបាយជូនលោកវិញ ដូចនេះលោកកឹម សុខា អាចចូលរួមក្នុងជីវភាពនយោបាយបានពេញលេញ»។
ដោយឡែកលោកឯកអគ្គរដ្ឋទូតជប៉ុនបានសរសេីរលោកកឹម សុខា អំពីការអត់ធ្មត់របស់លោក ដេីម្បីប្រជាធិបតេយ្យនិងផលប្រយោជន៍ជាតិ។
កាលពីថ្ងៃអង្គារលោកកឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតទាំងពីររូបដែលក្នុងនោះមានលោក Christian Berger នៃប្រទេសអាល្លឺម៉ង់ដែលជាសមាជិកសំខាន់បំផុតមួយរបស់សហភាពអឺរ៉ុប និងលោកស្រី Angela Corcoran នៃប្រទេសអូស្ត្រាលី។
កាលពីថ្ងៃចន្ទ លោកកឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតចំនួនពីររូបដែរគឺលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលជាសមាជិកសំខាន់បំផុតមួយ និងឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy ប្រចាំកម្ពុជា។
អ្នកកាទូតនានាដែលបានជួប រួមទាំងលោកឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy បានជំរុញឲ្យមានការទម្លាក់បទចោទទាំងអស់ប្រឆាំងនឹងលោកកឹម សុខា និងមន្ត្រីរបស់លោកទាំងក្នុងនិងក្រៅប្រទេស ពាក់ព័ន្ធនឹងអ្វីមួយដែលថាលោកត្រូវបានចោទថាបានឃុបឃិតជាមួយជនបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកកឹម សុខា ត្រូវបានដោះលែងនិងបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីក្រុមមេធាវីបានស្នេីសុំឲ្យមានការដោះលែងលោកកឹម សុខា ដោយយោងថាថិរវេលានៃការឃុំខ្លួនដោយគ្មានការកាត់ទោសបានលេីសកំណត់ជាងពីរឆ្នាំ ហេីយមិនមានភស្តុតាងដាក់បន្ទុកលេីលោកកឹម សុខា។
ប៉ុន្តែតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌដោយផ្អែកលើហេតុផលសុខភាពនិងការសហការល្អរបស់លោកកឹម សុខា ជាមួយតុលាការ។ នេះបេីតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកកឹម សុខា បានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សហមេធាវីការពារសិទ្ធិរបស់លោកបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរ លើកលែងបទចោទមកលើរូបលោក តែលោកថា «ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ (អាទិត្យ) មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ»។
ពេលនេះលោកកឹម សុខា ត្រូវតុលាការហាមមិនឲ្យធ្វេីនយោបាយ មិនឲ្យចេញក្រៅប្រទេស និងត្រូវសហការជាមួយតុលាការ។ ប៉ុន្តែលោកអាចដេីរចេញពីផ្ទះ និងជួបជុំពលរដ្ឋ ក្រុមគ្រួសារបានលេីកលែងតែសកម្មភាពនយោបាយដែលគ្មានការបញ្ជាក់ថាជាអ្វីពិតប្រាកដដែលជាសកម្មភាពនយោបាយ បេីមិនដូច្នោះទេតុលាការអាចឃុំលោកវិញ។
លោកកឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតបារាំងនិងអាមេរិក កាលពីថ្ងៃចន្ទ ហេីយបញ្ជាក់ថា សេរីភាពរបស់លោកនៅរងការរឹតត្បិត មិនអាចនិយាយអ្វីបាន ដោយសារថាការហាមមិនឲ្យធ្វេីនយោបាយរបស់តុលាការនោះមិនបញ្ជាក់ឲ្យបានច្បាស់ថាជាសម្មភាពអ្វី ហើយបទចោទមកលើរូបលោកក៏មិនទាន់ត្រូវបានទម្លាក់ចោល។
នៅលេីហ្វេសប៊ុករបស់លោក លោកកឹម សុខា បានសរសេរថា «ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»៕