អ្នកឃ្លាំមើល​៖ សវនាការ​លោក​កឹម សុខា បង្ហាញ​ភាព​ចម្រូង​ចម្រាស​ច្រើន​នៃ​ប្រភព​ភស្តុតាង

រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ក្រុម​អ្នក​ឃ្លាំ​មើល​សវនាការ​កាត់​ទោស​លោក​ កឹម សុខា​ មេដឹកនាំ​បក្ស​ជំទាស់​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ បាន​ថ្លែង​នៅថ្ងៃសុក្រ​នេះ​ថា​ សវនា​ការ​រយៈពេល​ពីរថ្ងៃចុង​ក្រោយ​នៃ​សប្តាហ៍​ទីប្រាំ​របស់​លោក ​កឹម​ សុខា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ភាព​ចម្រូង​ចម្រាស​នៃ​ឯកសារ​ភស្តុតាង ​និង​ភាព​លម្អៀង​របស់​តុលាការ​ សម្រាប់​គូ​ភាគី​តតាំង​ក្តី។

លោក​ ស៊ឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) ​ដែល​ជា​អង្គការ​សិទ្ធិមនុស្ស​មួយ​ក្នុង​ចំណោម​អង្គការ​ផ្សេង​ទៀត​ដែល​បាន​តាមដាន​ដំណើរ​ការកាត់​ក្តី​នេះ​បា​នប្រាប់​ VOA ថា៖ «ក្នុង​សប្តាហ៍​ទីប្រាំនេះ​ យើង​ឃើញ​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន​ ជា​ការណ៍​ពិត​ហ្នឹង​ចម្រូង​ចម្រាស​តាំង​ពី​នីតិវិធី​ នៅ​ក្នុង​សប្តាហ៍​ទី​បួន​ម្ល៉េះ​រឿង​ ពាក់​ព័ន្ធ​ទៅនឹង​ការ​បញ្ជាក់​ទៅលើ​ការ​ដាក់​ភស្តុតាង​ ឬ​ក៏​ទទួល​ភស្តុតាង​ហ្នឹង​ គឺ​មាន​ភាព​មិន​សុចរិតភាព​ អី​ជាដើម​ហ្នឹង​ឯង»។

លោក​បន្ថែម​ថា៖ «ហើយ​ការ​ធ្វើ​ហឹ្នង​ គឺ​មាន​ការ​ចម្រូង​ចម្រាស​ ទាំង​ភាគី​អយ្យការ​ ភាគី​ដើមបណ្តឹង​រដ្ឋ​ប្បវេណី ​ហើយ​និង​ភាគី​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ អីជាដើម។ អ៊ីចឹង​រឿង​ហ្នឹង​ គឺ​បន្ត​ដេញដោល​គ្នា​ ស្ទើ​តែ​គ្រប់ដំណាក់​កាល​នៃ​សវ​នា​ការ​ នៃ​សប្តាហ៍​នីមួយៗ​ទាំង​អស់​ហ្នឹង ហើយ​បើ​យើង​បញ្ជាក់​មក​សប្តាហ៍​ចុង​ក្រោយ​នេះ​ រឹត​តែ​មាន​ស្ថានភាព​តាន​តឹង​ទៅ​ទៀត»។

មន្ត្រីសិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​រូប​នេះ​ បាន​ពណ៌នា​ថា​ ស្ថានភាព​ដែល​តាន​តឹង​ខ្លាំង​នោះ​ គឺ​នៅ​ពេល​ក្រុម​ស្មាក្តី​របស់​លោក កឹម​ សុខា​ បោះបង់​ទីលាន​តតាំង​ក្តី នៅ​ពេល​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​កើត​មាន​នូវ​ភាព​លម្អៀង​របស់​ចៅក្រម​លើ​ការ​ផ្តល់​ពេល​សម្រាប់​តស៊ូ​មតិ​ដល់​ភាគី​ស្មាក្តី​សង​ខាង។

