លោក​កឹម​ សុខា​ ជួបឯកអគ្គរាជទូតប្រទេសស្វីសប្រចាំតំបន់រួមទាំងកម្ពុជា

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​កឹម​ សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ នៅថ្ងៃសុក្រនេះ មានគម្រោងជួបឯកអគ្គរដ្ឋទូត ប្រទេសស្វីស (Switzerland) គឺលោកស្រី​ Helene Budliger Artieda ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុករាជាណាចក្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ជំនួប​នេះ​កេីតឡេីង ក្រោយ​ពេល​លោក​បាន​ទទួល​ជួប​ឯកអគ្គរដ្ឋទូតមហាអំណាចនិងប្រទេសធំៗចំនួន៦ប្រទេស ក្នុងរយ:ពេលបួនថ្ងៃជាប់គ្នាកន្លងមក បន្ទាប់ពីតុលាការបានដោះលែងលោក ដោយការបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ​ ។ នេះបេី​តាម​សេចក្តីប្រកាសព័ត៌មាននិងការ​បញ្ជាក់​របស់​លោក​មុត​ ចន្ថា ​មន្ត្រី​អតីត​នាយក​ឧទ្ទកាល័យ​លោក​កឹម សុខា និង​ជា​អ្នក​នាំពាក្យ​នៃ​កិច្ចប្រជុំ។

ជំនួបជាមួយឯកអគ្គរដ្ឋទូត ប្រទេសស្វីស (Switzerland) នៅល្ងាចនេះ នឹងប្រព្រឹត្តទៅនៅឯគេហដ្ឋានរបស់លោកកឹម​ ​សុខា ក្នុងរាជធានីភ្នំពេញ។

កាលពីម្សិលមិញ លោក​កឹម ​សុខា​ បាន​ជួបឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជាគឺលោកស្រី ទីណា​ រេដស័រ​(Tina Redshaw)​។

ជំនួបជាមួយចក្រភពអង់គ្លេសដែលជាប្រទេសមហា​អំណាចលេីពិភពលោកក្នុងចំណោម៥នោះ បានប្រព្រឹត្តទៅនៅឯគេហដ្ឋានរបស់លោកកឹម​ ​សុខា ជាកន្លែងដែលលោកទទួលជួបសវនាការជាមួយមន្ត្រីការទូតនានាចាប់ផ្តេីមពីថ្ងៃទី១ ​គឺថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៩​ បន្ទាប់ពីលោកកឹម​ សុខា​ ត្រូវតុលាការដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យត្រួតពិនិត្យរបស់តុលាការ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។ កាលពីថ្ងៃទី១៣ វិច្ឆិកា លោក កឹម ​សុខា បានជួបអគ្គរដ្ឋទូតប្រទេសចំនួនពីរ។

ឯកអគ្គរដ្ឋទូត​ទាំងពីរ​នោះ ​គឺ​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ ខាមិន​ ​ម៉រីណូ (Carmen Moreno) ​និង​ឯកអគ្គរាជទូត​ជប៉ុន ម៉ាសាហ៊ីរូ​ មីកាមិ​ (Masahiro Mikami) ប្រចាំកម្ពុជា។

ការជួប​ទូត​សហភាព​អឺរ៉ុប​បានកើតឡើង​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប ទេីប​បាន​បញ្ជូន​របាយការណ៍​បឋម​របស់​ខ្លួន​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចោទប្រកាន់​អំពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​លក្ខខណ្ឌ​ EBA។

ជំនួបនេះដូចលេីកមុនៗដែរ ​មិនត្រូវបានគេបញ្ជាក់ឲ្យដឹងអំពីខ្លឹមសារស៊ីជម្រៅទេ​ គ្រាន់តែអ្នកនាំពាក្យនៃកិច្ចប្រជុំគឺលោក មុត ចន្ថា អះអាងថា អ្នកការទូតទាំងពីរដែលតំណាងឲ្យប្រទេសផ្តល់ជំនួយធំជាងគេបង្អស់មួយ និងជាប្រទេសផ្តល់ការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា លេីកលែងតែអាវុធនោះ គឺជាការជួបសម្តែងការគួរសម​ និងសួរសុខទុក្ខអំពីបញ្ហាសុខភាពរបស់លោក​កឹម ​សុខា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ ខាមិន​ ​ម៉រីណូ​វ (Carmen Moreno) ​និងឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ​ មីកាមិ ​(Masahiro Mikami)​ ប្រចាំកម្ពុជា មិនបានបញ្ជាក់ពីខ្លឹមសារនៃជំនួបនោះភ្លាមៗទេ។ តែ​បេីតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបស្តីពីលោក​កឹម ​សុខា​ ចេញផ្សាយក្រោយពីជំនួប​អ្នកនាំពាក្យសហភាពអឺរ៉ុប​ដែលប្លុកមានប្រទេសចំនួន២៨នោះ បានបញ្ជាក់ថា​ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជួបជាមួយលោក​កឹម​ សុខា នៅពេលព្រឹក បន្ទាប់ពីតុលាការរាជធានីភ្នំពេញ ​បានដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ​ ដោយហេតុផលសុខភាព។

អ្នកនាំពាក្យបានអះអាងថា​ នេះគឺជាជំហានវិជ្ជមានមួយទៅតាមទិសដៅត្រឹមត្រូវ​តែ«យេីងរំពឹងថាលោកកឹម ​សុខា នឹងត្រូវបានដោះលែង ​ហេីយផ្តល់សិទ្ធិធ្វេីនយោបាយជូនលោកវិញ​ ដូចនេះ​លោក​កឹម ​សុខា អាចចូលរួមក្នុងជីវភាពនយោបាយបានពេញលេញ»។

