មេធាវី៖ លោក កឹម សុខា នឹង​ចូលរួម​ក្នុង​សវនាការ​នៅ​ថ្ងៃពុធ

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន បន្ទាប់ពី​សវនាការ​នៅ​តុលាការ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ​២០២០។

លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ ​នឹង​ចូល​រួម​សវនាការ​ក្នុង​រឿង​ក្តី​របស់​លោកដោយ​ផ្ទាល់​នៅ​ថ្ងៃ​ពុធ​ ទី​១៩ ​ខែ​មករា ​ឆ្នាំ​២០២២​នេះ ​ក្រោយ​ពី​សវនាការ​នេះ​ បាន​ផ្អាក​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​កន្លង​មក​នេះ។ ​នេះ ​បើ​យោង​តាម​មេធាវី​របស់​លោក។

លោក ​ផែង ហេង ​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ​ក្តី​៤​នាក់​របស់​លោក ​កឹម សុខា ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​ថា ​លោក​ កឹម សុខា ​នឹង​មាន​វត្តមាន​នៅ​តុលាការ​ ដោយ​មាន​មេធាវី​ការពារ​ក្តី​ទាំង​៤​រូប​ចូលរួម​ផង​ដែរ។​

លោក​ កឹម សុខា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព ​ឬ​ឃុបឃិត​ជាមួយ​បរទេស ក្រោយ​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចូល​ចាប់​ខ្លួន​ទាំង​កណ្តាល​អាធ្រាត្រ​កាល​ពី​យប់​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧។​

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​កន្លង​មក​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ​ដោយ​អះអាង​ថា​ នេះ ​ជា​ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ។

តុលាការ​ក្រុង​ភ្នំពេញ ​បាន​សម្រេច​ផ្អាក​សវនាការ​លើ​សំណុំ​រឿង​ក្តី​របស់​លោក កឹម សុខា ​កាល​ពី​ដើម​ឆ្នាំ​២០២០ ​ដោយ​លើក​យក​បញ្ហា​ជំងឺ​កូវីដ​១៩ ​ជា​ហេតុផល។​

កាល​ពី​សប្តាហ៍​មុន ​លោក ​សម រង្ស៊ី ​ប្រធាន​មួយ​រូប​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក ​«ចង់​ឡើង​តុលាការ​ជំនួស​លោក កឹម សុខា»៕