«ភាគី​ចៅក្រម​ក្រុម​ប្រឹក្សា​វិញ​ គឺ​កាន់​តែ​មាន​ការ​ស្រប​ជា​មួយ​នឹង​តំណាង​ភាគី​តំណាង​អយ្យការ​ ភាគី​ខាង​មេធាវីដើម​បណ្តឹង​រដ្ឋប្បវេណី​ជា​ដើមអ៊ីចឹង​ ហើយ​ផ្តល់​ឱកាស​ច្រើន​ទៅ​ដល់​ខាង​ភាគី​ទាំង​ពីរ​ហ្នឹង​ ទាំង​តំណាង​អយ្យការ​ ទាំង​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​ហ្នឹង​ ចឹង​ហើយ​ សម្ពាធ​មក​ភាគី​មេធាវី​ការ​ពារ​ក្តី​លោក​ កឹម សុខា ​ហ្នឹង​ជា​បន្តបន្ទាប់​ចឹង​ទៅ​រហូត​ទៅដល់​មាន​សភាព​តាន​តឹង​ខ្លាំង ហើយ​ក្នុង​ភាគី​ហ្នឹង​ គឺ​យើង​ឃើញ​ហើយ​ មានការ​ដាក់​សម្ពាធ​ហ្នឹង​ហាក់​ដូច​ជា​ លក្ខណៈផ្ចាញ់​ផ្ចាល​គ្នា​ ហើយ​យក​ចាញ់​យក​ឈ្នះ​គ្នា​ ដោយ​មាន​ពាក្យ​មិន​សមរម្យ​ជា​ច្រើន​ ដែល​យើង​មិន​គួរ​ណា​ប្រើ​ក្នុង​នាម​ចៅ​ក្រម​ក្តី​ ឬក៏​មេធាវី​ក្តី​ហ្នឹង​ យើង​មិន​គួរ​ប្រើ​ទេ​ ដូច​ជា​ពាក្យ​មេធាវី​ទំនើង​អីចឹង​ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះ​ទង្គិច​នៅ​ក្នុង​ផ្លូវ​អារម្មណ៍​របស់​អ្នក​ទាំង​អស់​ហ្នឹង»។

លោក ​កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣ ​ខែ​កញ្ញា​ នៅ​ឆ្នាំ ​២០១៧ ​ភ្លាមៗ​ក្រោយពេល​វីដេអូ​របស់​លោក​ជាង​១ម៉ោង​ដែល​លោក​បាន​ថ្លែង​នៅឆ្នាំ ២០១៣​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ​គឺ​គណបក្ស​កាន់​អំណាច​នោះ ​ត្រូវ​ប្រទះ​ឃើញ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ឡើង​វិញ។

លោក ​កឹម សុខា ត្រូវ​បាន​ចោទពី​បទ​ «សន្ទិដ្ឋិភាព» ឬ​រួម​គំនិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ទាំង​លោក​ កឹម សុខា​ និង​សហរដ្ឋ​អាមេរិក​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

លោក​ កន សាវាង្ស​ មន្រ្តី​សម្រប​សម្រួល​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា ខុមហ្វ្រែល ​យល់​ថា​ ការ​បង្ហាញ​ភស្តុតាង​នៅ​ក្នុង​សវនាការ​កាត់​ទោស​លោក កឹម សុខា​ បាន​ក្លាយ​ជាបញ្ហា​ធំមួយ​ដែល​គ្របដណ្តប់​ទីលាន​រក​យុត្តិធម៌​ឲ្យ​លោក កឹម សុខា។