ដោយឡែកលោកឯកអគ្គរដ្ឋទូតជប៉ុនបានសរសេីរលោក​កឹម ​សុខា អំពីការអត់ធ្មត់របស់លោក​ ដេីម្បីប្រជាធិបតេយ្យនិងផលប្រយោជន៍ជាតិ។

កាលពី​ថ្ងៃអង្គារ​លោក​កឹម​ សុខា​ បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ទាំងពីរ​រូប​ដែល​ក្នុងនោះ​មានលោក ​Christian Berger នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​សមាជិក​សំខាន់​បំផុត​មួយ​របស់​សហភាពអឺរ៉ុប​ និង​លោកស្រី​ Angela Corcoran ​នៃ​ប្រទេស​អូស្ត្រាលី។

កាលពី​ថ្ងៃចន្ទ លោក​កឹ​ម ​សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ចំនួន​ពីររូប​ដែរ​គឺ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ដែល​ជា​សមាជិក​សំខាន់​បំផុតមួយ និង​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ Patrick Murphy ប្រចាំ​កម្ពុជា។

អ្នក​កាទូត​នានា​ដែល​បាន​ជួប រួម​ទាំង​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ​Patrick Murphy បាន​ជំរុញ​ឲ្យ​មាន​ការ​ទម្លាក់បទចោទ​ទាំងអស់​ប្រឆាំង​នឹង​លោក​កឹម ​សុខា​ និង​មន្ត្រី​របស់​លោក​ទាំង​ក្នុង​និង​ក្រៅប្រទេស ពាក់ព័ន្ធ​នឹង​អ្វីមួយ​ដែល​ថា​លោកត្រូវបាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​ជនបរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន។

លោក​កឹម ​សុខា​ ត្រូវបាន​ដោះលែង​និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ក្រោយពី​ក្រុម​មេធាវី​បាន​ស្នេីសុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​កឹម ​សុខា ​ដោយ​យោង​ថា​ថិរវេលា​នៃ​ការ​ឃុំខ្លួន​ដោយ​គ្មាន​ការ​កាត់ទោស​បាន​លេីស​កំណត់​ជាង​ពីរឆ្នាំ​ ហេីយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​លេី​លោក​កឹម ​សុខា។

ប៉ុន្តែ​តុលាការ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដោយ​ផ្អែក​លើ​ហេតុផល​សុខភាព​និង​ការ​សហការ​ល្អ​របស់​លោក​កឹម ​សុខា ជាមួយ​តុលាការ។ នេះបេី​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​កឹម​ សុខា​ បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ សហ​មេធាវី​ការពារ​សិទ្ធិ​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ លើកលែង​បទ​ចោទ​មក​លើ​រូប​លោក​ តែ​លោក​ថា «ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ចៅក្រម​ក្នុង​ថ្ងៃនេះ (អាទិត្យ) មិនមែន​ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ឡើយ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ»។

ពេលនេះ​លោក​កឹម ​សុខា ត្រូវ​តុលាការ​ហាម​មិន​ឲ្យ​ធ្វេី​នយោបាយ មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស និង​ត្រូវ​សហការ​ជាមួយ​តុលាការ។ ប៉ុន្តែ​លោក​អាច​ដេីរ​ចេញ​ពី​ផ្ទះ និង​ជួប​ជុំ​ពលរដ្ឋ​ ក្រុមគ្រួសារ​បាន​លេីកលែង​តែ​សកម្មភាពនយោបាយ​ដែល​គ្មាន​ការ​បញ្ជាក់​ថា​ជា​អ្វី​ពិតប្រាកដ​ដែល​ជា​សកម្មភាព​នយោបាយ បេី​មិន​ដូច្នោះ​ទេ​តុលាការ​អាច​ឃុំ​លោក​វិញ។

លោក​កឹម​ សុខា ​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​និង​អាមេរិក កាលពី​ថ្ងៃចន្ទ​ ហេីយ​បញ្ជាក់​ថា សេរីភាព​របស់​លោក​នៅរង​ការ​រឹតត្បិត​ មិនអាច​និយាយ​អ្វី​បាន​ ដោយសារ​ថា​ការ​ហាម​មិន​ឲ្យ​ធ្វេី​នយោបាយ​របស់​តុលាការ​នោះ​មិនបញ្ជាក់​ឲ្យ​បាន​ច្បាស់ថា​ជា​សម្មភាពអ្វី ហើយ​បទចោទ​មក​លើ​រូប​លោក​ក៏​មិន​ទាន់​ត្រូវបាន​ទម្លាក់​ចោល។

នៅ​លេី​ហ្វេសប៊ុក​របស់​លោក លោក​កឹម ​សុខា បាន​សរសេរ​ថា «ក្នុងនាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់​ដែល​ត្រូវបាន​រង​ការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​២ឆ្នាំ​មក​ហើយ ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​មក​លើ​រូបខ្ញុំ។ ខ្ញុំ​រំពឹង​ថា​សេចក្តី​សម្រេច​ក្នុង​ថ្ងៃនេះ​គឺជា​ជំហាន​ទី១ ប៉ុន្តែ​រូបខ្ញុំ​ក៏​ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​នៅតែ​ត្រូវការ​ដំណោះស្រាយ​និងយុត្តិធម៌​ពិត​ប្រាកដ»៕