«អ៊ីចឹង យើង​ឃើញ​ថា​ បញ្ហា​នេះ​ ហាក់​ដូច​ជា​មានការ​ពង្វាង​ ឬ​មួយ​ក៏​ជា​ចំណុច​មួយ​ដែល​ដូច​ជា​មិន​ច្បាស់​លាស់​នៃ​ការ​បញ្ជាក់​អំពី​ឯកសារ​ហ្នឹង​ថា​ តើ​ពេល​ណា​ ឬក៏​បកស្រាយ​យ៉ាង​ម៉េច​បាទ​ នេះ​គឺ​អ្វី​ដែល​យើង​មើល​ឃើញ ​គឺ​ថា​បញ្ហា​រឿង​ពាក់​ព័ន្ធ​ហ្នឹង​ឯកសារ​ហ្នឹង គឺ​រឿង​ធំ​តែ​ម្តង​បាទ»។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ចៅក្រម កូយ ​សៅ ​ដែល​ជាប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សវនា​ការ​លោក​ កឹម សុខា​ និង​លោក​ លី ច័ន្ទតុលា​ មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​ ឬ​ជា​អ្នក​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​ស្មាក្តី​ទាំងបួន​រូប​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​លោក ​កឹម សុខា​ បាន​ដើរ​ចេញ​ពី​បន្ទប់​តុលាការ​ ហើយ​បាន​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៃ​បំណែក​ភស្តុ​តាង​មួយ​ និង​ការណ៍​ដែល​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​លើក​ពី​ការ​មិន​សុខចិត្ត​របស់​ពួកគេ​នៅ​ក្នុង​តុលាការ។

បំណែក​ភស្តុតាង​ស្ថិត​ក្នុង​ការ​សួរ​ដេញ​ដោល​នោះ ​គឺ​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែល​លោក​ចៅ​ក្រម ​សេង​ លាង​ អះអាង​ថា​ ធ្វើ​ឡើង​ដោយ​លោក ​សម រង្ស៊ី​ និង​លោក ​កឹម សុខា​ ក្នុង​អំឡុង​ពេលនៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។

បំណែក​ភស្តុតាង​នេះ​គឺ​ស្ថិត​ក្នុង​កញ្ចប់​ឯកសារ​មួយ​មាន​លេខ​សម្គាល់​១២៦​ ដែល​ដើម​ឡើយតំណាង​អយ្យការ​លោក ​ប្លង់​ សុផល​ ថា​ ជា​ឯកសារ​«លេខ៥»។

ក្រុម​ស្មាក្តីលោក កឹម សុខា​ បាន​តវ៉ា​យ៉ាង​ខ្លាំង​មុន​ពេល​ពួកគេ​ដើរ​ចេញពី​សវនាការ​កាលពី​ថ្ងៃព្រហស្បតិ៍​ ដោយ​អះអាងថា​ ពួកគេ​មិន​ដែល​ទទួល​បាន​ឯកសារ​លេខ១២៦​នេះ​ទេ។

លោក​ ចាន់​ ចេន​ សហ​មេធាវី​មួយ​រូប​របស់​លោក ​កឹម សុខា​ បាន​ស្នើ​ឲ្យចៅក្រម​ប្រគល់​ឯកសារ​នេះ​ ទៅ​សហភាតា​របស់​លោក​ដែល​មក​ការពារ​ក្តី​ក្រោយ​គេ​ឲ្យ​លោក​ កឹម សុខា​ គឺ​លោក​ អាង ឧត្តម​ ដែល​រង​ការ​ស្តី​បន្ទោស​យ៉ាង​ចាស់​ដៃ​ពី​លោក​ចៅក្រម​កូយ សៅ​ ចំពោះ​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រភព​នៃ​សំណុំ​ឯកសារ​លេខ​១២៦​ដែល​មាន​ជាង​១០០០ សន្លឹក​នោះ។

លោក​ ផែង ហេង​ សហមេធាវី​មួយរូប​របស់​លោក កឹម សុខា​ ប្រាប់ VOA ​ថា​ ខាងក្រុម​ស្មាក្តីរបស់​លោក ​កឹម សុខា​ កំពុង​រង់ចាំ​មើល​ថា​ លោក​ អាង ឧត្តម​ បាន​ទទួល​ឯកសារ​គ្រប់គ្រាន់​ហើយ​ឬ​នៅ។ លោក​បន្ថែម​ថា​ ក្រុម​ស្មាក្តី​នឹង​បន្ត​ចូលរួម​នីតិវិធី​កាត់​ទោស​លោក ​កឹម សុខា​ ដដែល​ ឯ​ការ​តវ៉ា​នឹង​ធ្វើ​បន្ត​ទៀត​ ប្រសិន​បើ​ក្រុម​ស្មា​ក្តី​ពើប​ប្រទះ​នឹង​ភាព​មិន​ប្រក្រតី​ទៀត​នោះ។

«បាទ​អាស្រ័យ​លើ​គុណភាព​ឯកសារ​សិន យើង​មើល​ថា​ មាន​សុចរិតភាព​អត់​ គុណភាព​អត់​ យើង​មិនមែន​ ទៅ​ការ​ពារ​ក្តី​តាម​ គេ​ថា​ កៗ ខៗ​ អាហ្នឹង​ កូនក្តី​គេម៉េច​ ពឹងពាក់ឲ្យ​យើង​ទៅ​ធ្វើ​ជា​អ្នក​ច្បាប់​ ដើម្បី​មើល​នីតិវិធី​ឲ្យ»។

យ៉ាង​ណាក៏​ដោយ​ ក្រុម​អ្នកឃ្លាំ​មើល​ការ​កាត់​ក្តី​លើកឡើង​ថា​ សំណុំរឿង​របស់​លោក​ កឹម សុខា នេះ​ គឺ​មាន​ចរិត​នយោបាយ​ ដែល​ពិបាក​នឹង​បញ្ចប់​តាម​ផ្លូវ​តុលាការ​នោះ។​ ពួក​គេ​ថា​ ការ​កាត់​ទោស​លោក​ កឹម សុខា​ នឹង​មិន​អាច​ធ្វើ​ឡើង​តែ​ប្រមាណ​២ ឬ៣​ខែ​នោះ​ទេ​ ព្រោះ​បើ​ពិនិត្យ​ទៅ​លើ​ភស្តុតាង​ដែល​យក​មក​គាំទ្រ​អង្គហេតុ​នីមួយៗមាន​ភាព​ចម្រូង​ចម្រាស​ច្រើន​ ហើយ​តុលាការ​ក៏ត្រូវ​ហៅ​ភាគី​ផ្សេង​ទៀត​ ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ ដូច​បទ​ចោទ​ប្រកាន់​មក​លើ​លោក កឹម​ សុខា​ ផង​ដែរ។

លោក​ ផែង ហេង​ មេធាវីការ​ពារក្តីលោក កឹម សុខា មាន​ប្រសាសន៍​ថា​ លោក​ទុកឲ្យ​មហាជន​វាយ​តម្លៃ​ទៅ​លើ​សំណុំរឿង​របស់​លោក កឹម សុខា​ ថា​ មាន​ជាប់​ហេតុផល​នយោបាយ​ ឬក៏​ជា​រឿង​ដែល​ត្រូវ​រក​ស និង​ខ្មៅ​ ទៅ​តាម​សំណៅ​ច្បាប់​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

ដោយ​ឡែក​ភាគី​មេធាវី​ដើម​បណ្តឹង​រដ្ឋាភិបាល​ បាន​លើកឡើង​នៅ​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួកគេ​មិន​ចង់​មាន​ការ​អូស​បន្លាយ​ពេល​នៃ​សវនាការ​ ដោយ​សារ​តែ​ការ​តវ៉ា​មិន​ឈប់​ឈរ​ចំពោះ​ឯកសារ​ភស្តុតាង​នីមួយៗ​នោះ​ទេ​ ព្រោះ​ពួកគេ​ក៏​ចង់​បាន​យុត្តិធម៌​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៕